ការ​ចរចា​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នឹង​ចាប់​ផ្ដើម​ឡើង​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ៩ ធ្នូ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​ ប៉ុន្តែ​លោក​បាន​បន្ថែម​ទៀត​ថា​លោក​មាន​ព្រួយបារម្ភ​ថា​អ៊ីរ៉ង់​គឺ​កំពុង​ពន្យារ​ពេល​។

លោក​រដ្ឋមន្ត្រី​ហ្សង់-អ៊ីវស៍ ឡឺ​ឌ្រីអង់​បាន​ប្រាប់​សភា​បារាំង​ថា​៖ «យើង​មាន​អារម្មណ៍​ថា​ អ៊ីរ៉ង់​ចង់​ធ្វើ​ឱ្យ​យូរ ហើយ​ប្រសិន​ការ​ចរចា​កាន់​តែ​យូរ​ ពួកគេ​កាន់​តែ​ដើរ​ថយ​ក្រោយ​ការ​ប្ដេជ្ញា​របស់​ពួកគេ​ និង​កាន់​តែ​ខិត​ជិត​ទៅ​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​»​។

ខណៈ​ពេល​ដែល​លោក​ឡឺ​ឌ្រីអង់​ និង​អ៊ីរ៉ង់​បាន​និយាយ​ថា​ការ​ចរចា​នឹង​ចាប់​ផ្ដើម​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​ថា ​ក្រុង​វ៉ាស៊ីនតោន​នៅ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ជាក់​ស្ដែង​នៅ​ឡើយ​ទេ​។

ការ​ចរចា​កាល​ពី​សប្ដាហ៍​មុន​ត្រូវ​បាន​បញ្ចប់​ដោយ​ភាគី​អាមេរិក​ និង​អឺរ៉ុប​បង្ហាញ​ភាព​ស្រងាក​ចិត្ត​ ចំពោះ​ការ​ទាមទារ​ដ៏​ទូលំទូលាយ​របស់​រដ្ឋាភិបាល​អភិរក្ស​និយម​ថ្មី​របស់​អ៊ីរ៉ង់​ ដោយ​មាន​ការ​រិះគន់​ថា​អ៊ីរ៉ង់​បាន​ដើរ​ថយ​ក្រោយ​ទៅ​លើ​វឌ្ឍនភាព​នៃ​ការ​ចរចា​មុន​ៗ​៕