នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បានដាក់​ផែន​ការ​ថ្មី កាន់តែ​តឹងរ៉ឹង​ជាង​មុន​ទៀត​សម្រាប់​ប្រទេស​អង់គ្លេស ដោយ​បញ្ជា​ឱ្យ​មនុស្ស​ធ្វើការ​ពី​ផ្ទះ​ពាក់​ម៉ាស់​នៅ​កន្លែង​សាធារណៈ​និង​ចែកចាយ​វ៉ាក់សាំង​ឱ្យបាន​គ្រប់ទិសទី ដើម្បី​បន្ថយ​ការរីក​រាលដាល​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​។​

​លោក​​​ Johnson​ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​កំពុង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស ហើយ​គាត់​មិនមាន​ជម្រើស​អ្វី​ក្រៅពី​បោះជំហាន​ផែនការ B និង​ជំរុញ​កម្មវិធី​វ៉ាក់សាំង​ក្នុងពេល​តែមួយ​នោះទេ​។

​លោក​បាន​និយាយ​នៅក្នុង​ស​ន្និ​សីទ​សារព័ត៌មាន​មួយ​ថា​៖ «​លទ្ធផល​គឺ​កាន់តែច្បាស់​ហើយ​ថា វ៉ា​រ្យ៉​ង់​អូ​មី​ក្រុន​កំពុង​រីក​រាលដាល​លឿន​ជាង​វ៉ា​រ្យ៉​ង់​ដែល​តា​មុនៗ ហើយ​កំពុង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ជុំវិញ​ពិភពលោក​។ អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​បំផុត​នោះ​មាន​ភ័ស្តុតាង​ដែលថា វា​អាច​នឹង​កើនឡើង​ទ្វេដង​ក្នុង​ចន្លោះ​តែ ២ ឬ ៣ ថ្ងៃ​»​។​

​គាត់​បាន​បន្ថែមថា ខណៈពេលដែល​គេ​មិនទាន់មាន​ទិន្នន័យ​ទូលំ​ទូលាយ​អំពី​ថា​តើ​អូ​មី​ក្រុងមាន​គ្រោះថ្នាក់​យ៉ាងណា​នោះ ការកើនឡើង​អត្រា​ចូល​មន្ទីរពេទ្យ​នៅ​អ្រា​ហ្វិ​ក​ខាងត្បូង​ដែលជា​កន្លែង​គេ​រកឃើញ​វ៉ា​រ្យ៉​ង់​ដំបូង​អាច​បង្ហាញ​អំពី​ភាពគ្រោះថ្នាក់​របស់​វា​។​

​អ្នកវិទ្យាសាស្ត្រ​នៅ​ទីភ្នាក់ងារ​សន្តិសុខ​សុខភាព​របស់​ចក្រភព​អង់គ្លេស​បាន​និយាយថា​៖ «​ពួកគេ​រំពឹងថា​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង អាច​នឹង​ក្លាយជា​ប្រភេទ​វ៉ា​រ្យ៉​ង់​ដ៏​លេចធ្លោ​នៅក្នុង​ចក្រភព​អង់គ្លេស​ក្នុង​រយៈពេល​ពីរ​ទៅ​ ៤ ​សប្តាហ៍​ខាងមុខ​។ ​ទី​ភ្នាក់ងារ​នេះ​បាន​និយាយថា រហូតមកដល់​ពេលនេះ​ករណី​ភាគច្រើន​មាន​ទីតាំងនៅ​ទីក្រុង​ឡុង​ដ៍ និង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អង់គ្លេស​។​

​ការ​រឹតបន្តឹង​កាន់តែ​តឹងតែង​នឹង​អាច​ពន្យា​ពេល​ឱ្យ​រដ្ឋាភិបាល​ដើម្បី​ដាក់​កម្លាំង​ជំរុញ និង​ផែនការ​ដើម្បី​ទប់ស្កាត់​ថែម​។ ក្រុមមន្ត្រី​បានកំណត់​គោលដៅ​នៃ​ការចាក់​ដូ​ស​ជំនួយ​ដល់​មនុស្សពេញវ័យ​ទាំងអស់​នៅ​ចុងខែ​មករា ផងដែរ​។​

​ដោយសារ​ដំណាក់កាល​នៃ​ការបិទ​ខ្ទប់​ប្រទេស​ទាំងមូល​ហាក់​ស្ថិតនៅ​វែងឆ្ងាយ វិធានការ​ថ្មី ដែល​ទើបនឹង​បាន​ដាក់ចេញ​ត្រូវបាន​គេ​ចាត់ទុកថា មានការ​ផ្ដល់​ផលប៉ះពាល់​អាក្រក់ ដល់​អាជីវកម្ម​ភោជនីយដ្ឋាន ហាង​កាហ្វេ និង​ហាង​នៅ​កណ្តាល​ទីក្រុង​ដែល​អស់​សង្ឃឹមថា នឹង​កសាង​ហិរញ្ញ​វត្ថុ​របស់​ពួកគេ​ឡើងវិញ​ក្នុង​រដូវ​កាល​បុណ្យ​ណូអែល​ខាងមុខ​។​

​អាជីវកម្ម​មួយចំនួន បាន​ប្រតិ​​កម្ម​ទៅនឹង​ការ​រឹតបន្តឹង​ថ្មី ​ដែល​បានប្រកាស​នៅពេល​បុណ្យ​ណូ​​អែល​ខិតជិត​មកដល់​។ លោក Jace Tyrrell នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ New West End មានប្រសាសន៍ថា​៖ «​ការបញ្ជា​ថ្មី​ឱ្យធ្វើ​ការ​ពី​ផ្ទះ​ក្នុង​រដូវ​កាល​មមាញឹក​បំផុត​នេះ គឺជា​ការដាក់​ក្បាល​មួយ​ញញួរ​ចំពោះ​អ្នក​ជួល និង​កន្លែង​កម្សាន្ត​រប​ស់​យើង​"។​

​ខណៈពេលដែល​អាជីវកម្ម​ជាច្រើន​បាន​សម្រប​ខ្លួន​បានល្អ​ក្នុងការ​ធ្វើការ​ពី​ផ្ទះ វិស័យ​ដូចជា​ផ្នែក​បដិសណ្ឋារកិច្ច ការកម្សាន្ត​និង​ការធ្វើដំណើរ​បានទទួល​រង​នូវ​ការខាតបង់​យ៉ាងច្រើន​។ មិន​ដូច​ការ​ចាក់សោ​ពីមុន​ទេ​ដែល​អាជីវកម្ម​ទាំងនោះ​ទទួលបាន​ជំនួយ​។

​ការស្ទង់មតិ​ពី​វេ​ប​សាយ ​Savanta ComRes​ ក៏បាន​ស្នើ​ផងដែរ ថា​មនុស្ស​មួយចំនួន​ប្រហែលជា​មិនសូវមាន​ឆន្ទៈ​ក្នុងការ​អនុវត្តតាម​កា​រ​រឹតបន្តឹង​ថ្មី​ បន្ទាប់ពី​ការបង្ហាញ​របស់​សកម្ម​ភាព​មន្ត្រី​គណ​​បក្ស Downing Street របស់លោក Johnson ដែល​បាន​រំលោភច្បាប់​រឹតបន្តឹង​កាលពី​លើក​មុន​។​

​នាយករដ្ឋមន្ត្រី​ក៏បាន​និយាយ​ផងដែរ​ថា ការ​រឹតបន្តឹង​ជំងឺ​កូ​វីដ មិនអាច​ស្ថិតស្ថេរ​ជា​រៀងរហូត​ទេ ហើយ​ប្រទេស​នេះ ប្រហែលជា​ត្រូវមាន "​ការសន្ទនា​" អំពី​អ្វីដែល​ត្រូវធ្វើ​។

​យ៉ាងណាមិញ សមាជិកសភា​ជាច្រើន​នៅក្នុង​គណបក្ស​ផ្ទាល់​របស់ Johnson ក៏​ខឹង​នឹង​ការ​រឹតបន្តឹង​ថ្មី​ផងដែរ ដោយ​ខ្លាច​ឥទ្ធិពល បន្សល់​ពី​ការបិទ​ខ្ទប់​នេះ​កាន់តែ​អាក្រក់​ឡើង បន្ទាប់ពី​សេដ្ឋកិច្ច​ក្នុងប្រទេស​ធ្លាក់ចុះ​ជា​ប្រវត្តិ​សាស្ត្រ​ដល់​ទៅ ​១០​ភាគរយ កាលពី​ឆ្នាំមុន​មកម្ល៉េះ​។​

​ផែនការ​ថ្មី​នេះ បាន​ដាក់ចេញ​ក្រោយពេល​ប្រទេស​នេះ​រកឃើញ​ករណី​អូ​មី​ក្រុង​ប្រមាណ ៥៦៨ ករណី​ដោយ​ទិន្នន័យ​ខ្លះ បង្ហាញថា ចំនួន​នេះ​មានការ​កើនឡើង​ទ្វេដង​ក្នុង​ចន្លោះ​ពី​ ​២ ទៅ​ ៣ ​ថ្ងៃ​ប៉ុណ្ណោះ​។​

​លេខាធិការ​សុខាភិបាល​លោក Sajid Javid បាន​និយាយថា ​ក្រុមមន្ត្រី​បាន​ប៉ាន់ប្រមាណ​ថា ចំនួន​នៃ​ការឆ្លង​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​ពិតជា​ខ្ពស់ជាង​ចំនួន​ករណី​ដែល​បានបញ្ជាក់​ប្រហែល ២០ ដង ពោលគឺ​ករណីនេះ​អាច​នឹងមាន​ឆ្លង​រហូតដល់​ ១ ​ម៉ឺន​ករណី​ឯណោះ​៕