ក្នុងអំឡុង​វីដេអូ​ខ​ល​កាលពី​ថ្ងៃ​អង្គារ​ ទី ៧ ធ្នូ ដែល​ធ្វើឡើង​ចំពេល​ដែល​ភាព​តាន​​តឹង​កំពុង​កើនឡើង​ ជុំវិញ​ការប្រមូលផ្ដុំ​នៃ​ទាហាន​រុស្ស៊ី​តាម​ព្រំដែន​ប្រទេស​អ៊ុយ​-​ក្រែ​ន​ប្រធានាធិបតី​អាមេរិក ​លោក​ ចូ បៃ​ដិ​ន បាន​បដិសេធ​មិន​ទទួលយក «​ខ្សែបន្ទាត់​​ក្រហម​» របស់​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ា​ឌី​មៀរ ពូ​ទីន ជុំវិញ​អ៊ុយ​ក្រែ​ន​។​

​នេះ​មានន័យថា សហរដ្ឋអាមេរិក​បាន​ច្រានចោល​ការទាមទារ​រប​ស់លោក ​ពូ​ទីន ឱ្យ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (​ណា​តូ​) បដិសេធ​ឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​ចូលរួម​ជា​សមាជិក​ក្នុង​សម្ព័ន្ធ​ភាព​យោធា​។ សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាង​ជើងបាន​ចែងថា ប្រសិនបើ​សមាជិក​ណាមួយ​រង​ការវាយប្រហារ​ពី​ខាងក្រៅ នោះ​សមាជិក​ទាំងអស់​ត្រូវ​ជួយ​ការពារ​ប្រទេស​នោះ​។​

​ក្នុងអំឡុងពេល​វីដេអូ​ខ​ល​ខាងលើ​លោក ពូ​ទីន បាន​ប្រា​ប់លោក​ បៃ​ដិ​ន ​ថា ការ​ព្យា​យាម​របស់​អ៊ុយ​ក្រែ​ន​ដើម្បី​ធ្វើជា​សមាជិក​ក្នុង​អង្គការ​ណា​តូ​ដាច់ខាត​ត្រូវតែ​បដិសេធ ជា​ថ្នូរ​នឹង​ការ​ធានាថា យោធា​រុស្ស៊ី នឹងមិន​ធ្វើការ​វាយប្រហារ​ទៅលើ​ប្រទេស នេះ​ទេ​។ ប្រទេស​អ៊ុយ​ក្រែ​ន បាន​ព្យាយាម​ចូលរួម​ក្នុង​អង្គការ​ណា​តូ​ចាប់តាំងពី​ឆ្នាំ ២០០២ មកម្ល៉េះ​។​

​វិមាន​ក្រឹម​ឡាំង​បានចាត់ទុក​ការពង្រីក​របស់​អង្គការ​ណា​តូ​មក​អឺរ៉ុប​ខាងកើត ថា ជាការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​ដោយផ្ទាល់ ដោយ​លើក​ហេតុផល​ថា​ការទទួលយក​អ៊ុយ​ក្រែ​ន​ទៅក្នុង​សម្ព័ន្ធ​ភាព​យោធា​អាច​បណ្ដាលឱ្យមាន​ចលនា​ទាហាន​ណា​តូ​នៅតាម​ព្រំដែន​រុស្ស៊ី​។​

​លោក ពូ​ទីន បាន​សង្កត់ធ្ងន់​ប្រាប់​លោក ​បៃ​ដិ​ន ​ថា អង្គការ​ណា​តូ​ទទួល​​ខុសត្រូវ​ចំពោះ​ការបង្កើន​ភាព​តានតឹង​នៅតាម​ព្រំដែន​របស់​រុស្ស៊ី ហើយ​បាន​ចោទប្រកាន់​សម្ព័ន្ធភាព​ស​មា​ជិ​ក​ ៣០ ប្រទេស​នេះ​ថា​ បាន​កសាង​កម្លាំងយោធា​ក្នុង​រដ្ឋ​ដែល​នៅជាប់​នឹង​ប្រទេស​រុស្ស៊ី​។​

​រដ្ឋបាល​លោក ​បៃ​ដិ​ន មានបំណង​ចង់​បញ្ជាក់​ឱ្យ​ច្បាស់​ដល់​រុស្ស៊ី និង​ពិភពលោក​ថា ខ្លួន​បានរៀបចំ​ឱ្យមាន​វិធានការ​តឹងរ៉ឹង​ជាង​មុន​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៤ ​នៅពេលដែល​កងកម្លាំង​រុស្ស៊ី​បាន​បាន​កាត់​យក​ឧបទ្វីប​គ្រី​មា​ប​ស់អ៊ុយ​ក្រែ​ន​។​

​នៅពេលដែល​អ្នកសារព័ត៌មាន​សួរថា​តើ​លោក​ បៃ​ដិ​ន បាន​ដោះស្រាយ «​ខ្សែ​បន្ទាត់​ក្រហម​» របស់​លោកពូ​ទីន​ដែរឬទេ​? ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក​ ជេ​ក​ សូ​​លី​វ៉ាន់ និយាយថា លោក ​បៃ​ដិ​ន ​មិនបាន «​ធ្វើការ​សន្យា ឬ​សម្បទាន​នោះទេ​»​។​

​លោក ​សូលី​វ៉ាន់ ​និយាយថា​៖ «​លោក ​បៃ​ដិ​ន ឈរ​ជាមួយ​គំនិត​ដែល​ប្រទេស​នានា​គួរតែ​អាច​ជ្រើសរើស​ដោយ​សេរី​ថា ពួកគេ​ភ្ជាប់​ជាមួយ​នរណា​?»​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ លោក​ បៃ​ដិ​ន ​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ជម្រើស​ដាក់ពង្រាយ​ទាហាន​អាមេរិក​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​រារាំង​ការឈ្លានពាន​ដោយ​រុស្ស៊ី គឺ «​មិនមាន​នៅលើ​តុ​ទេ​»​។ លោក​និយាយថា អាមេរិក​មាន​កាតព្វកិច្ច​ការពារ​សម្ព័ន្ធមិត្ត​ណា​តូ ​ប្រសិនបើ​ពួកគេ​រង​ការ​វាយប្រហារ ប៉ុន្តែ​កាតព្វកិច្ច​នេះ​ គឺ​មិន​ពង្រីក​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ​។​

«​វា​នឹង​អាស្រ័យ​លើ​អ្វីដែល​ប្រទេស​ផ្សេងទៀត​នៃ​អង្គការ​ណា​តូ​មាន​ឆន្ទៈ​ធ្វើ​ផងដែរ​» លោក​បៃ​ដិ​ន​និយាយ​បែបនេះហើយ​បន្តទៀតថា​៖ «​ប៉ុន្តែ​គំនិត​ដែល​អា​មេ​រិ​ក នឹង​ប្រើ​កម្លាំង​ជា​ឯកតោភាគី​ ដើម្បី​ប្រឈមមុខ​នឹង​រុស្ស៊ី​ដែល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​មិន​ស្ថិតក្នុង​សន្លឹក​បៀ​នៅពេលនេះ​ទេ​»​។​

​អ៊ុយ​ក្រែ​ន បាន​ព្រមាន​ក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​អស់​ជាច្រើន​សប្តាហ៍​ថា ទាហាន​រុស្ស៊ី​កំពុង​ប្រមូល​ផ្តុំគ្នា​នៅតាម​បណ្ដោយ​ព្រំដែន​ភាគ​ខាងកើត​របស់ខ្លួន ដែលជា​ការអភិវឌ្ឍ​ដែល​ធ្វើ​ត្រាប់​តាម​ការ​លុកលុយ​របស់​ក្រុង​មូ​ស្គូ​នៅ​ឧបទ្វីប​គ្រី​មា​ឆ្នាំ ​២០១៤​។ ការ​កាត់​យក​ឧបទ្វីប​សមុទ្រ​ខ្មៅ​បាន​បង្កឱ្យមាន​ការ​ចលាចល​ជា​អន្តរជាតិ និង​បាន​បង្កឱ្យមាន​ការដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​លើ​ក្រុង​ម៉ូស្គូ​។​

​រុ​ស្ស៊ី បាន​ច្រានចោល​ការចោទប្រកាន់​ទាំងនេះ​។​

​កាលពី​សប្ដាហ៍​មុន​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក​ ជេន ស្តូ​ល​ធី​ន​ប៊ឺ​ក បាន​អំពាវនាវ​ដល់​ក្រុង​មូ​៉​ស្គូ​ឱ្យ​បន្ថយ​ភាព​តានតឹង និង​បានបញ្ជាក់​ជាថ្មី​ថា​ការប្ដេជ្ញាចិត្ត​របស់​សម្ព័ន្ធ​ភាព​យោធា​ចំពោះ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន «​នៅតែ​មិន​ប្រែប្រួល​»​។​

​លោក​បាន​និយាយថា​៖ «​អ៊ុយ​ក្រែ​ន​ជា​ប្រទេស​អធិបតេយ្យ និង​ឯករាជ្យ​ហើយ​គ្រប់​ប្រទេស​ដែលមាន​អធិបតេយ្យភាព ឯករាជ្យ មាន​សិទ្ធិ​ជ្រើសរើស​ផ្លូវ​របស់ខ្លួន រួមទាំង​ផែនការ​សន្តិសុខ​បែបណា​ដែល​ខ្លួន​ចង់​ចូលរួម​។ ដូច្នេះ​វា​អាស្រ័យ​លើ​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត​ទាំង ​៣០ ក្នុងការ​សម្រេច​ថា ពេលណា​អ៊ុយ​ក្រែ​ន​ត្រៀមខ្លួន​ជាស្រេច​ ដើម្បី​ចូលរួម​ក្នុង​សម្ព័ន្ធភាព​»​។​

​លោក​បន្តទៀតថា​៖ «​រុស្ស៊ី​គ្មាន​សិទ្ធិ​វេតូ គ្មាន​សិទ្ធិ​ជ្រៀតជ្រែក​ក្នុង​ដំណើរការ​នេះ​ទេ​»​។​

​យ៉ាងណាមិញ លោក ពូ​ទីន ​បាន​និយាយថា ទីក្រុង​ម៉ូស្គូ​នឹង​បញ្ជូន​គំនិត​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​រយៈពេល​ ១​ សប្ដាហ៍ ដើម្បី​តប​តាម​កិច្ចពិភាក្សា​របស់លោក​ជាមួយ​លោក​ បៃ​ដិ​ន នៅ​ថ្ងៃ​អង្គារ​។​

​លោក ​បៃ​ដិ​ន បាន​និយាយថា លោក​សង្ឃឹមថា នឹងមាន​សេចក្តីប្រកាស​មួយ​នៅ​ថ្ងៃ​សុក្រ អំពី​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ជា​មួយ​រុស្ស៊ី និង​សម្ព័ន្ធមិត្ត​ណា​តូ​សំខាន់ៗ ដើម្បី​ពិភាក្សា​អំពី «​ការព្រួយបារម្ភ​របស់​ទីក្រុង​មូ​៉​ស្គូ​ទាក់ទង​នឹង​អង្គការ​ណា​តូ​» ​និង​លទ្ធភាព​នៃ «​ការទម្លាក់​សីតុណ្ហភាព​នៅតាម​បណ្ដោយ​ភាគ​ខាងកើត​»៕

វីដេអូ៖