អ្នកនាំពាក្យ​រដ្ឋាភិបាល​យោធា​ដែល​កំពុង​គ្រប់គ្រង​អំណាច​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន ​AFP​ ថា តុលាការ​មីយ៉ាន់ម៉ា​មួយ​នៅ​ថ្ងៃ​ទី​ ៦ ធ្នូនេះ ​បាន​កាត់ទោស​លោក​ស្រី​ អ៊ុងសាន​ ស៊ូជី​ ឱ្យ​ជាប់​ពន្ធនាគារ ​៤ ​ឆ្នាំ ​ជុំវិញ​ការ​ញុះញង់​ឱ្យ​ប្រឆាំង​យោធា ​និង​បំពាន​គោលការណ៍​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​។

អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​យោធា​លោក Zaw Min Tun ​បាន​និយាយ​ថា​ លោក​ស្រី​ស៊ូជី ​ត្រូវ​កាត់ទោស​ឱ្យជាប់​ពន្ធ​នាគារ​២ឆ្នាំ​នៅ​ក្រោម​មាត្រា​ ៥០៥ ​(ខ) និង​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ទៀត​នៅ​ក្រោម​ច្បាប់​មហន្តរាយ​ធម្មជាតិ។

លោក​បាន​និយាយថា​ អតីត​ប្រធានា​ធិបតី​ លោក Win Myint ​ក៏​ត្រូវ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ​ ក្រោម​បទ​ចោទ​ប្រកាន់​ដូចគ្នា​ ដោយ​បាន​បន្ថែម​ថា ​ពួកគេ​នឹង​ទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ទេ។

លោក​បា​នបន្ថែមថា៖ «ពួកគេ​នឹង​ប្រឈម​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ទៀត​មក​ពីកន្លែង​នានា ​ជា​ទី​ដែល​ពួកគេ​កំពុង​ស្នាក់​នៅ​នាពេល​បច្ចុប្បន្ន​នៅ​ក្នុង​រដ្ឋធានី​ណៃ​ពិដោ​ ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិតបន្ថែម​ទៀត​ឡើយ»។

លោកស្រី អ៊ុងសាន ​ស៊ូជី​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​ ចាប់តាំង​ពី​ក្រុម​ឧត្តមសេនីយ៍​ បាន​បណ្តេញ​រដ្ឋាភិបាល​របស់​លោកស្រី​កាលថ្ងៃ​ទី ១​ ខែ​កុម្ភៈ ​ដោយ​បាន​បញ្ចប់​ការគ្រប់គ្រង​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​រយៈពេល​ខ្លី​នៅ​ប្រទេស​មីយ៉ាន់ម៉ា៕