កាល​ពី​ថ្ងៃ​ពុធ ទី​៨ ធ្នូ​ សភា​តំណាង​អាមេរិក ​បាន​អនុម័ត​សេចក្ដីព្រាង​ច្បាប់​មួយ ​ដើម្បី​ហាម​ឃាត់​ការ​នាំ​ចូល​ផលិតផល​ពី​តំបន់​ស៊ីនជាំង​ប្រទេស​ចិន​ ជុំវិញ​ការ​ព្រួយ​បារម្ភ​អំពី​ពលកម្ម​ដោយ​បង្ខំ ដោយ​នេះ​គឺ​ជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​៣ ​ដែល​ទទួល​ការ​គាំទ្រ​លើសលប់ ខណៈ​ក្រុង​វ៉ាស៊ីនតោន​បង្កើន​ការ​ប្រឆាំង​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ក្រុង​ប៉េកាំង​ទៅ​លើ​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​។

សភា​តំណាង​អាមេរិក​បាន​បោះឆ្នោត​ក្នុង​សំឡេង​ ៤២៨-១ ដើម្បី​អនុម័ត​លើ​សេចក្ដីព្រាង​ច្បាប់​ស្ដី​ពី​ការ​ទប់​ស្កាត់​ពលកម្ម​ដោយ​បង្ខំ​ជនជាតិ​អ៊ុយហ្គ័រ​។ ដើម្បី​ចូល​ជា​ធរមាន​សេចក្ដីព្រាងច្បាប់​នេះ​ត្រូវ​តែ​អនុម័ត​ដោយ​ព្រឹទ្ធសភា​អាមេរិក​ និង​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​ចូ បៃដិន​។

សេចក្ដីព្រាងច្បាប់​នេះ​បាន​បង្កើត​ «ការ​សន្មត​អាច​ប្រកែក​បាន​» ថា​ផលិតផល​ទាំង​អស់​មក​ពី​តំបន់​ស៊ីនជាំង​ គឺ​ត្រូវ​បាន​ផលិត​ដោយ​ពលកម្ម​ដោយ​បង្ខំ​ នៅ​តាម​បណ្ដាញ​ជំរំ​ឃុំឃាំង​ជនជាតិ​អ៊ុយហ្គ័រ និង​ជនជាតិ​ភាគតិច​មូស្លីម​ដទៃ​ទៀត​។

សហរដ្ឋអាមេរិក និង​ប្រទេស​លោក​ខាង​លិច​ដទៃ​ទៀត​ បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ជនជាតិ​ភាគ​តិច​ទាំង​នេះ ប៉ុន្តែ​ក្រុង​ប៉េកាំង​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ ហើយ​និយាយ​ថា​បញ្ហា​នៅ​តំបន់​ស៊ីនជាំង​ គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​។

សភា​តំណាង​ក៏​បាន​អនុម័ត​វិធានការ​២​ផ្សេង​ទៀត​ផង​ដែរ​។ សភា​តំណាង​ បាន​អនុម័ត​សេចក្ដី​សម្រេច​មួយ​ក្នុង​សំឡេង​ ៤២៨-០ ចោទ​ប្រកាន់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ថា​បាន​រំលោភ​លើ​ការ​សន្យា​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ដោយ​សហការ​ជាមួយ​រដ្ឋាភិបាល​ចិន។ ពួកគេ​ក៏​បាន​អនុម័ត​សេចក្ដី​សម្រេច​មួយ​ទៀត​ក្នុង​សំឡេង​ ៤២៧-១ ថ្កោល​ទោស​ «អំពើ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​»​ របស់​ក្រុង​ប៉េកាំង​ទៅ​លើ​ជនជាតិ​ភាគតិច​ ហើយ​បាន​ជំរុញ​ឱ្យ​អង្គការ​សហប្រជាជាតិ​ចាត់​វិធានការ​៕