បន្ទាប់ពី​កិច្ចចរចា​រយៈពេល​ ​៥ ​ថ្ងៃ​ នៅ​ទីក្រុង​វី​យែ​ន ប្រទេស​អូទ្រីស បានបញ្ចប់​កាលពី​សប្តាហ៍​មុន ដោយ​អ៊ី​រ៉ង់​មិន​ព្រម​កែប្រែ​ការទាមទារ​របស់ខ្លួន និង​បន្ត​ព​ន្លឿ​ន កម្មវិធី​នុយក្លេអ៊ែរ ខណៈពេលដែល​ដៃគូ​ចរចា​បង្ហាញ​ភាព​ស្រងាកចិត្ត និង​ទុទ្ទិដ្ឋិនិយម​ដោយ​បើកចំហ​។​

​សហរដ្ឋអាមេរិកបាន​និយាយថា អ៊ីរ៉ង់​ហាក់បីដូចជា​មិន​ដាក់ចិត្ត​ក្នុងការ​ស្ដារ​កិច្ចព្រមព្រៀង​នុយ​​ក្លេ​អ៊ែរ​។ អ្នកការទូត​អឺរ៉ុប បាន​ចោទប្រកាន់​អ៊ី​រ៉ង់ បាន​ដើរ​ថយ​ក្រោយ​លើ​ការយល់ព្រម​ពី​ការ​ចរចា​មុនៗ​។ សូម្បីតែ​រុស្ស៊ី​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយអ៊ី​រ៉ង់ ក៏​ចោទសួរ​ពី​ការដាក់​ចិត្ត​របស់អ៊ីរ៉ង់​ចំពោះ​ដំណើរការ​នេះដែរ​។

អ៊ី​ស្រា​អែលដែលជា​អ្នក​សង្កេត​​ការណ៍​ខាងក្រៅ​ដែលមាន​ផល​​ប្រយោជន៍​ក្នុង​លទ្ធផល​នៃ​កិច្ច​​ចរចា បាន​បង្កើន​វោហារ​ស័ព្ទ​បញ្ចុះ​បញ្ចូល​របស់​ពួកគេ ហើយ​បាន​បញ្ជូន​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​ទៅកាន់​ក្រុង​វ៉ាស៊ីនតោន​សម្រាប់​ការពិគ្រោះ​យោបល់​។​

​ការចរចា​នេះ គឺ​ដើម្បី​ស្ដារ​កិច្ច​​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ី​រ៉ង់​ឆ្នាំ ២០១៥ ដែល​ដក​ទណ្ឌកម្ម​អន្តរ​ជាតិ​ទៅលើ​អ៊ី​រ៉ង់ ជា​ថ្នូរ​នឹង​ការ​​ដាក់​ដែន​កំណត់​លើ​កម្មវិធី​នុយ​​ក្លេ​អ៊ែរ​របស់អ៊ី​រ៉ង់​។ កាលពី​ឆ្នាំ ២០១៨ អតីត​ប្រធានាធិបតី​អា​​មេ​រិ​ក លោក​ ដូ​ណា​ល់ ត្រាំ ដោយមាន​ការជំរុញ​យ៉ាងខ្លាំង​ពី​អតីត​​នាយករដ្ឋមន្ត្រី​អ៊ី​ស្រា​អែល​ លោក ​បេន​ចា​មីន នេ​តានី​យ៉ា​ហ៊ូ បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ ហើយ​ដាក់ទណ្ឌកម្ម​ឡើងវិញ​លើ​អ៊ី​រ៉ង់​។ ចាប់តាំងពី​ពេលនោះ​មក ប្រទេស​អ៊ី​រ៉ង់ បាន​ព​ន្លឿ​ន​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​យ៉ាងខ្លាំង​ក្លា​។​

អ៊ី​ស្រា​អែល​ចាត់ទុក​ប្រទេសអ៊ី​រ៉ង់ ​ជាស​ត្រូវ​ទី​១ ​របស់ខ្លួន ហើយ​ដាច់ខាត​ប្រឆាំង​កិច្ចព្រមព្រៀង ឆ្នាំ​ ២០១៥ ដោយ​លើកឡើងថា លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ គឺ​ធូរស្រាល​ពេក​។ ពួកគេ​ចង់បាន​កិច្ចព្រមព្រៀង​ថ្មី​មួយ​ដែលមាន​ដែន​កំណត់​តឹងរ៉ឹង​ជាង​មុន​ទៅលើ​កម្មវិធី​នុយក្លេអ៊ែ​អ៊ី​រ៉ង់ ហើយ​ចាត់វិធានការ​លើ​កម្មវិធី​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​របស់អ៊ីរ៉ង់ និង​ការ​គាំទ្រ​របស់អ៊ីរ៉ង់​ទៅកាន់​ក្រុម​ឧទ្ទាម​នៅតាម​ព្រំដែនអ៊ីស្រា​អែល​។​

«​ខ្ញុំ​សូម​អំពាវនាវ​គ្រប់​ប្រទេស ដែល​កំពុង​ចរចា​ជាមួយ​អ៊ីរ៉ង់​នៅ​ក្រុង​វី​យែ​ន ឱ្យ​ប្រកាន់យក​ខ្សែបន្ទាត់​ដ៏​រឹងមាំ​មួយ ហើយ​បញ្ជាក់​ឱ្យ​ច្បាស់​ចំពោះ​អ៊ី​រ៉ង់​ថា ពួកគេ​មិនអាច​បន្សុទ្ធ​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម និង​ចរចា​ក្នុងពេល​តែមួយ​បានទេ​» នាយក​​រដ្ឋមន្ត្រីអ៊ី​ស្រា​អែល ​លោក ​ណា​ហ្វ​តា​លី បេន​និ​ត បាន​និយាយ​បែបនេះ​កាល​ថ្ងៃអាទិត្យ ហើយ​បន្តទៀតថា​៖ «​អ៊ី​រ៉ង់​ត្រូវតែ​ចាប់ផ្ដើម​ទទួលរង​ផលវិបាក​សម្រាប់​ការ​រំលោភបំពាន​របស់ខ្លួន​»​។​

​លោក​បេន​និ​ត​និយាយថា​ អ៊ីស្រា​អែល គឺ​កំពុង​ប្រើពេល​វេលា​រវាង​ជុំ​ការចរចា ដើម្បី​បញ្ចុះបញ្ចូល​អាមេរិក​ឱ្យ​ «​ប្រើ​ឧបករណ៍​ផ្សេង​» ប្រឆាំងនឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ ដោយ​មិនបាន​បញ្ជាក់​លម្អិត​។ ប្រធាន​សេវា​ចារកម្ម​អ៊ី​ស្រា​អែល​លោក ​ដេវីដ បាណៀ បានធ្វើ​​ដំណើរ​ទៅ​ក្រុង​វ៉ាស៊ីនតោន​ កាល​​ពីថ្ងៃ​អាទិត្យ ហើយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អ៊ីស្រា​អែល​ លោក​ បេ​នី ហ្គេ​ន ​នឹងធ្វើ​ដំណើរ​ទៅ​ទីនោះ​នៅ​សប្ដាហ៍​នេះ​។​

​កិច្ចខិតខំ​ប្រឹងប្រែង​បញ្ចុះបញ្ចូល​របស់​អ៊ី​ស្រា​អែល ​ខណៈពេលដែល​ការចរចា​កំពុង​ជួប​ឧបសគ្គ​។ កាលពី​សប្ដាហ៍​មុន អ៊ីរ៉ង់​បាន​ប្រ​កាន់​យក​ជំហរ​ដ៏​តឹងរ៉ឹង​មួយ ដោយ​និយាយថា អ្វីៗ​គ្រប់យ៉ាង​ដែល​ត្រូវបាន​សម្រេច​នៅ​ជុំ​ចរចា​មុនៗ គឺអាច​ចរចា​ឡើងវិញ​។ នៅក្នុង​អំឡុងពេល​នៃ​កិច្ចចរចា អ្នក​ឃ្លាំ​មើល​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉ង់ បាន​រាយការណ៍​ថា អ៊ីរ៉ង់បានចាប់ផ្ដើម​បន្សុទ្ធ​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដល់​កម្រិត ២០ ​ភាគរយ នៅ​រោងចក្រ​ក្រោម​ដី​មួយ ដែល​មិនត្រូវ​បានអនុញ្ញាត​ឱ្យធ្វើ​ការ​បន្សុទ្ធ​ក្រោម​កិច្ចព្រមព្រៀង​នេះ​។​

​ភាគី​អឺរ៉ុប​បានបង្ហាញ​ភាព​ស្រ​ងាកចិត្ត​ចំពោះ​សំណើ​របស់​អ៊ី​រ៉ង់​។ គណៈប្រតិភូ​អាល្លឺម៉ង់ បារាំង និង​អង់គ្លេស​បានចេញ​សេចក្ដី​ថ្លែង​​ការណ៍​រួមមួយ​ថា អ៊ី​រ៉ង់ «​បាន​ព​ន្លឿ​ន​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​» និង «​ដើរ​ថយក្រោយ​លើ​វឌ្ឍនភាព​ការទូត​»។

មន្ត្រីការទូត​អាមេរិក​មួយរូប ដែល​សូម​មិន​បញ្ចេញ​អត្តសញ្ញាណបាន​ប្រាប់​សារព័ត៌មាន​ថា គណៈ​​ប្រតិភូ​ចិន និង​រុស្ស៊ី ដែលជា​ធម្មតា​បង្ហាញ​ការគាំទ្រ​ចំពោះ​អ៊ី​រ៉ង់ ក៏មាន​ការព្រួយបារម្ភ​ចំពោះ​អនាគត​នៃ​កិច្ចព្រមព្រៀង​ដែរ​ បន្ទាប់ពី​រដ្ឋាភិបាល​ថ្មី​របស់​អ៊ី​រ៉ង់​បង្ហាញ​ជំហរ​របស់​ពួកគេ​។​

​មន្ត្រីការទូត​ជាន់ខ្ពស់​រុស្ស៊ី នៅ​ក្រុង​វី​យែ​ន លោក​ មី​ខា​អែល អ៊ូ​លី​យ៉ា​នូវ បាន​និយាយថា អ៊ីរ៉ង់​បានស្នើ «​ការកែប្រែ​យ៉ាងខ្លាំង​» ទៅលើ​ការព្រមព្រៀង​មុនៗ​។ លោក​និយាយថា «​ការធ្វើ​វិសោធនកម្ម​តែងតែ​អាចធ្វើ​ទៅបាន​» ប៉ុន្តែ «​អ្វីដែល​គួរ​ចង់បាន​នោះ គឺថា​វិសោធនកម្ម​ទាំងនេះ​មិន​ក្លាយជា​ឧបសគ្គ​សម្រាប់​ដំណើរការ​ទៅមុខ​ទេ​»​។​

​យ៉ាងណាមិញ​ប្រសិនបើ​ការ​ចរចា​នៅ​សប្ដាហ៍​នេះ​បរាជ័យ អ៊ីរ៉ង់ និង​លោកខាងលិច​អាច​ប្រឈមមុខ​ដាក់គ្នា​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ និង​ការកើនឡើង​ភាព​តានតឹង​ដល់​កម្រិត​មិន​ធ្លាប់មាន​ពីមុនមក​។ នេះ​ក៏​មានន័យថា អ៊ីស្រា​អែល​អាច​នឹង​បង្កើន​ចំនួន​បេសកកម្ម​សម្ងាត់ ​ដើម្បី​បំផ្លាញ​កម្មវិធី​នុយ​​ក្លេ​អ៊ែរ​របស់អ៊ី​រ៉ង់​៕

វីដេអូ៖