
លោកស្រី អេនជេឡា មឺកែល។ AFP
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ថ្មី លោកស្រី Annalena Baerbock បាននិយាយកាលពីថ្ងៃអាទិត្យថា គម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream 2 ពីប្រទេសរុស្ស៊ីនឹងមិនត្រូវបានអនុញ្ញាតឱ្យដំណើរការទេ ប្រសិនបើមានសកម្មភាពថ្មីណាមួយនៅក្នុងអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងរវាងទីក្រុងប៊ែរឡាំងនិងទីក្រុងវ៉ាស៊ីនតោន។
លោកស្រី Baerbockបានប្រាប់ស្ថានីយទូរទស្សន៍អាល្លឺម៉ង់ ZDF ដោយបញ្ជាក់ពីការគំរាមកំហែងពីមុនដែលធ្វើឡើងដោយអធិការបតីអាល្លឹម៉ង់លោកOlaf Scholzថា៖«ប្រសិនបើមានសកម្មភាពណាថ្មីធ្វើឡើងនោះបំពង់បង្ហូរឧស្ម័ននេះនឹងមិនអាចដំណើរការបានទេ»។
លោកស្រី Baerbockបាននិយាយយ៉ាងដូច្នេះ បន្ទាប់ពីកិច្ចប្រជុំ G7 ចុងសប្តាហ៍ស្តីពីភាពតានតឹងជាមួយរុស្ស៊ី និងជាមួយដៃគូអឺរ៉ុបរបស់លោកស្រីកាលពីថ្ងៃចន្ទ។
លោក Scholz បាននិយាយមុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញថា៖ «វានឹងជាកំហុសដ៏ធ្ងន់ធ្ងរមួយក្នុងការជឿថាការរំលោភព្រំដែននៃប្រទេសអឺរ៉ុបមួយនឹងនៅតែមានដោយគ្មានផលវិបាក»។
គួរបញ្ជាក់ផងដែរថា បំពង់បង្ហូរប្រេងដែលត្រូវបានគាំទ្រដោយប្រធានាធិបតីរុស្ស៊ី Vladimir Putin និងដោយអ្នកកាន់តំណែងមុនរបស់ Scholz Angela Merkel ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះត្រូវបានប្រទេសជាច្រើនរិះគន់យ៉ាងខ្លាំង។
សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបខាងកើតមួយចំនួនព្រួយបារម្ភថា អឺរ៉ុបពឹងលើរុស្ស៊ីរបស់លោកពូទីនពេក។
ជាងនេះទៅទៀត អ៊ុយក្រែន រហូតមកដល់ពេលនេះក៏ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសត្រូវហូរឆ្លងកាត់ដ៏សំខាន់សម្រាប់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុប ក៏ដូចជាការប្រយុទ្ធជាមួយកងកម្លាំងបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅក្នុងព្រំដែនរបស់ខ្លួន៕