ការចរចា​ជុំ​ទី​៧​ ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ី​រ៉ង់​ត្រូវ​ពន្យារ​កាលពី​ថ្ងៃ​សុក្រ ទី ​៣ វិច្ឆិកា ដោយ​អឺរ៉ុប​ព្រមាន​ថា អ៊ីរ៉ង់បាន​ដើរ​ថយក្រោយ​រាល់​វឌ្ឍនភាព​ការទូត​ពី​​មុន​ទាំងអស់ ហើយ​បាន​បង្កើនល្បឿន​កម្ម​​វិធី​នុយក្លេអ៊ែរ​របស់ខ្លួន ធ្វើឱ្យ​អ្នកវិភាគ​មួយចំនួន​ព្រួយបារម្ភ​ថា ការចរចា​អាច​បរាជ័យ​នៅ​សប្ដាហ៍​ក្រោយ និង​អាច​ជំរុញ​ឱ្យ​អ៊ី​ស្រា​អែល​ធ្វើការ​វាយប្រហារ​បន្ថែម​ទៀត​ក្នុងអ៊ី​រ៉ង់ ​ប្រសិនបើ​មិន​កែប្រែ​ការ​ទាមទារ​របស់ខ្លួន​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន អ៊ីរ៉ង់បាន​ចែកចាយ​ឯកសារ​ចំនួន​ ២​ ក្នុងការ​​ចរចា ដែល​ក្នុងនោះ​ពួកគេ​បានបង្ហាញ​ការ​​ទាមទារ​របស់​ពួកគេ​អំពី​ការដក​ទណ្ឌកម្ម និង​ការដាក់​កំណត់​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ពួកគេ​។​

​មហាអំណាច​អឺរ៉ុប​ចំនួន​ ៣ គឺ​អាល្លឺម៉ង់ បារាំង និង​អង់គ្លេស បានបង្ហាញ​ភាព​ការមិន​ពេញចិត្ត​ចំពោះ​ឯកសារ​អ៊ី​រ៉ង់ ដោយ​ពួកគេ​និយាយថា នេះ​គឺ​ជំហរ​ជ្រុលនិយម​របស់​អ៊ី​រ៉ង់ ហើយ​ជា​ការដើរថយក្រោយ​ទៅលើ​បញ្ហា​ជាច្រើន​ ដែល​ត្រូវបាន​យល់ព្រម​ដោយ​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​ ហាស្សាន រ៉ូ​ហា​នី នៅក្នុង​អត្ថបទ​ដែល​ព្រាង​ដោយ​កិច្ចចរចា​លើក​ទី​៦​ នៅក្នុង​ខែមិថុនា​។

ប្រធានាធិបតី​ថ្មី​របស់អ៊ី​រ៉ង់​លោក អ៊ី​ប្រា​ហ៊ីម រៃ​ស៊ី និង​ជា​អ្នកនយោបាយ​អភិរក្សនិយម បាន​ព​ន្លឿ​ន​កម្មវិធី​នុយ​ក្លេ​អ៊ែរ​របស់​អ៊ី​រ៉ង់​យ៉ាងខ្លាំង​ហើយ​បានបង្ហាញ​សញ្ញា​ថា លោក​នឹង​ប្រកាន់​ជំហរ​តឹងរ៉ឹង​ក្នុង​ការចរចា​។​

​ប្រទេស​មហាអំណាច​អឺរ៉ុប​ទាំង ​៣ ​ខាងលើ​បាន​រៀបរាប់​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​៖ «​ជាង ​៥ ​ខែ​មុន អ៊ីរ៉ង់​បាន​រំខាន​ការចរចា​។ ចាប់តាំងពី​ពេលនោះ​មក អ៊ីរ៉ង់បាន​បញ្ជូនបន្ត​យ៉ាង​ឆាប់រហ័ស​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។ នៅ​សប្ដាហ៍​នេះ ពួកគេបាន​ដើរ​ថយក្រោយ លើ​វឌ្ឍនភាព​ការទូត​ដែល​បានធ្វើ​ឡើង​»​។​

​ពួកគេ​និយាយថា ការពន្យារ​ពេលនេះ​ដើម្បី «​អនុញ្ញាតឱ្យ​គណៈប្រតិភូ​ត្រឡប់​ទៅ​រដ្ឋធានី​ ដើម្បី​វាយតម្លៃ​ស្ថានភាព និង​ស្វែងរក​ការណែនាំ​» មុនពេល​ប្រជុំ​ឡើងវិញ​នៅ​សប្ដាហ៍​ក្រោយ «​ដើម្បី​មើលថា តើ​ចន្លោះប្រហោង​អាច​ត្រូវបាន​បិទ​ឬ​អត់​?»​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ អាន​តូ​នី ប្ល៊ី​ន​កែន និយាយថា​៖ «​ហាក់ដូចជា​មិនបាន​តាំងចិត្ត​ក្នុងការ​ធ្វើ​អ្វីដែល​ចាំបាច់​» ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង ហើយ​បាន​ប្ដេជ្ញា​ថា​នឹងមិន​ឱ្យ​អ៊ី​រ៉ង់​ធ្វើការ​ពន្យារ​ការចរចា​​ ខណៈពេលដែល​ពួកគេ​ព​ន្លឿ​ន​កម្មវិធី​នុយក្លេអ៊ែរ​។​

​ជាការ​ឆ្លើយតប​នឹង​សេចក្ដីថ្លែងការណ៍​របស់​អំណាច​អឺរ៉ុប អ្នកចរចា​របស់​រុស្ស៊ី មី​ខា​អែល អ៊ូ​លី​យ៉ា​នូវ បាន​និយាយថា «​ការស្រងាកចិត្ត​ហាក់ដូចជា​ឆាប់​ពេក​» ដោយសារ​ការកែប្រែ​អាច​នៅ​ធ្វើបាន​។​

​អនុរដ្ឋមន្ត្រី​ការបរទេសអ៊ី​រ៉ង់ និង​អ្នក​ដឹក​នាំ​គណៈប្រតិភូ​លោក​ អា​លី បា​ហ្គា​រី កា​នី​បាន​និយាយថា អឺរ៉ុប​ពិតជា​មិន​សប្បាយ​​ចិត្តនឹង​សំណើ​អ៊ី​រ៉ង់​មែន​។ លោក​និយាយថា​៖ «​ពួកគេ​បាន​ប្រាប់​យើង​ថា សំណើ​ទាំងនេះ​មិន​សមស្រប​នឹង​ទស្សនៈ​របស់​ពួកគេ​ទេ ហើយ​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា វា​ជា​រឿង​ធម្មតា​។ យើង​នឹងមិន​ផ្តល់​សំណើ​ដែល​ស្របតាម​ទស្សនៈ​របស់​អ្នក​ទេ យើង​និយាយ​រឿង​ស្របតាម​ទស្សនៈ និង​ផល​ប្រយោជន៍​របស់​យើង​ផ្ទាល់​»​។​

​លោក​ បា​ហ្គា​រី បាន​និយាយថា «​រឿង​សំខាន់​គឺថា សំណើ​ទាំងនេះ គឺ​ផ្អែកលើ​គោលការណ៍​ដែល​ត្រូវបាន​ទទួលយក​ដោយ​ភាគី​ផ្សេងទៀត​ផងដែរ​» ហើយ​បន្ថែមទៀតថា ភាគី​ផ្សេងទៀត​មិនបាន​ចោទសួរ​ពី​ភាពស្របច្បាប់ ឬ​ភាព​ពាក់ព័ន្ធ​នៃ​សំណើ​របស់​អ៊ី​រ៉ង់​ទេ​។​

​ខណៈពេលដែល​ការចរចា​នៅ​ក្រុង​វី​យែ​ន កំពុង​ប្រព្រឹត្តទៅ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) ដែល​ភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការ​សហ​ប្រជាជាតិ បាន​រាយការណ៍​ថា អ៊ីរ៉ង់​បានចាប់ផ្ដើម​ដំណើរការ​បន្សុទ្ធ​សារធាតុ​អ៊ុយ​​រ៉ានី​ញ៉ូ​ម​រហូតដល់ ​២០ ​ភាគរយ​នៅ​រោង​​ចក្រ ​១ ​កន្លែង​ទៀត​។ ការ​បន្សុទ្ធ​ដល់​កម្រិត​នេះ​ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុងការ​​ផលិត​អាវុធ​នុយក្លេអ៊ែរ ហើយ​ការ​ប៉ាន់​​ស្មាន​រយៈពេល​ដែល​អ៊ី​រ៉ង់​ត្រូវការ​ ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​ធ្លាក់​ពី ១ ​ឆ្នាំ​មក​សល់​ត្រឹមតែ​ ១​​ ខែ​ប៉ុណ្ណោះ​។ អ៊ីរ៉ង់​បាន​ច្រានចោល​ថា ខ្លួន​គ្មាន​បំណង​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទេ​។​

​ភាគី​លោកខាងលិច​ទំនងជា​នឹង​ត្រឡប់​ទៅ​កិច្ចចរចា​វិញ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ ប៉ុន្តែ​ប្រសិនបើ​ការចរចា​បរាជ័យ ពួក​​គេ​មាន​ជម្រើស​ក្នុងការ​បញ្ជូនអ៊ី​រ៉ង់​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​​ប្រជាជាតិ​សម្រាប់​ការរំលោភ​លើ​កាត​ព្វ​​កិច្ច​របស់ខ្លួន​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥​។ វា​អាចទៅរួច​ដែលថា អ៊ីរ៉ង់​នឹង​ឆ្លើយតប​ទៅនឹង​ការលើកឡើង​បែបនេះ ដោយ​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ហាម​ឃាត់​ការបង្កើត​អាវុធ​នុយក្លេអ៊ែរ ហើយ​បដិសេធ​មិន​ចូលរួម​ម្តងទៀត លុះត្រាតែ​អ៊ី​ស្រា​អែលត្រូវគេ​តម្រូវឱ្យ​ចូលរួម​៕