កាល​ពី​ថ្ងៃ​ពុធ ទី​៨ ធ្នូ​ សហភាព​អឺរ៉ុប​ បាន​ធ្វើ​សំណើ​វិធានការ​ថ្មី​មួយ​ដែល​អនុញ្ញាត​ឱ្យ​ពួកគេ​ដាក់​ទណ្ឌកម្ម​លើ​ភាគី​ណា​មួយ ដែល​ព្យាយាម​ជិះ​ឥទ្ធិពល​លើ​គោលនយោបាយ​អឺរ៉ុប​ តាម​រយៈ​សម្ពាធ​សេដ្ឋកិច្ច​ ឬ​ពហិការ​មិន​ទិញ​ផលិតផល​អឺរ៉ុប​។

គណៈកម្មាធិការ​អឺរ៉ុប ដែល​ជា​អំណាច​នីតិ​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប បាន​ដាក់​ចេញ​នូវ​អ្វី​ដែល​ពួកគេ​ហៅ​ថា «ឧបករណ៍​ប្រឆាំង​ការ​បង្ខិតបង្ខំ​» ទាក់ទង​នឹង​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​សម្ពាធ​ពាណិជ្ជកម្ម​អយុត្តិធម៌ ដោយ​លើក​ហេតុផល​ ថា​ឧបករណ៍​ថ្មី​គឺ​ចាំបាច់​ ដោយ​សារ​តែ «ការ​ធ្វើ​ឱ្យ​ពាណិជ្ជកម្ម​ក្លាយ​ជា​អាវុធ សម្រាប់​គោលបំណង​ភូមិសាស្ត្រ​នយោបាយ​ផ្សេង​ទៀត»​។

វិធានការ​ស្នើ​ឡើង​នេះ​ នឹង​ផ្ដល់​អំណាច​យ៉ាង​ទូលំទូលាយ​ឱ្យ​គណៈកម្មការ​អឺរ៉ុប​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ជា​ធរមាន​ទៅ​លើ​បុគ្គល​ ក្រុមហ៊ុន​ និង​ប្រទេស​ណា​មួយ​។ យន្តការ​ទណ្ឌកម្ម​រួម​មាន​ការ​បង្កើន​ពន្ធ​នាំ​ចូល ការ​កំណត់​កូតា​ ការ​រឹត​បន្តឹង​ការ​ប្រើប្រាស់​កម្មសិទ្ធិ​បញ្ញា​ ការ​កំណត់​សិទ្ធិចូល​រួម​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​អឺរ៉ុប​ ការ​កំណត់​ការ​ចូល​រួម​ក្នុង​លទ្ធកម្ម​សាធារណៈ​ និង​ការ​កំណត់​ការ​ចូល​រួម​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ឧបត្ថម្ភ​ដោយ​សហភាព​អឺរ៉ុប​។

វិធានការ​នេះ​ក៏​ដាក់​កម្រិត​លើ​សិទ្ធិ​របស់​ប្រទេស​ជា​សមាជិក​នីមួយ​ៗ​ក្នុង​ការ​វេតូ​រារាំង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ទី​៣​។ ក្រោម​កំណែ​ទម្រង់ការ​ដាក់​ទណ្ឌកម្ម​អាច​រារាំង​បាន​ដោយ​សំឡេង​ភាគ​ច្រើន​នៃ​ប្រទេស​ជា​សមាជិក​ ខុស​ពី​ប្រព័ន្ធ​ឯកតោភាគី​នា​ពេល​បច្ចុប្បន្ន​។

ដើម្បី​ក្លាយ​ជា​ច្បាប់ សំណើ​នេះ​ត្រូវ​តែ​អនុម័ត​ដោយ​សំឡេង​ភាគ​ច្រើន​នៃ​ប្រទេស​ជា​សមាជិក និង​ដោយ​សភា​អឺរ៉ុប​។ សំណើ​នេះ​ទំនង​ជា​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​ពី​ប្រទេស​សមាជិក​មួយ​ចំនួន ដូចជា​ប្រទេស​ស៊ុយអែត និង​សាធារណរដ្ឋឆែក ដែល​ព្រួយ​បារម្ភ​ថា​វិធានការ​នេះ​អាច​បំពាន​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​មាន​ភាព​មិន​សមាមាត្រ​៕