កាល​ពី​ថ្ងៃ​សៅរ៍​កន្លងទៅ​ ​ក្រុម​ប្រទេស​អ្នក​មាន ហៅកាត់​ថា ​G7 បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​រុស្ស៊ី ​កុំ​ឱ្យ​ឈ្លានពាន​ចូល​ប្រទេស​អ៊ុយក្រែន​ ដោយ​ធ្វើ​ការ​ព្រមាន​អំពី​ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​ការ​លុកលុយ​ណា​មួយ​ ហើយ​បាន​ជំរុញ​ឱ្យ​ក្រុងម៉ូ​ស្គូ​វិល​ត្រឡប់​មក​តុ​ចរចា​វិញ​។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក បារាំង អ៊ីតាលី អាល្លឺម៉ង់ ជប៉ុន កាណាដា និង​សហភាព​អឺរ៉ុប​បាន​ជួប​ប្រជុំ​នៅ​ទីក្រុង​លីវឺភូល​ ចក្រភព​អង់គ្លេស​។ កិច្ច​ប្រជុំប្រទេស​​មាន​សេដ្ឋ​កិច្ច​ជឿន​លឿន​G7នេះ​ ធ្វើ​ឡើង​នៅ​ពេល​ដែល​ប្រទេស​លោក​ខាង​លិចទាំង​នេះ​ ​ព្រួយបារម្ភ​អំពី​មហិច្ឆតា​យោធា និង​សេដ្ឋកិច្ច​របស់​ចិន ការ​បរាជ័យ​កិច្ច​ពិភាក្សា​ដើម្បី​ទប់​ស្កាត់​អ៊ីរ៉ង់​ក្នុង​ការ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​រក​អាវុធ​នុយក្លេអ៊ែរ​ និង​ការ​ប្រមូល​ផ្ដុំ​កងទ័ព​រុស្ស៊ី​​យ៉ាង​ច្រើន​នៅ​តាម​ព្រំដែន​អ៊ុយក្រែន​។

ក្នុង​ការ​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​ រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​លោក​ ​ស្រី​លីស ត្រាស់​ស៍​លើក​ឡើង​​​ថា​ G7 ត្រូវ​តែ​និយាយ​ក្នុង​សំឡេង​តែ​មួយ​។ លោក​ស្រី​និយាយ​ថា​៖ «យើង​ត្រូវ​ការពារ​ខ្លួន​យើង​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដែល​កំពុង​កើន​ឡើង​ពី​តួអង្គ​អរិភាព ហើយ​យើង​ត្រូវ​រួម​គ្នា​យ៉ាង​ខ្លាំង​ដើម្បី​ក្រោក​ឈរ​ឡើង​ចំពោះ​អ្នក​អរិភាព​ដែល​ស្វែង​រក​ការ​កំណត់​ព្រំដែន​នៃ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​»​។

មន្ត្រី​ការបរទេស​អាមេរិក​មួយ​រូប​និយាយ​ថា​ G7 ពិត​ជា​រួបរួម​គ្នា​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស​ជា​មួយ​នឹង​ផល​វិបាក​ធ្ងន់ធ្ងរ​ ប្រសិន​បើ​រុស្ស៊ី​​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​នៅ​តែ​មាន​ផ្លូវ​ការទូត​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ជាមួយ​រុស្ស៊ី​។

អ៊ុយក្រែន​ បាន​ក្លាយ​ជា​ចំណុច​កណ្ដាល​នៃ​ភាព​​តានតឹង​រវាង​លិច-កើត​ ខណៈ​ពេល​ដែល​ខ្លួន​បាន​ចោទ​ប្រកាន់​រុស្ស៊ី ថា​បាន​ប្រមូល​ផ្ដុំ​ទាហាន​រាប់​ម៉ឺន​នាក់​នៅ​តាម​ព្រំដែន ដើម្បី​ត្រៀម​ធ្វើ​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយ​ធំ​។

រុស្ស៊ី​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ហើយ​​បាន​ចោទ​ប្រកាន់​អ៊ុយក្រែន​ និង​អាមេរិក​ថា​កំពុង​បង្ក​អស្ថិរភាព​ក្នុង​តំបន់​ រួច​បាន​និយាយ​ថា ​ខ្លួន​ត្រូវ​ការ​ការ​ធានា​សន្តិសុខ​ពី​លោក​ខាងលិច​ធ្វើ​ដើម្បី​ការពារ​ខ្លួន​៕