តុលាការ​កំពូល​ប្រេស៊ីល​​បញ្ជា​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​លោក​ ជែ បុលសូណារ៉ូ ​(Jair Bolsonaro)​ជុំ​វិញ​ការ​អះអាង​ដែល​លោក​ប្រធានាធិបតី​​រូប​នេះ​ថា​ វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ​អាច​បង្កើន​ឱកាស​នៃ​ការ​ឆ្លង​ជំងឺ​អេដស៍​។​

ការ​ស៊ើប​អង្កេត​ដែល​ស្ថិត​ក្រោម​បញ្ជារ​បស់​ចៅក្រម​លោក​Alexandre de Moraes​កាល​ពី​ថ្ងៃ​សុក្រ​ ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​រដ្ឋ​អាជ្ញា​កំពូល​របស់​ប្រទេស​គឺ​លោក​Augusto Aras ​ដើម្បី​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​ដែល​លើក​ឡើង​ក្នុង​ការ​ស៊ើប​អង្កេតជុំវិញ​​ជំងឺ​រាតត្បាត​។​

លោក Moraes​និយាយ​ថា​ ក្នុង​ការ​កាន់​អំណាច​របស់​ខ្លួន​ លោក​Bolsonaro​​ប្រើ​វិធី​ផ្សេង​ៗ​នៃ​គម្រោង​ការ​ផ្សព្វផ្សាយ​ដ៏​ធំ​នៅ​ក្នុង​បណ្តាញ​សង្គម​ ដែល​តម្រូវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​។​ ​​លោក​​Bolsonaro ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ថា​តើ​ការ​អត្ថាធិប្បាយ​របស់​លោក​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ឬយ៉ាងណា​ ​ទាក់​ទង​នឹង​ការ​ចែក​ចាយ​​ព័ត៌មាន​ក្លែង​ក្លាយ​ទ្រង់​ទ្រាយ​ធំ​​​។

​ក្នុងការ​ផ្សាយ​បន្ត​ផ្ទាល់​មួយ​កាល​ពី​ថ្ងៃ​ទី​២៤ ខែតុលា ​លោក​​Bolsonaro​​និយាយ​ថា​៖​«​របាយការណ៍​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បង្ហាញ​ថា​ មនុស្ស​ដែល​ទទួល​វ៉ាក់សាំង​ពេញ​លេញ​នឹង​វិវឌ្ឍ​មេរោគ​អេដស៍​​លឿន​ជាង​ការ​រំពឹង​ទុក​»​។​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ក្រុម​ហ៊ុន​ហ្វេសប៊ុក​ និង​​ Instagram ​ក៏​លុប​វីដេអូ​នោះ​ដោយ​និយាយ​ថា​វា​បំពាន​ច្បាប់​របស់​ខ្លួន​។​ លោក​Bolsonaro​ក៏​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ពី​ហ្វេសប៊ុក​ ​និង​YouTube ​បន្ទាប់​ពី​ការ​លើក​ឡើង​របស់​លោក​។​​​

យោង​​តាម​កម្មវិធី​រួម​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍​ វ៉ាក់សាំង​កូវីដ១៩​ដែល​អនុម័ត​ដោយ​និយតករ​សុខភាព​គឺ​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ភាគ​ច្រើន​ រួម​ទាំង​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ផង​។​

​កាល​ពី​ខែ​តុលា ​គណៈកម្មាធិការ​ស៊ើប​អង្កេត​ព្រឹទ្ធសភា​រក​ឃើញ​ថា​ លោក​Bolsonaro ​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ចំនួន​ ៩ ​ពាក់​ព័ន្ធ​នឹង​ការ​ដោះ​ស្រាយ​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​​ រួម​ទាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ហើយ​​​ស្នើ​សុំ​ឱ្យ​តុលាការ​កំពូល​បញ្ជា​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​។​

លោក​Bolsonaro​​ព្រម​ទទួល​​វ៉ាក់សាំង​និង​ធ្វើ​តេស្តដោយ​មាន​លទ្ធផល​​វិជ្ជមាន​ជំងឺ​កូវីដ-១៩​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន វិធានការ ​សុវត្ថិភាព​​ក្នុង​តំបន់​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​នៃ​ជំងឺ​រាត​ត្បាត​ហើយ​​ត្អូញ​ត្អែរ​ថា ​ការ​រឹត​បន្តឹង​ក្នុង​គោល​បំណង​គ្រប់​គ្រង​មេរោគ​បង្ក​គ្រោះ​ថ្នាក់​ច្រើន​ជាងផលល្អ។​ ជាមួយ​គ្នា​នោះ ​លោកក៏​បដិសេធ​គ្រប់​ទាំង​ការ​ចោទ​ប្រកាន់​ដោយ​ថា​លោក​ មិន​មាន​ទោស​កំហុស​អ្វី​ទាំង​អស់​។​

​មកទល់​ពេល​នេះ​ ប្រទេស​ប្រេស៊ីល​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​រហូត​ដល់​ជាង​ ៦១៥ ០០០ ​នាក់ ​ដែល​ជា​ចំនួន​ធំ​បំផុតទី២របស់​ពិភព​លោក​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​៕ ​

ហួន ​​ឌីណា​