ការស្រាវជ្រាវ​បឋម​ជាច្រើនបង្ហាញថា វ៉ាក់សាំង​កូ​វីដ ​១៩ ដែល​ប្រើ​ក្នុង​ពិភព​លោក​ភាគច្រើន ស្ទើរតែ​គ្មាន​សមត្ថភាព​ការពារ​ប្រឆាំងនឹង​ការរីក​រាលដាល​ខ្លាំង​របស់​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​។ នេះ​បើតាម​ការឱ្យ​ដឹង​ពីសារ​ព័ត៌មាន The New York Times​។​

​វ៉ាក់សាំង​ទាំងអស់ ហាក់ដូចជា​ផ្ដោត​តែ​លើ​អត្ថប្រយោជន៍​ដ៏​សំខាន់​មួយ ដែល​កម្រិត​ករណី​ធ្ងន់ធ្ងរ​របស់​ជំងឺ​ប៉ុណ្ណោះ​។ ប៉ុន្តែ​មានតែ​វ៉ាក់សាំង Pfizer និង Moderna ​ទេ ដែល​ទំនង​ពង្រឹងសមត្ថភាព​ដូ​ស​ជំនួយ​របស់ខ្លួន និង​ទទួលបាន​ភាពជោគជ័យ​ដំបូង​ក្នុង​ការបញ្ឈប់​ការឆ្លង​អូ​មី​ក្រុង ប៉ុន្តែ​វ៉ាក់សាំង​ទាំងនេះ​គឺ មិនមាន​ច្រើន​ទេ​នៅក្នុង​ពិភពលោក​។

​វ៉ាក់សាំង​ផ្សេងទៀត រួមទាំង​វ៉ាក់សាំង AstraZeneca Johnson & Johnson និង​វ៉ាក់សាំង​ដែល​ផលិត​នៅក្នុង​ប្រទេស​ចិន និង​រុស្ស៊ី មិនមាន​សមត្ថ​​ភាព​គ្រប់គ្រាន់​ក្នុងការ​បញ្ឈប់ ការរីក​​រាលដាល​នៃ​អូ​មី​ក្រុង​ទេ​។ នេះ​បើតាម​ឱ្យដឹងពី​ការស្រាវជ្រាវ​ដំបូង​។

​ដោយសារតែ​ប្រទេស​ភាគច្រើន បាន​បង្កើត​កម្មវិធី ចែកចាយ​វ៉ាក់សាំង​របស់​ពួកគេ​ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ទាំងនេះ ដូចនេះ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង ក៏​អាចមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ដំណើរ​នៃ​ការឆ្លង​ដែរ​។​

​ភាពខុសគ្នា​នៃ​សមត្ថភាព​របស់​ប្រ​​ទេស​នានា​ក្នុងការ​ទប់ទល់​នឹង​ជំងឺ​រា​ត​ត្បា​ត ក៏​នៅមាន​គម្លាត​ខុសៗ​គ្នា ខណៈ​ព័ត៌មាន​អំពី​ប្រសិទ្ធភាព​វ៉ាក់សាំង មាន​កម្រិត​ប្រឆាំងនឹង​ការឆ្លង​អូ​មី​ក្រុង អាច​បន្ថយ​តម្រូវការ​សម្រាប់​ការទទួល​​ថ្នាំ​បង្ការ​នៅ​ទូទាំង​ពិភពលោក​ ដែល​មនុស្ស​ជាច្រើន​ស្ទាក់ស្ទើរ ​ឬ​ជាប់រវល់​ជាមួយ​បញ្ហា​សុខភាព​ផ្សេងទៀត​។​

​ភ័ស្តុតាង​ភាគច្រើន​រហូតមកដល់​ពេលនេះ​គឺ ផ្អែកលើ​ការពិសោធ​ពី​មន្ទីរ​​ពិសោធន៍ ដែល​មិនបាន​ចាប់យក​​កម្រិត​ពេញលេញ​នៃ​ការឆ្លើយតប​នៃ​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ និង​មិន​​មែន​មកពី​ការតាមដាន​ឥទ្ធិពល​លើ​ប្រជាជន​ក្នុង​ពិភព​ពិត​នោះទេ​។

​វ៉ាក់សាំង Pfizer និង Moderna បាន​ប្រើប្រាស់​បច្ចេកវិទ្យា mRNA ថ្មី ដែល​ផ្តល់នូវ​ការការពារ​ដ៏​ល្អ​បំផុត​ប្រ​​ឆាំង​នឹង​ការឆ្លង​មេរោគ ជាមួយ​គ្រប់​វ៉ា​រ្យ៉​ង់​។ វ៉ាក់សាំង​ផ្សេងទៀត​ទាំងអស់​គឺ ផ្អែកលើ​វិធីសាស្ត្រ​ចាស់​ក្នុងការ​បង្កឱ្យមាន​ការ​ឆ្លើយតប​នៃ​ប្រព័ន្ធ​ភាពស៊ាំ​។​

​វ៉ាក់សាំង​ចិន Sinopharm និង Sinovac បាន​ចែកចាយ​ទៅ​ប្រទេស​ស្ទើរតែ​ពាក់កណ្តាល ក្នុង​ពិភពលោក ប៉ុន្តែ​ប្រសិទ្ធភាពដែល​ផ្តល់ ដើម្បី​ការ​​ពារ​ការឆ្លង​អូ​មី​ក្រុង​ស្ទើរតែ​សូន្យ​។

​ការសិក្សា​អំពី​ប្រសិទ្ធភាព​បឋម​ក្នុងប្រទេស​អង់គ្លេស បាន​រកឃើញថា វ៉ាក់សាំង AstraZeneca ផលិត​ដោយ Oxford បាន​បង្ហាញថា វ៉ាក់សាំង​នេះ គ្មាន​សមត្ថភាព​បញ្ឈប់​ការឆ្លង​អូ​មី​ក្រុង​ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង បន្ទាប់ពី​ការ​​ចាក់​វ៉ាក់សាំង​។ ក្រុម​អ្នកស្រាវជ្រាវ ក៏បាន​ព្យាករ​ថា វ៉ាក់សាំង​ Sputnik របស់​រុស្ស៊ី ដែល​កំពុង​ត្រូវបាន​ប្រើ ប្រាស់​ផងដែរ​នៅក្នុង​ទ្វីបអាហ្វ្រិ​ក និង​អា​មេ​​រិ​ក​ឡាទីន នឹង​បង្ហាញ​អត្រា​ការពារ​ស្រដៀង​គ្នា​នឹង​វ៉ាក់សាំង​ខាងលើ​។

​យ៉ាងណាមិញ តម្រូវការ​សម្រាប់​វ៉ាក់សាំង Johnson & Johnson បាននិងកំពុង​កើនឡើង​នៅក្នុង​ទ្វីប​អ្រា​ហ្វិ​ក ដោយសារតែ​របប​ចែកចាយ​តែ​ ១​ ដូ​ស របស់​វា​ធ្វើឱ្យ​វា​ងាយស្រួល​ក្នុងការ​ចែកចាយ​ក្នុងការ​កំណត់​ធន​​ធាន​ទាប​។ ប៉ុន្តែ​វ៉ាក់សាំង​នេះ ក៏​មិនមាន​សមត្ថភាព​ក្នុងការ​ការពារ​ការឆ្លង​អូ​មី​ក្រុង​ប៉ុន្មាន​ដែរ​។

​អង្គ​បដិបក្ខប្រាណ​ គឺជាខ្សែការពារ​ដំបូង ដែល​បង្កឡើង ដោយ​វ៉ាក់សាំង​។ ប៉ុន្តែវ៉ាក់សាំង​ក៏​ជួយ​ជំរុញ​ដល់​ការ​​លូតលាស់​នៃ​កោសិកា T ដែរ ហើយ​ការសិក្សា​បឋមបាន​បង្ហាញថា កោសិកា T ទាំងនេះ ធ្វើ​កំណត់សម្គាល់​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ដែលជា​ផ្នែក​មួយ​មាន​សារៈ​​សំខាន់​ក្នុងការ​ការពារ​ជំងឺ​ធ្ងន់ធ្ងរ​។​

​អ្នកជំនាញ​ខាង​មេរោគ John Moore នៅ Weill Cornell Medicine ក្នុង​ទីក្រុង​ញូវយ៉កបាន​និយាយថា​៖ «​អ្វីដែល​អ្នកជំងឺ​បាត់បង់​មុនគេ​ គឺការការពារ​ប្រឆាំងនឹង​ការឆ្លង​មេ​រោគ​កម្រិត​ស្រាល (asymptomatic) អ្វីដែល​អ្នកជំងឺ​អាច​រក្សាបាន​ល្អប្រសើរ​ គឺការការពារ​ប្រឆាំងនឹង​ជំងឺ​ធ្ងន់ធ្ងរ និង​ការស្លាប់​។ រហូតមកដល់​ពេលនេះ "​ស្រទាប់​ប្រាក់​" នេះ ហាក់ដូចជា មិនសូវ​បង្កឱ្យមាន​ការស្លាប់​ជាង​វ៉ា​រ្យ៉​ង់​ដែល​តា​ប៉ុន្មាន​ទេ​»​។​

​វេជ្ជបណ្ឌិត J. Stephen Morrison នាយក​មជ្ឈមណ្ឌល​គោលនយោបាយ​សុខភាព​សកល​នៅ​មជ្ឈមណ្ឌល សម្រាប់​ការសិក្សា​អន្តរជាតិ និង​យុទ្ធ​​សាស្ត្របាន​និយាយថា ការការពារ​នេះ​នឹងមិន​គ្រប់គ្រាន់ ដើម្បី​ទប់ស្កាត់​អូ​មី​ក្រុង​ពី​ការបង្ក​ការរំខាន​ជា​សកល​នោះទេ​។​

​គាត់​បាន​និយាយថា​៖ «​ទំហំ​នៃ​ការ​​ឆ្លង​នឹង​គ្របដណ្ដប់​លើ​ប្រព័ន្ធ​សុខភាព ដោយសារតែ​ការរីក​រាលដាល អាច​នឹងមាន​សក្តានុពល​ខ្លាំង​។ ប្រសិនបើអ្នកមាន​ការផ្ទុះ​ឡើង​នៃ​ការឆ្លង​ទូទាំង​ពិភពលោក តើ​ពេលនោះ​យើង​នឹង​ចាប់ផ្ដើម​ព្រួយបារម្ភ​ពីអ្វី​ខ្លះ​? យើង​ព្រួយបារម្ភ​ថា តើ​ជំងឺ​រាតត្បាត​ត្រូវ​ចប់​ហើយ ឬ​វា​ទើបតែ​ឈានចូល​ដំណាក់​​កាល​មួយទៀត​ឬ​? ទាំងនេះ គឺ​អ្វីដែល​ពួកយើង​មិនទាន់​បានគិត​»៕

វីដេអូ៖