ដូហា: ​ប្រធានាធិបតី​បារាំង​ លោក ​​អេម៉ានុយអែល ​ម៉ាក្រុង ​(Emmanuel Macron)​រៀប​រាប់​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​កំពុង​ធ្វើ​ការ​លើ​ការ​បើក​បេសកកម្ម​ការ​ទូត​រួម​គ្នា​ជាមួយ​បារាំង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​អាច​ឱ្យ​ឯក​អគ្គរដ្ឋ​ទូត​របស់​​ខ្លួន​​វិល​​ត្រឡប់​​មក​​កាន់​​ប្រទេស​​កំណើត​​វិញ​​​​។​​​

​លោក​Macron ​​ប្រាប់​អ្នក​យកព័​ត៌មាន​នៅ​រាជធានី​ដូហា​ប្រទេស​កាតា​​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​Jeddah ​​ប្រទេស​អារ៉ាប៊ី សាអ៊ូ​ឌីត​ថា​៖​ «​យើង​កំពុង​គិត​ពី​អង្គការ​មួយ​រវាង​ប្រទេស​អឺរ៉ុប​នានា​ ពី​ទីតាំង​ទូទៅ​សម្រាប់​ជន​ជាតិ​អឺរ៉ុប​មួយ​ចំនួន​ ដែល​នឹង​អនុញ្ញាត​ឱ្យ​ឯកអគ្គរដ្ឋទូ​ត​របស់​យើង​មាន​វត្តមាន​»​។​ ​

បណ្តា​ប្រទេស​លោក​ខាង​លិច ​​កំពុ​ង​រិះរក​វិធី​ដើម្បី​ចូល​រួម​ជាមួយ​ពួក​តាលីបង់​ បន្ទាប់​ពី​ក្រុម​នេះ​ ចូល​កាន់​កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ខែ​សីហា​ ក្រោយ​​អាមេរិក​​បញ្ចប់​ការ​ដកទ័​ពរបស់​ខ្លួន​។ សហរដ្ឋអាមេរិក​ និង​​លោក​ខាង​លិច​ផ្សេង​ទៀត បាន​បិទស្ថាន​ទូត​​ និងដ​ក​អ្នក​ការ​ទូត​របស់​ខ្លួន​ចេញ​ ពេលដែល​​តាលីបង់​​ដណ្តើម​បាន​រដ្ឋ​ធានី​​កាប៊ុល​ និង​ប្រកាស​ពី​រដ្ឋាភិបាល​បណ្តោះអាសន្ន​ដែល​សមាជិក​កំពូល​ស្ថិត​នៅ​ក្រោម​ទណ្ឌកម្ម​ក្រុង​វ៉ាស៊ីនតោន​ និង​អង្គការ​សហ​ប្រជាជាតិ​។​

ប្រទេស​នានា​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទទួល​ស្គាល់​រដ្ឋា​ភិបាល​របស់​ក្រុម​តាលីបង់​ដែល​គ្រប់​គ្រង​ភាគច្រើន​ដោយ​ក្រុមជនជាតិ​​Pashtun ​ជា​ផ្លូវ​ការ​ ដោយ​ចោទ​ប្រកាន់​ពួក​គេ​ថា​មិន​ធ្វើ​តាម​ការ​សន្យា​នៃ​ការ​រួម​បញ្ចូល​គ្នា​ផ្នែក​នយោបាយ​ និង​ជន​ជាតិ​ភាគ​តិច​ចម្រុះ​ រួម​ទាំង​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី ​និង​ជន​ជាតិ​ភាគ​តិច​។​

​លោក​ Macron​លើកឡើង​​ថា​៖​ «​នេះ​គឺ​ជា​ការ​បោះ​ជំហាន​ខុស​ពី​ការ​ទទួល​ស្គាល់​នយោបាយ​ ឬ​កិច្ច​សន្ទនា​នយោបាយ​ជាមួយ​ពួក​តាលីបង់​។​ យើង​នឹង​មាន​ការ​តំណាង​ភ្លាម​ៗ​តាម​ដែល​យើង​អាច​បើក ​បា​ន​​​»​។

​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ជាមួយ​ពួក​តាលីបង់​កាល​ពី​១សប្តាហ៍​មុន​ សហភាព​អឺរ៉ុប​​​ស្នើ​ថា​ ខ្លួន​អាច​បើក​បេសកកម្ម​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​​កាល​ពី​ថ្ងៃ​សុក្រ ​​រដ្ឋាភិបាល​បារាំង​​ប្រកាស​ដាច់​ដោយ​ឡែក​ពី​គ្នា​ថា​ ខ្លួន​​អនុវត្ត​បេសកកម្ម​ជម្លៀស​ប្រជាជន​ពី​​អាហ្វហ្គានីស្ថាន​ ដោយ​មាន​ជំនួយ​ពី​កាតា​ ដោយ​នាំ​​​មនុស្ស​ចេញ​​ពី​​ប្រទេស​​​នេះ​​ជាង​​ ៣០០ ​នាក់​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​អាហ្វហ្គានីស្ថាន​​​​៕

ហួន ​ឌីណា