រដ្ឋមន្ត្រីការបរទេស​កាតា​រំឭក​ឡើងវិញ​នូវ​ជំហរ​របស់​ប្រទេស​លោក​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​និយាយថា ទីក្រុង​ដូ​ហា​នឹង​បន្ត​ធ្វើការ​ឆ្ពោះទៅរក​ការពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​មនុស្សធម៌ និង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ នៅ​រាជធានី​ដូ​ហា ប្រទេស​កាតា​រដ្ឋមន្ត្រីការបរទេស​កាតា​សេក ម៉ូ​ហា​ម៉ា​ដ ប៊ី​ន អាប់​ឌុល​រ៉ា​ម៉ាន អាល់​ថា​នី​បាន​និយាយថា​ កាតានឹងធ្វើ​ការ​ជាមួយ​សម្ព័ន្ធ​មិត្ត​តួ​ក​គី និង​មន្ត្រី​តា​លី​បង់​ដើម្បី​ធានាថា​អាកាសយានដ្ឋាន​អន្តរ​​ជាតិ​ក្រុង​កា​ប៊ុល នៅ​បន្ត​ដំណើរការ​។​

​រីឯ​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​លោ​ក មេ​វ​លូត កា​វូ​សូ​លូ បាន​និ​យាយ​ថា តួ​ក​គី​ចង់​ធ្វើការ​សម្រាប់ «​សន្តិភាព និង​ស្ថិរភាព​» នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈពេលដែល​លោក​បាន​ជំរុញ​សហ​​គម​ន៍​អន្តរជាតិ​ឱ្យ​ចូលរួម​ក្នុង​កិច្ច​សន្ទនា​ជាមួយ​តា​លី​បង់ ហើយ​បាន​អំពាវនាវ​ឱ្យ​ពួកគេ «​បែងចែក​» រវាង​ផ្នែក​នយោបាយ និង​ផ្នែក​មនុស្សធម៌​។​

«​នេះ​គឺជា​អ្វីដែល​យើង​បានធ្វើ ខណៈពេលដែល​ជនជាតិ​អា​ហ្វ​​ហ្គា​នី​ស្ថាន កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​ជាបន្ទាន់​» លោក ​កា​វូ​សូ​លូ ​និយាយ​បែបនេះហើយ​បន្តទៀតថា តួ​ក​គី​កំពុង​សហការ​ជាមួយ​កាតា​លើ​ការផ្ដល់​ជំនួយ​មនុស្សធម៌ និង​លើ​ការធានា​ឱ្យ​អាកាសយានដ្ឋាន​កា​ប៊ុល​នៅតែ​ដំណើរការ​។​

​បន្ទាប់ពី​ការដួលរលំ​រដ្ឋាភិបាល​គាំទ្រ​ដោយ​លោកខាងលិច និង​ការចូល​កាន់អំណាច​រប​ស់​ក្រុម​តា​លី​បង់​កាលពី​ខែសីហា ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ប្រឈមមុខ នឹង​បញ្ហា​សេដ្ឋកិច្ច និង​វិបត្តិ​ក្រីក្រ​ដ៏​ធ្ងន់ធ្ងរ ខណៈ​លោកខាងលិច​បាន​ដក​បេសកកម្ម​ការទូត ហើយ​ជាមួយ​ធនាគារពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​កាត់ផ្ដាច់​ជំនួយ​មនុ​ស្ស​ធម៌ ទៅកាន់​ប្រទេស​ដែល​រំពឹង​លើ​ជំនួយ​ខ្លាំងជាងគេ​ក្នុង​ពិភពលោក​។​

​បញ្ហា​សេដ្ឋកិច្ច​បានធ្វើឱ្យ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ប្រឈមមុខ​នឹង​គ្រោះ​ទុរ្ភិក្ស​ដ៏​ធ្ងន់ធ្ងរ​ដោយ​គេ​ប៉ាន់​ស្មានថា កុមារ​រាប់លាន​នាក់​អាច​ស្លាប់​ដោយសារ​ការអត់ឃ្លាន​នៅ​រដូវរងា​នេះ ដែលជា​តួលេខ​មួយ​ធំ​ជាង​ចំនួន​ជន​ស៊ីវិល​ស្លាប់​ក្នុង​សង្គ្រាម ​២០ ​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ខណៈពេលដែល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បានទទួល​រង​ពី​កង្វះ​អាហារូបត្ថម្ភ​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ វិបត្តិ​ភាព​​អត់ឃ្លាន​របស់​ប្រទេស​នេះ​បាន​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ រដូវរងា​នេះ ប្រជាជន​ប្រមាណ ២២,៨ លាន​នាក់ ដែល​ច្រើនជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប ត្រូវបាន​គេ​ព្យាករ​ថា​នឹង​ប្រឈមមុខ​នឹង​អសន្តិសុខ​ស្បៀង ដល់​កម្រិត​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ ​នេះ​បើ​យោងតាម​ការវិភាគ​រប​ស់កម្ម​វិធី​ស្បៀងអាហារ​ពិភពលោក​ (WFP) និងអង្គការ ស្បៀង​​អាហារ និង​កសិកម្ម ​(FAO) របស់​អង្គការសហប្រជាជាតិ​។ ក្នុងចំណោម​នោះ​មាន​មនុស្ស ៨,៧ ​លាន​នាក់​ជិត​ជួប​គ្រោះ​ទុរ្ភិក្ស​ដែលជា​ដំណាក់កាល​ដ៏​អាក្រក់​បំផុត​នៃ​វិបត្តិ​អាហារ​។​

​បន្ថែម​ពីលើ​នេះ​ទៅទៀត ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ជួបប្រទះ​នឹង​គ្រោះរាំងស្ងួត​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ដែល​ធ្វើឱ្យ​វាលស្រែ​ស្វិត​ក្រៀមក្រំ ធ្វើឱ្យ​សត្វពាហនៈ​អត់ឃ្លាន និង​ធ្វើឱ្យ​ប្រព័ន្ធធារាសាស្ត្រ​រាំងស្ងួត​។ យោងតាម​អង្គការសហប្រជាជាតិ ការប្រមូល​ផល​ស្រូវ​សាលី​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ឆ្នាំនេះ ​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​ទាប​ជាង​មធ្យម​រហូត​ទៅដល់ ​២៥ ភាគរយ​។ នៅ​តំបន់​ជនបទ ដែលជា​លំនៅ​របស់​ប្រហែល​ ៧០ ​ភាគរយ កសិករ​ជាច្រើន​បាន​បោះបង់ចោល​ការដាំដុះ​លើដី​របស់​ពួកគេ​។​

​ចាប់តាំងពី​តា​លី​បង់​ចូលកាន់​អំណាច អាមេរិក និង​លោក​ខាង​លិច​បាន​ប្រឈម​នឹង​សំណួរ ថា​តើ​ធ្វើ​ដូចម្ដេច​ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​? ដោយ​មិន​ផ្ដល់​ការទទួលស្គាល់ ឬ​ដក​ទណ្ឌកម្ម ឬ​ផ្ដល់ជំនួយ​ឱ្យ​ក្រុម​តា​លី​បង់​។​

​ប៉ុន្តែ​ខណៈពេលដែល​ស្ថាន​ភាព​កាន់តែ​លំបាក​ជាង​មុន អង្គការ​ជំនួយ​មនុស្សធម៌​បានដាក់​សម្ពាធ​ឱ្យ​អាមេរិក​ចាត់វិធានការ​ជួយ​។​

​កាលពី​សប្ដាហ៍​មុន​ក្រុមប្រឹក្សាភិ​បាល​ធនាគារពិភពលោក ដោយមាន​អាមេរិក​ជា​សមាជិក​បានសម្រេច​រំ​ដោះ​ទឹកប្រាក់​ចំនួន​ ២៨០ លាន​ដុល្លារ​នៅក្នុង​មូលនិធិ​ម្ចាស់ជំនួយ​សម្រាប់​កម្មវិធី​ស្បៀង​អា​​ហារ​ពិភពលោក និង​អង្គការ​យូ​នី​​សេ​ហ្វ​។ បើទោះជា​យ៉ាងនេះ​ក៏ដោយ នេះ​គឺជា​បំណែក​តូច​មួយ​នៃ​ទឹកប្រាក់​ចំនួន ១,៥ ពាន់​លាន​ដុល្លារ ​ដែល​ត្រូវបាន​បង្ក​កដោយ​ធនាគារពិភពលោក​ក្រោម​ការ​​ទាមទារ​របស់​អាមេរិក​។​

​គេ​នៅ​មិនទាន់​ដឹងថា ទឹកប្រាក់​ជំនួយ​សង្គ្រោះ​នេះ​នឹងត្រូវ​បញ្ជូនទៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​តាមរបៀប​ណា​ទេ​៕