រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក​ ចូ បៃដិន កំពុង​ពិចារណា​ជម្រើស​ធ្វើការ​ជម្លៀស​ពលរដ្ឋ​អាមេរិក​ចេញពី​ប្រទេស​អ៊ុយក្រែន ប្រសិនបើ​រុស្ស៊ី​វាយប្រហារ​ឈ្លានពាន​ប្រទេស​នេះ នេះ​បើតាម​ការរាយការណ៍​របស់​ CNN ​ផ្អែកលើ​ប្រភព​មួយចំនួន​។

ការរៀបចំ​ផែនការ​ទាំងនេះ​គឺ​ដឹកនាំ​ដោយ​ក្រសួង​ការពារជាតិ​អាមេរិក ហើយ​ធ្វើឡើង​នៅពេល​ដែល​រដ្ឋបាល​លោក​ បៃដិន ​ធ្វើការ​រាយការណ៍​ទៅ​សភា​អាមេរិក​អំពី​របៀប​ដែល​អាមេរិក កំពុង​ត្រៀម​ការឆ្លើយតប​។ ប្រភព បាន​និយាយថា ក្នុងការ​រាយការណ៍​ទៅកាន់​ក្រុម​សមាជិក​ព្រឹទ្ធសភា​កាលពី​យប់​ថ្ងៃ​ចន្ទ ទី​ ៨ ធ្នូ រដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​នយោបាយ​លោកស្រី​ វិចតូរីយ៉ា នូឡែន ​បាន​ធ្វើការ​បង្ហាញ​អំពី​កញ្ចប់​ទណ្ឌកម្ម​មួយ​ដែល​រៀបចំ​ដោយ​រដ្ឋបាល ប្រសិន​បាន​រុស្ស៊ី ធ្វើការ​វាយប្រហារ ប៉ុន្តែ​លោកស្រី​ទទួលស្គាល់​ថា មធ្យោបាយ​ដើម្បី​បង្ការ​ការប៉ះទង្គិច គឺមាន​កម្រិត​។

លោកស្រី​ នូឡែន បាន​និយាយថា ឥឡូវនេះ​មាន​ពលរដ្ឋ​អាមេរិករ​វាង ១០ ០០០ និង ១៥ ០០០ នាក់​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ប្រភព​បាន​និយាយថា ឥឡូវនេះ គេ​មិនឃើញ​តម្រូវការ​សម្រាប់​ការជម្លៀសចេញ​ទេ ប៉ុន្តែ​ការពិភាក្សា​ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​ការរៀបចំ​ផែនការ​ក្នុង​ករណី​ដែល​ស្ថានភាព​សន្តិសុខ​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​។

ក្រសួង​ការពារជាតិ និង​ក្រសួងការបរទេស​អាមេរិក មាន​ផែនការ​បែបនេះ​សម្រាប់​សេណារីយោ​អាក្រក់​បំផុត​នៅ​គ្រប់​ប្រទេស​ជុំវិញ​ពិភពលោក ហើយ​ផែនការ​ទាំងនេះ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព និង​ផ្លាស់ប្ដូរ​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​។

យ៉ាងណាមិញ ការព្រួយបារម្ភ​ទាំងនេះ គឺ​បង្កដោយ​ការប្រមូលផ្ដុំ​ទាហាន​រុស្ស៊ី​យ៉ាងហោចណាស់ ៩០ ០០០ ​នាក់​នៅ​ព្រំដែន​ប្រទេស​អ៊ុយក្រែន ដែល​លោក​ខាងលិច​ចោទប្រកាន់​ថា​ជា​ការត្រៀម​ធ្វើការ​ឈ្លានពាន​ចូល​ប្រទេស​អ៊ុយក្រែន​។ ប្រទេស​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​ទាំងនេះ​៕

វីដេអូ៖