កាលពី​ខែធ្នូ​ឆ្នាំ​ ២០២០ ខណៈ ពេលដែល​កំពុង​ពិចារណា​ប្រកួតប្រជែង​តំណែង​អធិការបតី​ប្រទេស​អាល្លឺម៉ង់​ក្នុង​បោះឆ្នោត​ឆ្នាំ​ ២០២១ បេក្ខជន​របស់​គណបក្ស​ប្រជាធិបតេយ្យ​សង្គម​លោក​ អូឡាហ្វ សូល ​បាន​ជួប​ពិគ្រោះ​យោបល់​ជាមួយ សាស្ត្រាចារ្យ​ទស្សនវិជ្ជា​អាមេរិក​មកពី​សាកលវិទ្យាល័យ​ហាវ៉ាដ អំពី​មូលហេតុ​ដែល​គណបក្ស​ឆ្វេង​កណ្ដាល​និយម​នៅ​អឺរ៉ុប​ដូច​លោក​កំពុង​បាត់បង់​សំឡេងឆ្នោត​ពី​ពលរដ្ឋ​មាន​វណ្ណៈ​ជា​កម្មករ​។

មកដល់​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​លោក​ សូល បានធ្វើ​សម្បថ​កាន់តំណែង​អធិការបតី​អាល្លឺម៉ង់ ដោយ​លោក​បាន​ក្លាយជា​អធិការបតី​ឆ្វេង​កណ្ដាល​និយម​ដំបូង បន្ទាប់ពី​ការកាន់អំណាច​ ១៦ ឆ្នាំ​ដោយ​អធិការបតី​ស្ដាំ​កណ្ដាល​និយម​គឺ​លោកស្រី​ អេនជេឡា មឺរកែល​។

ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ២០០៥ មក គណបក្ស​ប្រជាធិបតេយ្យ​សង្គម​បាន​ក្លាយជា​គណបក្ស​ទទួល​ការគាំទ្រ​ខ្លាំង​បំផុត​ក្នុងចំណោម​វណ្ណៈ​កម្មករ​។ អ្នកបោះឆ្នោត​យ៉ាងហោចណាស់ ៨០០ ០០០ នាក់​ដែល​បាន​បោះបង់​គណបក្ស​របស់លោក​ក្នុងការ​បោះឆ្នោត​មុនៗ​ទៅ​គាំទ្រ​គណបក្ស​ជ្រុលនិយម​បាន​ត្រឡប់មក​គាំទ្រ​គណបក្ស​លោក​វិញ​នៅក្នុង​ការបោះឆ្នោត​ឆ្នាំនេះ​។ ជ័យជម្នះ​របស់លោក​សូល​គឺ​ផ្ទុយ​ពី​ការព្យាករ​ដោយ​អ្នកវិភាគ​នយោបាយ និង​ការស្ទង់មតិ​សាធារណជន​ហើយ​ជា​សញ្ញា​បង្ហាញថា​ចលនា​ឆ្វេងនិយម​អាច​ងើប​ឡើងវិញ​នៅ​ទ្វីបអឺរ៉ុប​។

លោក​ សូល បានឈ្នះ​ដោយសារ​ហេតុផល​ជាច្រើន​ដែល​រួមមាន​ភាពជោគជ័យ​ក្នុង​ការបញ្ចុះបញ្ចូល​អ្នកបោះឆ្នោត​ថាបើ​ប្រៀបធៀប​ទៅនឹង​បេក្ខជន​ផ្សេងទៀត លោក​មាន​លក្ខណៈ​ស្រដៀង​លោកស្រី​ មឺរកែល ជាងគេ​។

លោក​ សូល បាន​ដើរតួ​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ក្នុង​រដ្ឋាភិបាលចម្រុះ​របស់​លោកស្រី​ មឺរកែល ហើយ​លោក​បាន​សន្យាថា​នឹងធ្វើ​ការបន្ត​គោលនយោបាយ​របស់លោក​ស្រី និង​រក្សា​ស្ថិរភាព​។ បើទោះជា​យ៉ាងនេះ​ក៏ដោយ​ក៏មាន​បំណង​ធ្វើឱ្យ​ប្រទេស​អាល្លឺម៉ង់​ក្លាយជា​មន្ទីរពិសោធន៍​នយោបាយ​មួយ​ប្រភេទ​ ដើម្បី​ព្យាយាម​ជួសជុល​ស្ពាន​រវាង​អ្នកនយោបាយ​ឆ្វេង​កណ្ដាល​និយម​ និង​ពលរដ្ឋ​វណ្ណៈ​កម្មករ​ដូច​អ្វីដែល​លោក​ ចូ បៃដិន កំពុង​ព្យាយាម​ធ្វើ​នៅ​សហរដ្ឋអាមេរិក​។

សម្រាប់​អ្នកនយោបាយ​ឆ្វេង​កណ្ដាល​និយម​នៅ​អឺរ៉ុប​ជ័យជម្នះ​របស់​លោក​ សូល បាន​កើតឡើង​នៅពេល​ដ៏សំខាន់​មួយ​។ ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍ ចុងក្រោយ​នេះ​គណបក្ស​ជាច្រើន​ដែល​ធ្លាប់​គ្រប់គ្រង​នយោបាយ​អឺរ៉ុប គឺ​ស្ទើរតែ​សាបសូន្យ​អស់​ទៅហើយ ដោយ​បី​ដូចជា​ពួកគេ​គ្មាន​គំនិត​អ្វី​ថ្មី និង​ត្រូវបាន​បោះបង់​ដោយ​វណ្ណៈ​កម្មករ​។

ថាមពល​នយោបាយ​បាន​ហូរ​ទៅ​ចលនា​ស្ដាំនិយម ជាពិសេស​គណបក្ស​ស្ដាំ​ជ្រុលនិយម​។ អ្នក​នយោបាយ​អភិរក្សនិយម​អាមេរិក​ជាច្រើន​បានធ្វើ​ដំណើរ​មក​ប្រទេស​ហុង​គ្រី​ ដើម្បី​រៀន​ក្បួន​នយោបាយ​ពី​ស្ដាំនិយម​លោក​ វិចទ័រ អ័របាន​។

ក្នុង​ឆ្នាំ​កាន់អំណាច​ចុងក្រោយ លោកស្រី​ មឺរកែល ដែលជា​អ្នក​នយោបាយ​អភិរក្សនិយម​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកការពារ​លទ្ធិប្រជាធិបតេយ្យ ក្នុងសម័យ​នៃ​មេដឹកនាំ​រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ ដូចជា​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ និង​មេដឹកនាំ​អភិរក្សនិយម​មួយចំនួន​ទៀត​នៅ​អឺរ៉ុប​។ បើទោះជា​យ៉ាងនេះ​ក៏​ប្រទេស​អាល្លឺម៉ង់​មិនបាន​ចៀស​ផុតពី​ការប្រែប្រួល​នេះ​ទេ ដោយ​គណបក្ស​ជ្រុលនិយម​ជម្រើស​ជំនួស​សម្រាប់​អាល្លឺម៉ង់​ឬ AfD ​បានឈ្នះ​អាសនៈ​ក្នុង​សភា​អាល្លឺម៉ង់ ហើយ​បាន​ក្លាយជា​កម្លាំង​នយោបាយ​ដ៏ធំ​មួយ​នៅ​ភាគ​ខាងកើត​របស់​ប្រទេស​។

«​ការព្រួយបារម្ភ​ដ៏ធំ​បំផុត​នៅក្នុង នយោបាយ​សម្រាប់​ខ្ញុំ​គឺថា លទ្ធិប្រជាធិបតេយ្យ​សេរី​របស់​យើង កំពុងស្ថិត​នៅក្រោម​សម្ពាធ​កាន់តែខ្លាំង​» លោក​ សូល និយាយ​បែបនេះ​នៅ​គេហទំព័រ​របស់​គណបក្ស​ប្រជាធិបតេយ្យ​សង្គម ហើយ​បន្តទៀតថា​៖ «​យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​ ដើម្បី​កុំឱ្យ​ពាក្យស្លោក​ថោកៗ​របស់​ពួកគេ​អាច​ទាក់ទាញ​បាន​»​។

អ្នក​ជិតស្និត​ជាមួយ​លោក​ សូល ​បាន​និយាយថា បន្ទាប់ពី​ការបរាជ័យ​របស់លោក​ស្រី​ ហ៊ីលឡារី គ្លីនតុន ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​ ២០១៦ និង​ការបរាជ័យ​របស់​គណបក្ស​របស់លោក​ក្នុង​ការបោះឆ្នោត​អាល្លឺម៉ង់​ឆ្នាំ​ ២០១៧ លោក​បានធ្វើ​ការសិក្សា​ស្វែងរក​ហេតុផល​នៃ​ការបរាជ័យ​ទាំងនេះ ហើយ​បាន​សរសេរ​របាយការណ៍​មួយ​ដែល​សន្និដ្ឋានថា មូលហេតុ​មួយ​នៃ​ការបាត់បង់​ការគាំទ្រ​ពី​ក្រុមវណ្ណៈ​កម្មករ គឺ​ដោយសារ​គណបក្ស​មិន​ផ្ដល់ «​ការទទួល​ស្គាល់​» ទៅឱ្យ​ពួកគេ តាមរយៈ​អនុម័ត​វិធានការ​ដែល​ត្រូវគេ​មើលឃើញ​ថា​ជា​គោលនយោបាយ «​ឥស្សរជន​និយម​»​។

ជា​ឧទាហរណ៍​មួយ មុន​ធ្លាក់​ពី​អំណាច​កាលពី​ឆ្នាំ​ ២០០៥ គណបក្ស​ប្រជាធិបតេយ្យ​សង្គម​បាន​អនុម័ត​គម្រោង​កាត់បន្ថយ ផលប្រយោជន៍​របស់​កម្មករ និង​ធ្វើកំណែទម្រង់​ទីផ្សារការងារ ក្នុង​បំណង​កាត់បន្ថយ​ភាព​អត់​ការងារ​ធ្វើ​។ គម្រោង​នេះ​ពិតជា​បាន​ជួយ​កាត់បន្ថយ​ភាពអត់​ការងារ​ធ្វើ ប៉ុន្តែ​មិនសូវ​ពេញនិយម​ក្នុងចំណោម​វណ្ណៈ​កម្មករ ហើយ​ធ្វើឱ្យ​គណបក្ស​នេះ​ថយ​ប្រជាប្រិយភាព​។

ក្នុងអំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ លោក​ សូល ​ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់លោកស្រី​ មឺរកែល បាន​បញ្ចេញ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ជា​ជំនួយ​របស់​រដ្ឋ​ទៅឱ្យ​កម្មករ និង​អាជីវកម្ម​ដែល​កំពុង​ជួប​ការលំបាក ធ្វើឱ្យ​លោក​ទទួល​ការកោតសរសើរ​។ បន្ថែម​ពីលើ​នេះ លោក​បាន​ប្ដេជ្ញា​បង្កើន​ប្រាក់ខែ​អប្បបរមា​របស់​ប្រជាជន​អាល្លឺម៉ង់ និង​បង្កើន​ការសាងសង់​គេហដ្ឋាន​សាធារណៈ​។

នៅ​ទូទាំង​សហភាព​អឺរ៉ុប​គណបក្ស​ប្រជាធិបតេយ្យ​សង្គម​គ្រប់គ្រង​រដ្ឋាភិបាល​ចំនួន ៩ ក្នុងចំណោម ២៧ ​ហើយ​មេរៀន​ពី​ប្រទេស​អាល្លឺម៉ង់​កំពុង​បង្ហាញ​ពី​ឥទ្ធិពល​រួចទៅហើយ​។ នៅ​ប្រទេស​បារាំង​អភិបាល​ទីក្រុង​ប៉ារីស​លោកស្រី​ អានី ហ៊ីដាលហ្គោ នៃ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម ថ្មីៗ​នេះ​បាន​ប្រកាស​បេក្ខភាព​ឈរឈ្មោះ​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង ដោយ​លើកឡើង​ប្រធានបទ​ដូច​លោក​ សូល​៕