កោះ​តៃវ៉ាន់ បាន​បាត់បង់​ប្រទេស​នី​កា​​រ៉ា​ហ្គា​ជា​សម្ព័ន្ធមិត្ត​ការទូត​ដ៏​សំខាន់​មួយ បន្ទាប់ពី​ប្រទេស​អាមេរិក​កណ្ដាល​នេះ ​ប្រកាស​ប្ដូរ​ការទទួលស្គាល់​ទៅ​សា​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន​វិញ ​បន្ទាប់ពី​ខ្លួន​ចាត់​កោះ​នេះ​ថា ​ជា​ដែនដី​របស់ខ្លួន​។​

«​មាន​ចិន​តែមួយ​ទេ​» រដ្ឋាភិបាល​នី​កា​រ៉ា​ហ្គា​ថ្លែង​បែបនេះ​ក្នុង​សេចក្ដីថ្លែងការណ៍​ប្រកាស​ការផ្លាស់ប្ដូរ​នេះ​កាល​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​សប្ដាហ៍​មុន ហើយ​បន្តទៀតថា​៖ «​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ គឺជា​រដ្ឋា​ភិ​បាល​ស្របច្បាប់​តែ ​១ ​គត់ ​ដែល​តំណាងឱ្យ​ប្រទេស​ចិន ​ទាំង​អស់ហើយ​តៃវ៉ាន់​ គឺជា​ចំណែក​មួយ​ដែល​មិនអាច​កាត់ផ្ដាច់​បាន​នៃ​ទឹកដី​ចិន​»​។​

​សេចក្ដីថ្លែងការណ៍​នេះ​បន្តថា​៖ «​គិត​ត្រឹម​ថ្ងៃនេះ​នី​កា​រ៉ា​ហ្គា​បាន​ផ្ដាច់ទំនាក់ទំនង​ការទូត​របស់ខ្លួន​ជាមួយ​តៃវ៉ាន់ ហើយ​ឈប់​មានការ​ទាក់ទង ឬ​ទំនាក់ទំនង​ផ្លូវ​ការ​ទៀតហើយ​»​។​

​ការផ្លាស់ប្ដូរ​នេះ​បាន​កាត់បន្ថយ​ការ​​ចូលរួម​របស់​កោះ​តៃវ៉ាន់​នៅ​ឆាក​អន្តរជាតិ បើទោះបីជា​កោះ​នេះ ព្យាយាម​កសាង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដូច​ជាលី​ទុយ​អា​នី និង​ស្លូ​វ៉ា​គី​ក៏ដោយ​ដែល​នៅ​មិនទាន់មាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​តៃវ៉ាន់​នៅឡើយ​។ ឥឡូវនេះ តៃវ៉ាន់​នៅសល់​សម្ព័ន្ធមិត្ត​ការទូត​ចំនួន ​១៤ ប្រទេស​ប៉ុណ្ណោះ ដែល​ភាគច្រើន​ជា​ប្រទេស​ក្រី​ក្រ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច កា​រា​បៀ​ន និង​អាមេរិក​ឡាទីន ដោយ​ករណី​លើកលែងតែ​ ១ ​គត់ គឺ​បុរី​វ៉ា​ទី​កង់​។​

​បើទោះបីជា​ប្រទេស​ទាំងនេះ​ជា​ប្រទេស​ក្រីក្រ​ក៏ដោយ ការបាត់បង់​ទំនាក់ទំនង​ការទូត​ផ្លូវការ បាន​រឹតបន្តឹង​សមត្ថភាព​ថ្នាក់ដឹកនាំ​តៃវ៉ាន់​ក្នុងការ​ធ្វើដំណើរ​ទស្សន​កិច្ច​ផ្លូវរដ្ឋ​នៅ​បរទេស និង​ស្របតាម​ការ​ពិពណ៌នា​របស់​ក្រុង​ប៉េកាំង​ថា តៃវ៉ាន់ កំពុង​ចាញ់​សង្គ្រាម​ការទូត​ហើយនឹង​ត្រូវ​បង្ខំចិត្ត​ទទួលយក​លទ្ធផល​នៃ​ការរួបរួម​នយោបាយ​ដែល​ចៀស​មិន​រួច​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ក្រសួងការបរទេស​តៃវ៉ាន់​បាន​សម្ដែង​ «​ការ​សោកសៅ និង​សោកស្ដាយ​» ចំ​​ពោះ​ការផ្ដាច់​ទំនាក់ទំនង​នេះហើយ​បាន​និយាយថា ខ្លួន​នឹង​កោះហៅ​បុគ្គលិក​ការ​​ទូត​របស់ខ្លួន​ឱ្យ​ត្រឡប់មក​មាតុប្រទេស​ជាបន្ទាន់​។​

«​លទ្ធិប្រជាធិបតេយ្យ​រប​ស់​តៃវ៉ាន់​កាន់​​តែ​ជោគជ័យ​ និង​ការគាំទ្រ​អន្តរជាតិ​កាន់​​តែ​ច្រើន​នោះ​សម្ពាធ​កាន់តែខ្លាំង​ពី​ជំរំ​ផ្ដាច់ការ​» ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី ​សៃ អ៊ីង​វិ​ន បាន​និយាយ​បែបនេះ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការប្រកាស​របស់​នី​កា​រ៉ា ហ្គា​ហើយ​បន្តទៀតថា​៖ «​មិន​ថា​វា​ជា​សម្ពាធ​ការទូត ឬ​ការបំភិតបំភ័យ​ផ្នែក​យោធា​ទេ យើង​នឹងមិន​ផ្លាស់ប្ដូរ​ការប្ដេជ្ញាចិត្តរ​បស់​យើង​ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​សេរីភាព ដើម្បី​ឡើងលើ​ឆាក​អន្តរជាតិ និង​ចូលរួម​នោះទេ​»​។​

​រដ្ឋាភិបាល​នី​កា​រ៉ា​ហ្គា​មិនបាន​ផ្ដល់​ហេតុផល​ចំពោះ​ផ្លាស់ប្ដូរ​ទំនាក់ទំនង​ការទូត​ទេ​។ ប៉ុន្តែ​ការផ្លាស់ប្ដូរ​នេះ គឺ​ស្របតាម​អ្វីដែល​បានកើត​នៅក្នុង​ប្រទេសជិតខាង​ដូចជា​ប៉ា​ណា​ម៉ា និង​កូ​ស្តា​រី​កា​ដែល​មើលឃើញ​ផលប្រយោជន៍​នៃ​ទំនាក់​ទំ​នង​ជាមួយ​ចិនដីគោក ហើយ​បាន​ផ្លាស់​មក​ទទួលស្គាល់​ក្រុង​ប៉េកាំង​វិញ​។ រួមជាមួយ​នឹង​ជំនួយ​អភិវឌ្ឍន៍ ប្រាក់កម្ចី​និង​ការលើកទឹកចិត្ត​ផ្សេងទៀត អ្នក​រិះគន់​បាន​ចោទប្រកាន់​ទីក្រុង​ប៉េកាំង​ថា ប្រើប្រាស់​វិធីសាស្ត្រ​ទុច្ចរិត​មួយចំនួន​ដូចជា​ការគំរាមកំហែង និង​ការ​សូក​សំណូក ​ដើម្បី​កម្ចាត់​សម្ព័ន្ធមិត្ត​របស់​តៃវ៉ាន់ ប៉ុន្តែ​គេ​មិនទាន់​ឃើញ​ភ័ស្តុតាង​នៃ​ការធ្វើ​បែប​នៅឡើយ​ទេ​។​

​បន្ថែម​ពីលើ​នេះ​ទៅទៀត​ប្រធានាធិបតី​នី​កា​រ៉ា​ហ្គា​លោក​ដា​នី​យ៉ែ​ល អ័​រ​តេ​ហ្គា បាន​ប្រឈមមុខ​នឹង​ការកើនឡើង​សម្ពាធ​ពី​លោកខាងលិច ជាពិសេស​នៅពេល​ថ្មីៗ​នេះ​អាមេរិក បាន​និយាយថា ការបោះ​ឆ្នោត​ប្រធានាធិបតី​នី​កា​រ៉ា​ហ្គា​ កាលពី​ខែ​មុន​ថា​ ជា «​ល្ខោន​បោះឆ្នោត​»​។ សម្ពាធ​បែបនេះ អាចធ្វើឱ្យ​លោក​អ័​រ​តេ​ហ្គា​ទទួលយក​ការផ្ដល់​យក​របស់​ក្រុង​ប៉េកាំង ហើយ​ផ្លាស់ប្ដូរ​ទំនាក់ទំនង​។​

​កាលពី​ថ្ងៃ​សុក្រ រដ្ឋាភិបាល​នី​កា​រ៉ា​ហ្គា​បាន​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​ផ្លូវការ​មួយ​នៅ​ទីក្រុង​ធាន​ជីន ​ដើម្បី​បង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ​ជាមួយ​ប្រ​ទេស​ចិន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ វ៉ាង វីន​ប៊ី​ន បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​៖ «​ការបន្ត​ទំនាក់ទំនង​ការទូត​រវាង​ចិន និង​នី​កា​រ៉ា​ហ្គា គឺជា​ការសម្រេចចិត្ត​គោលនយោបាយ ហើយ​ពិតជា​មិនមែនជា​ការដោះដូរ​អ្វី​ទេ​»​។ លោក​បដិសេធថា​មិនមាន «​លក្ខខណ្ឌ​សេដ្ឋកិច្ច​» ណាមួយ​ក្នុង​ការបង្កើត​ចំណងទាក់ទង​នេះ​ទេ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ ប្រទេស​ចិន ​បាន​ដណ្ដើម​សម្ព័ន្ធ​ការទូត​របស់​តៃវ៉ាន់​ជាច្រើន ធ្វើឱ្យ​កាត់បន្ថយ​ចំនួន​នៃ​ប្រទេស​ដែល​ទទួលស្គាល់​កោះ​នេះ​ថា ​ជា​ប្រទេសមួយ​។ កាលពី​ឆ្នាំ ២០១៩ ប្រជុំ​កោះ​សា​ឡូ​ម៉ូ​ន​បានជ្រើសរើស​ទទួលស្គាល់​ប្រទេស​ចិន ហើយ​បានកាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​។​

​ប្រទេស​ចិន ​ក៏​ជំទាស់​ការចូលរួម​រប​ស់​តៃវ៉ាន់​ក្នុង​ស្ថាប័ន​អន្តរជាតិ​ផងដែរ​។ ចិន​បានចាប់ផ្ដើម​ដាក់​សម្ពាធ​លើ​ស្ថាប័ន​អន្តរជាតិ​ចាប់តាំងពី​ការបណ្ដេញ​តៃវ៉ាន់​ចេញពី​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ ១៩៧១ ហើយ​សម្ពាធ​នេះ​កាន់តែ​កើនឡើង​បន្ទាប់ពី​លោកស្រី​សៃ​ចូលកាន់​អំ​ណា​ច​។ ក្នុងអំឡុងពេល​នៃ​ការរីក​រាល​​ដាល​ជំងឺ​កូ​វីដ ​១៩ ឋានៈ​របស់​តៃវ៉ាន់​ជា​អ្នកសង្កេតការណ៍​នៅ​មហាសន្និបាត​សុខ​​ភាព​ពិភពលោក​ត្រូវបាន​ដក​៕

វីដេអូ៖