តុលាការ​ឧទ្ធរណ៍​ហ្វីលីពីន ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅបាន​អនុញ្ញាត​ឱ្យ​អ្នកស្រី Maria Ressa ជា​ស្ថាបនិក​សារព័ត៌មាន Rappler ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ន័រវែសដើម្បី​ទទួល​ពាន​ណូបែល​សន្តិភាព។

អ្នកស្រីRessaនិង​សារព័ត៌មានRapplerបាន​រង​ពាក្យ​បណ្ដឹង​ពាក់ព័ន្ធ​រឿង​គេច​ពន្ធនិង​បទ​ល្មើស​ជា​ច្រើន​ទៀត ហើយ​កាល​ពី​ឆ្នាំ២០២០ កន្លង​ទៅ តុលាការ​បាន​កាត់​ទោស​ឱ្យ​អ្នក​ស្រី​ជាប់​ពន្ធនាគារ​ចំនួន៦ឆ្នាំ ក្រោម​បទ​ល្មើស​បរិហារកេរ្តិ៍​តាម​ប្រព័ន្ធ​អនឡាញ។ក្រោយ​មក​អ្នកស្រី​ត្រូវ​បាន​ដោះលែងដោយ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ។

អ្នក​តាមដាន​ស្ថានភាព​ក្នុង​ស្រុក​ហ្វីលីពីន​ជា​ច្រើន​យល់​ឃើញ​ថា អ្នកស្រី​Ressaជា​អ្នក​រិះគន់​យ៉ាង​ចាស់​ដៃ​ចំពោះ​គោលនយោបាយ​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីនរ៉ូឌ្រីហ្គោ ឌូតឺតេ ជា​ពិសេស​គឺគោលនយោបាយ​សង្គ្រាម​ប្រឆាំង​នឹង​គ្រឿង​ញៀន​នេះ​តែ​ម្ដង។

កាល​ពី​ខែ​តុលា​កន្លង​ទៅ អ្នកស្រី​បាន​ឈ្នះ​ពាន​ណូបែល​សន្តិភាពជាមួយ​នឹង​អ្នក​កាសែត​ជនជាតិ​រុស្ស៊ី​ដោយ​គណៈកម្មការ​ណូបែល​ន័រវែស​ បាន​ចាត់​ទុក​អ្នក​កាសែត​ទាំង២ជា​អ្នក​ការពារ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ពិភពលោក។

​ការ​ប្រគល់​ពាន​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ២០២១​នេះ នឹង​ធ្វើ​ឡើង​ផ្ទាល់​នៅ​ឯ​ទីក្រុង​អូស្លូប្រទេស​ន័រវែស នៅ​ថ្ងៃ​ទី១០ខែ​ធ្នូ។

ស្ថិត​ក្នុង​ទិដ្ឋភាព​នេះ​ដែរតុលាការ​ឧទ្ធរណ៍​ហ្វីលីពីន​ក៏​សម្រេច​ឱ្យ​អ្នកស្រីRessaចាកចេញ​ពី​ប្រទេស​រយៈពេល៥ថ្ងៃ​ ដើម្បី​ទៅ​ទទួល​ពាន​ណូបែល​សន្តិភាព៕

ហ៊ីម រដ្ឋា