ប្រធានា​ធិប​តី​នៃប្រ​ទេសអាហ្រ្វិកខា​ង​ត្បូ​ង បាន​និ​យា​យ​កា​ល​ពីថ្ងៃ​ចន្ទថា ​មេរោគ​កូវីដ​ ១៩ កំពុង​តែ​រីក​រាល​ដាល​លឿនជាងពេលណាៗ​ទាំ​ងអ​ស់​នៅ​អាហ្រ្វិកខាងត្បូង ​ដែ​ល​ជា​កា​របង្ហាញពី​ល្បឿន​ដែល​​វ៉ារ្យ៉ង់ ​អូមីក្រុង​​ថ្មីចម្លង​​​ ប៉ុន្តែ​របាយ​ការណ៍​បឋម​បង្ហាញ​ថា វា​អាច​នឹង​មាន​ឥទ្ធិពល​ស្រាល​ជាង​វ៉ារ៉្យង់​ដទៃ​​។ នេះ​បើតាម​ការ​ឱ្យ​ដឹង​ពី​សារព័ត៌មាន​ញូវយ៉កថាមសន៍។

ទោះ​យ៉ាងណា អ្នកវិទ្យាសាស្ត្របាន​ព្រមានអំពី​ ព័ត៌មាន​ទាំង​ ២ ករណី​ ដោយ​ករណី​ទី​ ១ ​គឺ ​លទ្ធ​ផល​បឋម​ស្ដី​អំពី​ភាព​ធ្ងន់​ធ្ងរ​របស់​វ៉ារ៉្យង់​ ដែល​អាច​ធ្វើ​ឱ្យ​ពិភពលោក​ធូរ​ចិត្ត និង​ទី​ ១​ ព័ត៌មាន​ស្ដី​អំពីវ៉ារ៉្យង់​គ្រាន់​តែ​ជាភ័ស្ដុតាង​ដំបូង​​ ដោយ​សារ​​វ៉ារ្យ៉ង់នេះ​ ទើប​រកឃើញកាល​​ពី​ខែ​មុន​ ហើយត្រូវកា​រ​ការ​សិ​ក្សាប​ន្ថែមទៀត​ មុន​ពេល​អ្នក​ជំនាញ​ អាច​​និយាយច្រើនអំពីវាដោ​យមាន​ទំ​នុ​​កចិត្ត។ លើសពី​នេះ ​ផល​ប៉ះ​ពាល់​ពិត​ប្រាកដ​នៃ​មេរោគឆ្លងមិ​ន​តែ​ង​តែ​ដឹង​ភ្លាម​ៗ​នោះ​​ទេ​ ដោយព័ត៌មាន​អ្នកជំងឺស​ម្រា​ក​ព្យាបាលនៅមន្ទីរពេទ្យ និ​ង​ការ​ស្លាប់​តែង​តែ​ពន្យា​រមុន​ពេល​មាន​ការ​រី​ករាល​ដាល​ធ្ងន់​ធ្ងរ​។

វេជ្ជបណ្ឌិត Emily Gurley អ្នក​ស្រា​វ​ជ្រា​វផ្នែ​កសុខភាពសាធារណៈ​នៅ​សាលា Johns Ho​pkins បាន ​និ​យាយ​​​ថា៖​​​ «​ព័ត៌មាន​ ពី​វ៉ារ្យ៉​ង់ថ្មីដែលមិន​សូវ​​ធ្ង​ន់​​ធ្ង​រ​នេះ​មិន​មែន​ជា​រឿង​​គួ​រ​ឱ្យភ្ញាក់ផ្អើលទេ​​ ប្រ​សិ​ន​បើវា​ជា​ការ​ពិត​ ប៉ុន្តែខ្ញុំមិនប្រាកដថា​ យើង​អាចសន្និដ្ឋានបា​នអំពី​ឥទ្ធិពល​ជាក់​លាក់​បាន​ហើយ​ឬ​នៅទេ​»។

នាយក​ផ្នែក​សង្គ្រោះបន្ទាន់របស់អង្គការ​សុ​​ខភា​ព​ពិ​ភ​ពលោក លោក Michael Ryan ក៏​បា​ននិយា​យ​នៅ​ក្នុង​បទ​ស​ម្ភា​ស​មួ​យ​ថា​៖«ទិ​ន្នន័​យ​ប​ឋមមិនបង្ហាញថាវាធ្ងន់ធ្ងរជាងនេះទេ។​​ តាមពិតទៅ ប្រសិនបើមានអ្វី​កើត​ឡើង​មែន​នោះ​ ចំនួន​ករណី​ឆ្លង​អាច​នឹង​ឆ្ពោះ​ទៅ​រកភាពធ្ងន់ធ្ងរតិច​ជា​ងនេះ​បន្តិច​»​។

លោក​ Ryan ក៏បាននិយាយផងដែរថា មិនមានសញ្ញាណាមួយដែលថាវ៉ារ៉្យង់​អូមីក្រុង​អាច​យក​ឈ្នះ​ទាំង​ស្រុង​លើ​វ៉ាក់សាំង​ ដែ​​ល​មា​នស្រា​ប់នោះដែរ​។

អ្នកស្រាវជ្រាវ​នៅ​អ​គា​រ​ម​ន្ទី​រ​ពេទ្យ​ធំមួយក្នុងទីក្រុងព្រីតូរី​យ៉ា​​បានរា​យ​កា​រណ៍ថា អ្នក​ជំងឺ​របស់​ពួកគេដែល​មាន​ជំងឺកូ​វីដ ​១៩ ឈឺតិចជាងអ្ន​ក​ ដែលពួកគេបានព្យាបា​ល​ពី​មុ​ន​ ហើយមន្ទីរពេទ្យផ្សេង​ទៀ​ត ​កំពុង​មើល​ឃើញ​និ​​ន្នា​កា​រដូ​ច​គ្នា។ តាមពិតទៅ ពួកគេបាននិយាយថា ភាគច្រើ​ននៃ​អ្ន​ក​ជំងឺ​ដែល​ឆ្ល​ង​មេ​រោ​​គ​ត្រូវ​រក​ឃើញ​ថា​ ឈឺ​ដោយសារ​មូល​ហេតុ​ផ្សេង​ ហើយមិ​​ន​មាន​រោ​គសញ្ញា​នៃជំ​ងឺកូវី​ដ​នោះ​ទេ​។​

ក្នុង​ករណីដែល​គ្មានព័ត៌មានលម្អិត​បន្ថែ​ម​​​ទៀត រដ្ឋាភិបាលបាន​ប្រ​តិ​ក​ម្មចំពោះវ៉ារ៉្យង់​អូមីក្រុង​ ដោយ​ការរឹត​បន្តឹ​ង​យ៉ាងខ្លាំងលើការធ្វើដំណើរអន្តរជាតិ​ ​និ​ងតម្រូវការចាក់​វ៉ា​ក់​សាំ​ង​ថ្មី។ មេដឹក​នាំ​ពិ​ភ​ព​លោកដែល​ត្រូវ​បាន​​ចោទប្រ​កា​​ន់ថា​ បានឆ្លើយ​​ត​បវ៉ារ៉្យង់​យឺ​តពេ​ក​​ឬ​ខ្សោ​យ​មុ​នការរាតត្បាតនៃជំងឺរា​ត​​ត្បាតគឺ​ ចង់​ឱ្យ​គេ​មើ​ល​ឃើ​ញ​ថា​ ខ្លួន​សកម្ម​​ ទោះបី​ជា​អ្ន​ក​ជំ​នា​ញ​មួ​យ​ចំ​នួ​ន​ចោ​ទថា ការរឹតបន្តឹងការ​ធ្វើ​ដំ​ណើ​រ គឺ​​​ជាប្រ​តិ​កម្ម​ហួ​ស​ហេ​​​តុ​​ក៏ដោយ។

វ៉ារ្យ៉ង់នេះ បានរីករាលដាលយ៉ាងឆាប់​រ​ហ័​សហើយត្រូវបានគេរកឃើញនៅ​ក្នុ​​ង​ប្រទេ​​សប្រមាណ​លើ​ស​ ៤០​​ប្រទេស លើ​ទ្វីបចំនួ​ន ៦ រហូ​ត​ម​កដល់ពេលនេះ។ មន្ត្រីសុខាភិបាល និងអ្នកស្រា​វ​ជ្រាវបាន​និ​យាយ​ថា វា​អាច​ជាទ​ម្រ​ង់​ឆ្ល​ងលឿន​​បំ​ផុតក៏​ដោយ​​ ឆាប់​ៗ​នេះ វា​អាច​វិវត្ត​ និង​គ្រប​ដណ្ដប​ទូ​ទាំង​ពិភព​លោក​ ដូច​វ៉ារ៉្យង់​ ដែល​តា​ ដែល​បាន​លេច​ឡើង​កាល​ពី​ឆ្នាំ​មុ​ន​។ ជា​លទ្ធផល​ ពិភព​លោក​ កំពុងប្រឈម​នឹង​ផល​វិបាក​នៃ​ជំងឺ​រា​ត​ត្បាត​រ​យៈ​ពេ​ល ២ ​​ឆ្នាំកន្លង​មក​ អាច​នឹង​ត្រូវ​ប្រឈម​នឹង​​វដ្តនៃ​ជំ​ងឺ ដែល​តម្រូវ​ឱ្យ​មាន​ការ​បិទ​ខ្ទប់​ និង​ការ​រង​ទុ​ក្ខ​ផ្នែកសេដ្ឋកិច្ចផ្សេងទៀត។

​នៅ​ទ្វីប​​អឺ​រ៉ុប ដូចជា​នៅអា​ហ្រ្វិ​ក​ខាងត្បូង មានការចង្អុល​ប​ង្ហា​ញ​ដំ​បូងថា ករណីអូមីក្រុង​ប្រហែល​ជា​ស្រាល​ល្មម​ ប្រសិនបើងា​យ​ឆ្លង​ដូច្នេះ​​។

នៅ​ក្នុង​ប្រទេស​អង់គ្លេស រដ្ឋាភិបាល​​​បាន​​និ​យា​យ​​កាល​ពី​​ថ្ងៃ​ ចន្ទ​ថា ចំនួន​ករ​ណី​​​ជំ​ងឺ​​អូ​មី​ក្រុង​នៅ​ប្រ​ទេស​ខ្លួន​​​បាន​កើន​ឡើង​​​ដល់ ​៣​៣៦ ករណី​ ​​បើ​ធៀប​នឹង​ករណី​រក​ឃើញ​នៅ​ថ្ងៃ​សុក្រ។ ប្រ​ទេស​ដាណឺម៉ា​កបានរាយការណ៍ថា មានក​​រណីចំនួន ២៦១ ករណី ដែលកើនឡើងចំ​នួ​ន​ ៤ ដង​បើ​ធៀប​នឹង​ករណី​នៅ​ថ្ងៃ​សុក្រ។

ដោយ​ឡែក នៅ​អា​ហ្រ្វិ​ក​ខា​ងត្បូង ដែលជាកន្លែងដែលអ្នក​​វិ​ទ្យា​សាស្ត្រ​រក​ឃើញ​វ៉ារ៉្យង់​ថ្មី​នេះ ក៏​កំពុង​កើន​ឡើង​ដែរ​ ដោយ​កាល​ពីថ្ងៃ​សុក្រ និងថ្ងៃសៅរ៍​ តួលេខ​នៃ​ករណី​ឆ្លង​មាន​ច្រើន​ជាង​ ១៦ ពាន់​ករណី​ ដោយ​សារ​តែ​ភាព​យឺ​ត​យ៉ា​វនៃការរា​យ​ការ​ណ៍ករណី​ឆ្លង​ ​នៅចុងសប្តាហ៍។

ទោះ​យ៉ាងណា អ្នកវិទ្យាសាស្ត្រកំពូលម​​ក​ពីអ​ង្គការសុខភាពពិភពលោក ​(​WHO) និងសហរដ្ឋ​អាមេរិក​ បាន​ប្រាប់​សារព័ត៌មាន​ AFP ថា វ៉ារ្យ៉ង់អូមីក្រុង​ហាក់ដូចជា មិន​សូវ​សាហាវ​ជាងវ៉ារ៉្យង់​ដទៃ​នោះ​ទេ បើទោះ​ជា​មាន​ការ​​ជំរុញ​ឱ្យ​មាន​​កា​រ​ស្រា​វ​ជ្រា​វ​បន្ថែ​មទៀតដើម្បី​វិ​និ​ច្ឆ័​យភាពធ្ងន់ធ្ងររប​ស់វាក៏​ដោយ​៕