កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​៥ ធ្នូ​ម នុស្ស​យ៉ាងតិច​​ ៥នាក់ ​បាន​ស្លាប់​នៅ​ពេល​ដែល​រថយន្ត​យោធា​មួយ​គ្រឿង​បើក​ទៅ​បុក​ក្រុម​បាតុករ​នៅ​ក្រុង​យ៉ាំងហ្គោន​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយ​សារព័ត៌មាន​មីយ៉ាន់ម៉ា​ដោយ​ផ្អែក​ទៅ​លើ​ការ​លើក​ឡើង​របស់​បាតុករ និង​សាក្សី​។

បើ​តាម​សេចក្ដីថ្លែងការណ៍​មួយ​របស់​យោធា​មីយ៉ាន់ម៉ា បាតុករ​ចំនួន​ ១១នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កន្លែង​កើត​ហេតុ ដោយ​រួមមាន​បាតុករ​រង​របួស​ចំនួន​៣​នាក់​ ប៉ុន្តែ​មិន​បាន​ទទួល​ស្គាល់​ការ​ស្លាប់​ដែល​ត្រូវ​បាន​រាយការណ៍ ឬ​ការ​បើក​បុក​នេះ​ទេ​។

បេសកកម្ម​អង្គការ​សហប្រជាជាតិ​នៅ​មីយ៉ាន់ម៉ា​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថ្កោលទោស​ «ការ​វាយ​ប្រហារ​លើ​ជនស៊ីវិល​ដែល​គ្មាន​អាវុធ​ជា​ច្រើន​នាក់​នៅ​ខណ្ឌ​គីមយិនដាង​ទីក្រុង​យ៉ាំងហ្គោន​ ដែល​ក្នុង​នោះ​រថយន្ត​របស់​កង​កម្លាំង​សន្តិសុខ​បាន​បើ​ក​ទៅ​បុក​ក្រុម​បាតុករ​ ដែល​ក្រោយ​មក​រង​ការ​បាញ់​ប្រហារ​គ្រាប់​ពិត​ បង្ក​ឱ្យ​មាន​ការ​ស្លាប់​ និង​របួស​ជា​ច្រើន​នាក់​»​។

ស្ថានទូត​អាមេរិក​ក៏​បាន​ប្រតិកម្ម​ផង​ដែរ ដោយ​បាន​និយាយ​ថា​ ពួកគេ​មាន​ «ការ​រន្ធត់​ចិត្ត​ចំពោះ​របាយការណ៍​ថា កង​កម្លាំង​សន្តិសុខ​បាន​បើក​ការ​បាញ់​ប្រហារ​ បើកបុក​កិន​ និង​សម្លាប់​បាតុករ​ច្រើន​នាក់​នៅ​ព្រឹក​នេះ​នៅ​ទីក្រុង​យ៉ាំងហ្គោន​»​។ ពួកគេ​បន្ត​ទៀត​ថា​៖ «យើង​គាំទ្រ​សិទ្ធិ​របស់​ប្រជាជន​ភូមា​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី​»​។

ឧបទ្ទវហេតុ​នេះ​កើត​ឡើង​ ខណៈ​ពេល​ដែល​ប្រទេស​មីយ៉ាន់ម៉ា​ កំពុង​រង​ចាំ​សាលក្រម​នៃ​ការ​កាត់​ក្ដី​មេដឹកនាំ​ស៊ីវិល​លោកស្រី​អ៊ុ​ង​សាន ស៊ូ​ជី ដែល​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ច្រើន​រួមមាន​ពី​បទ​ការ​ញុះញង់​ និង​ការ​រំលោភ​វិធានការ​កូវីដ១៩​។ លោក​ស្រី​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ​៕