អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយថា វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង កំពុង​ឆ្លង និង​រីក​​រាលដាល​លឿន​ជាង​ប្រភេទ ដែល​តា មាន​ក្នុងប្រទេស​នីមួយៗ​ទៅទៀត ដោយ​ករណី​ឆ្លង​បាន​កើនឡើង​គុណ​នឹង​ ២ ​ក្នុង​ចន្លោះ​រយៈពេល​ពី ​១,៥ ទៅ ៣ ​ថ្ងៃ​។ នេះ​បើតាម​ការឱ្យ​ដឹង​ពីសារ​ព័ត៌មាន​ Al Jazeera​។

​ទីភ្នាក់ងារ​សុខភាពរ​បស់អង្គការសហប្រជាជាតិបាន​និយាយថា គិត​មកដល់​ប​ច្ចុ​ប្បន្ន វ៉ា​រ្យ៉​ង់​អូ​មី​ក្រុងត្រូវបាន​គេ​រកឃើញ​ក្នុងប្រទេស​ជាង ៨៩ ប្រទេស​។​

​អង្គការ WHO បាន​និយាយថា វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង កំពុង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស ដែលមាន​ប្រជាជន​ខ្ពស់ ប៉ុន្តែ​គេ​នៅ​មិន​ច្បាស់​ទេ​ថា​ តើ​ការរីក​រាលដាល​នេះ ដោយសារតែ​សមត្ថភាព​របស់ វ៉ា​រ្យ៉​ង់​ក្នុងការ​គេច​ចេញពី​ភាព​ស៊ាំ ការកើនឡើង​នៃ​ករណី​ឆ្លង ឬ​គ្រប់​ករណី​រួមបញ្ចូល​គ្នា​។

​ទីភ្នាក់ងារ​ដដែល​នេះ បានកំណត់​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​ជា​វ៉ា​រ្យ៉​ង់​ព្រួយបារម្ភ​កាលពី​ថ្ងៃទី ​២៦ ខែវិច្ឆិកា ភ្លាមៗ បន្ទាប់ពី​អ្នក​វិទ្យាសាស្ត្រ​នៅអាហ្វ្រិក​ខាងត្បូង​រកឃើញ​វ៉ា​រ្យ៉​ង់​នេះ​ដំបូង និង​មិនទាន់​ដឹង​ពី​ព័ត៌មាន​លម្អិត ពី​វ៉ា​រ្យ៉​ង់​នៅឡើយ​។ អ្នក​វិទ្យា​សាស្ត្រ​នៅតែ​មិន​ច្បាស់​ថា ​តើ​វ៉ា​រ្យ៉​ង់​នេះ មាន​គ្រោះថ្នាក់​ប៉ុនណា ប៉ុន្តែ​ទិន្នន័យ​ដំបូង​បង្ហាញថា វ៉ា​រ្យ៉​ង់​នេះ​អាច​ធន់​នឹង​វ៉ាក់សាំង និង​អាច​ឆ្លង​បាន​ច្រើនជាង​វ៉ា​រ្យ៉​ង់​ដែល​តា​។​

​អង្គការ WHO បាន​និយាយថា​៖ «​ទិន្នន័យ​អំពី​ការកំណត់​នូវ​ភាព​ធ្ងន់ធ្ងរ​របស់​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​នៅមានកម្រិត​នៅឡើយ​។ នៅមាន​ទិន្នន័យ​ជាច្រើន​បន្ថែមទៀត ដែល​យើង​ត្រូវ​សិក្សា ដើម្បី​ស្វែងយល់​ពី​ទម្រង់​ភាព​​ធ្ងន់ធ្ងរ និង​ថា​ តើ​ភាព​ធ្ងន់ធ្ងរ​នោះ អាច​ជម្នះ​ការចាក់​វ៉ា​ក់សាំង និង​ភាពស៊ាំ ដែលមាន​ស្រាប់​យ៉ាងដូចម្តេច​?»​។​

​កាលពី​ថ្ងៃ​សុក្រ ការសិក្សា (​មិនទាន់បាន​ត្រួតពិនិត្យ​) ដោយ​មហាវិទ្យាល័យ Imperial College London បាន​និយាយថា ហានិភ័យ​នៃ​ការឆ្លង​ឡើងវិញ​ដោយសារ​អូ​មី​ក្រុង​ខ្ពស់ជាង ៥ ​ដង ហើយ វា​មិន​បង្ហាញ​សញ្ញា​ថា ស្រាល​ជាង​វ៉ា​រ្យ៉​ង់​ដែល​តា​នោះទេ​។​

​ការស្រាវជ្រាវ​បានឱ្យដឹងថា​៖ «​យើង​រក​មិនឃើញ​ភ័ស្តុតាង (​សម្រាប់​ទាំង​ហានិភ័យ​នៃ​ការ​​ចូល​មន្ទីរពេទ្យ និង​ស្ថានភាព​រោគសញ្ញា​) ដែល​បង្ហាញថា មាន​ភាព​ធ្ងន់ធ្ងរ​ខុសពី​វ៉ា​រ្យ៉​ង់​ដែល​តា​ឡើយ ទោះបីជា ទិន្នន័យ​ស្តីពី​ការចូល​មន្ទីរពេទ្យ​នៅមានកម្រិត​នៅឡើយ​»​។​

​ការស្រាវជ្រាវបាន​ទម្លាក់​ការ​​សង្ស័យ​ទៅលើ​ភាព​សុ​ទិដ្ឋិ​និយម​របស់​អ្នកជំនាញ​មួយចំនួន ដោយ​ផ្អែក​ជា​ចម្បង​លើ​គណនី​មិន​ពិត​ពីអាហ្វ្រិក​ខាង​ត្បូង​ដែលថា ប្រភេទ​ថ្មី​នេះ​ប្រហែលជា​មិនមាន​មេរោគ​ធ្ងន់ធ្ងរ ហើយ​មិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​ថែទាំ​សុខភាព​នោះទេ​។​

​ការសិក្សា​នេះ​ត្រូវ​បានចេញផ្សាយ ខណៈដែល​មន្ត្រី​អង់គ្លេ​សបាន​រាយការណ៍​ពី​ករណី​ឆ្លង​កូ​វីដ​ក្នុង​រយៈពេល ៣ ថ្ងៃ​ជាប់ៗ​គ្នា ជាមួយនឹង​ការ​កើនឡើង​ដល់​ទៅ ៩៣ ០៤៥ ករណី​ឆ្លង​ថ្មី ខណៈដែល​នាយករដ្ឋមន្ត្រី​បារាំង លោក Jean Castex បាន​ប្រដូច​ការ​​រីក​រាលដាល​របស់​អូ​មី​ក្រុង​នៅ​អឺរ៉ុប​ថា ដូចនឹង​ "​រន្ទះ​"​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រ​ធា​នា​ធិបតី​សហរដ្ឋអាមេរិក Joe Biden បាន​ព្រមាន​អំពី​ការ​​រីក​រាលដាល​នៅ​រដូវរងា​ដ៏​ធ្ងន់ធ្ងរ និង​បណ្ដាលឱ្យ​មានការ​ស្លាប់​សម្រាប់​អ្នក​ដែល​មិន​បានទទួល​ថ្នាំ​បង្ការ​ប្រឆាំងនឹង​កូ​វីដ ខណៈដែល​រដ្ឋមន្ត្រី​សុខា​ភិ​បាល​នៅ​ប្លុក ​G7 នៃ​សេដ្ឋកិច្ច​ជឿនលឿន​ថា អូ​មី​ក្រុង​ជាការ​​គំរាមកំហែង​ដ៏​ធំ​បំផុត ​ចំពោះ​សុខភាព​សាធារណៈ​សកល​។​

​រដ្ឋមន្ត្រី​សុខាភិបាល Joe Phaahla បានឱ្យដឹងថា​៖ «​យើង​ជឿថា ការសន្និដ្ឋាន​ថា​ តើ​អូ​មី​ក្រុង​ធ្ងន់ធ្ងរ ​ឬ​យ៉ាងណា មិនសូវ​ជាមាន​ភាពចាំបាច់​ខ្លាំង​ទេ អ្វីដែល​សំខាន់​ គឺ​ការ​ចែកចាយ​វ៉ាក់សាំង ដែលជា​កត្តា​បង្ក្រាប​មេរោគ​ឱ្យ​ស្ថិតក្នុង​កម្រិត​ស្រាល​»​។​

​ទោះជា​យ៉ាងណាក៏ដោយ មហាវិទ្យាល័យ Imperial College London បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការការពារ ដែល​ផ្តល់ដោយ​ការឆ្លង​មេរោគ​ពីមុន ប្រឆាំងនឹង​ការឆ្លង​ឡើងវិញ​ចំពោះ​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង អាចមាន​កម្រិត​ទាប​រហូតដល់ ១៩ ភាគរយ​។ នេះ​បើ​យោងតាម ការស្រាវជ្រាវ​របស់ខ្លួន​។​

​ទោះយ៉ាងណា អ្នក​វិទ្យា​សាស្ត្រ​បាន​រកឃើញ​ការពន្យល់អំពី​ជីវសាស្ត្រ ដែល​អាច​កើតមាន​សម្រាប់​ការកាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​ជាក់ស្តែង​របស់​អូ​មី​ក្រុង​។ ការងារ​នេះ ត្រូវបាន​អនុវត្តដោយ​លោក Michael Chan Chiwai នៅ​សាកល​​វិទ្យាល័យ​ហុងកុង ដែល​បាន​រកឃើញថា ទោះបីជា​វ៉ា​រ្យ៉​ង់​ថ្មី​មាន​ប្រសិទ្ធភាព​ជាង បើ​ប្រៀប​​ធៀប​វ៉ា​រ្យ៉​ង់​ដែល​តា​ក្នុងការ​​បន្ត​ពូជ​នៅ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ ដែល​វា​អាច​ក្អក​ទៅ​អ្នក​ដទៃ វា​មាន​ប្រសិទ្ធភាព​តិចជាង​ក្នុង​ការរីក​រាលដាល​នៅក្នុង​សួត ដែល​វា​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​បំផុត​ដល់​អ្នកជំងឺ​។​

​តាមរបៀប​នេះ វ៉ា​រ្យ៉​ង់​អាច​រីក​រាលដាល​រវាង​បុគ្គល​ម្នាក់ៗ​កាន់តែ​លឿន ប៉ុន្តែ​មិន​ឈានដល់​ផ្នែក​ដែល​ងាយ​រងគ្រោះ​នៃ​កាយវិភាគសាស្ត្រ​របស់​ពួក​​គេ​នោះទេ ដែល​នេះ នឹង​កាត់​​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ដែល​វា​អាច​បង្កឡើង​។​

​ទោះជា​យ៉ាងណា លោក Chan បាន​ព្រមាន​ឱ្យមាន​ការ​​ប្រុងប្រយ័ត្ន​ក្នុងការ​បកស្រាយ​ពី​ផលប៉ះពាល់​នៃ​ការងារ​របស់លោក​។ លោក​បាន​បន្តថា​៖ «​ការ​ឆ្លងទៅ​មនុស្ស​ជាច្រើន​ទៀត មេរោគ​ដែល​ឆ្លង​ខ្លាំង​អាច​នឹង​បង្កឱ្យមាន​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ និង​ស្លាប់ ទោះបី​មេរោគ​ខ្លួន​វា​មិនសូវ​បង្ក​ជំងឺ​ក៏ដោយ​។ ការគំរាមកំហែង​ជាទូទៅ​ពី​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ទំនង​ជាមាន សារៈសំខាន់​ខ្លាំងណាស់​»៕

វីដេអូ៖