​រដ្ឋាភិបាល​ថ្មី រឹតបន្តឹង​វិធានការ​សុវត្ថិ​​ភាព​កូ​វីដ​នៅ​ទូទាំង​ចក្រភព​អង់គ្លេស និង​នៅ​តំបន់​ផ្សេងទៀត​នៃ​ទ្វីបអឺរ៉ុប កាន់តែខ្លាំង​ឡើង​ជុំវិញ​ការព្រួយបារម្ភ​លើ​ការរីក​រាលដាល​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​បាន​កាត់​​បន្ថយ​អាជីវកម្ម​ភោជនីយដ្ឋាន ហាង​​ស្រា​ទីកន្លែង​ព្រឹត្តិការណ៍ និង​ហាង​នានា និង​ជំរុញឱ្យមាន​ការអំពាវនាវ​ជាបន្ទាន់ សម្រាប់​ជំនួយ​បន្ថែម​ពី​រដ្ឋាភិបាល​។​

​នៅក្នុង​ប្រទេស​អង់គ្លេស រដ្ឋាភិបាល​បាន​ឆ្លើយតប​នឹង​ការសុំ​ជំនួយ កាល​​ពីថ្ងៃ​អង្គារ​ដោយ​ប្រកាស​ផ្តល់ជំនួយ​ចំនួន ១,៣​ ពាន់​លាន​ដុល្លារ ​សម្រាប់ឧស្សាហកម្ម​បដិសណ្ឋារកិច្ច ជាមួយនឹង​ជំនួយ​ម្ដង​ចំនួន ៨ ពាន់​ដុល្លារ និង​ប្រាក់​បង្វិល​សម្រាប់​សង​ឈប់សម្រាក​ឈឺ​របស់​បុគ្គលិក​។​

​ជំនួយ​បន្ថែម​នេះ ព្យាករ​ថា ជា​រលក​ថ្មី​នៃ​ការព្រួយបារម្ភ​ជុំវិញ​សេដ្ឋកិច្ច​ដែល​បោកបក់​មក​ក្នុង​តំបន់​។ ​នៅ​ប្រ​ទេសបារាំង រដ្ឋាភិបាលបានប្រកាស កាលពី​ថ្ងៃ​អង្គា​រថា ជំនួយ​បន្ថែម​រហូតដល់ ១៣,៥​ លាន​ដុល្លារ​សម្រាប់​ទី​​ភ្នាក់ងារទេសចរណ៍ ព្រឹត្តិការណ៍ អាហា​រដ្ឋា​ន និង​ក្រុមហ៊ុន​លម្ហែកាយ​ក្នុងផ្ទះ ដែល​ទទួលរង​ការខាតបង់​ប្រតិបត្តិការ​ដ៏​ធំ​ក្នុង​ខែ​នេះ​។​

​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ រដ្ឋាភិបាល​បានកំណត់​ពេល​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​មេដឹកនាំ​ក្នុង​តំបន់​នៅ​ថ្ងៃ​ពុធ ដើម្បី​ពិភាក្សា​ថា តើ​ត្រូវអនុម័ត​ការ​រឹត​​បន្តឹង​ថ្មី ឬ​យ៉ាងណា​? រដ្ឋាភិបាល​អ៊ី​តា​លី​កំពុង​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក Claus Vistesen ​ប្រធាន​សេដ្ឋវិទូ​ប្រចាំ​តំបន់​ចាយប្រាក់​អឺរ៉ូ​នៅ Pantheon Macroeconomics បាន​​និយាយថា​៖ «​យើង​កំពុង​ស្ថិតក្នុង​ដំ​​ណាក់​កាល​ផ្សេងគ្នា​មួយ​ឥឡូវនេះ ដែល​ការបិទ​ខ្ទប់​ត្រូវ​ចំណាយ​ប្រាក់​ច្រើនជាង​អ្វី​ទាំងអស់​។ រហូតមកដល់​ពេលនេះ​យើង​ធ្លាប់​បិទ​ខ្ទប់​អមដោយ​ការគាំទ្រពី​រដ្ឋាភិបាល​។ ខ្ញុំ​គិតថា ករណី​បិទ​ខ្ទប់​ក៏​នឹង​អាច​កើតឡើង​ដែរ ប៉ុន្តែ​ការគាំទ្រ​អាច​នឹងមាន​កម្រិត ហើយ​មិនសូវ​គ្រប់​ជ្រុងជ្រោយ​ដូច​មុន​ទេ​»​។​

​យោងតាម​អង្គការ​សុខភាព​ពិភព​​លោកបានឱ្យដឹងថា ចក្រភព​អង់គ្លេសបាន​រកឃើញ​ចំនួន​ករណី​កូ​វីដ​ខ្ពស់បំផុត​នៅ​អឺរ៉ុប​ក្នុង​រយៈពេល ៧ ​ថ្ងៃ​ចុង​​ក្រោយនេះ​។​

​កាលពី​ថ្ងៃ​ចន្ទ អង្គការ​តំណាងឱ្យ​អាជីវកម្ម​ជាង ១០ ​ម៉ឺន​កន្លែង​នៅ​ទូទាំងប្រទេស បាន​ផ្ញើលិខិត​ចំហ​មួយ​ទៅកាន់​នាយករដ្ឋមន្ត្រី Boris Johnson ដោយ​ទាមទារ​ឱ្យ​មានការ​បន្ធូរ​បន្ថយពន្ធ និង​ជំនួយ​បន្ថែមទៀត​ដើម្បី​ជួយ​ពួកគេ​។​

​ដោយឡែក នៅ​ប្រទេស​អាល្លឺម៉ង់ វិស័យ​ធុរកិច្ច​កំពុង​ដាក់​សម្ពាធ​លើ​រដ្ឋា​ភិ​បាល​ឱ្យ​ដក​តម្រូវការ​ថ្មី ដែល​តម្រូវឱ្យ​អតិថិជន​ត្រូវតែ​បង្ហាញ​ភ័ស្តុតាង​នៃ​ការ​​ចាក់​វ៉ាក់សាំង ឬ​ការ​ជាសះស្បើយ​ថ្មីៗ​។

​ចំណែក​នៅ​ប្រទេស​ហូ​ឡង់ ដែល​រដ្ឋាភិបាលបានប្រកាស​ពី​ការបិទ​ខ្ទប់​កាលពី​ចុង​សប្តាហ៍ ក៏មាន​ចំនួន​អាជីវ​​កម្មរបស់​ប្រទេស ដែល​ស្នើសុំ​ជំនួយ​បាន​កើនឡើង​លើស ៤០០ អាជីវកម្ម កាលពី​ថ្ងៃ​ចន្ទ ដែលជា​ចំនួន​ច្រើនជាង ៧​ ដង​នៃ​ចំនួន ដែល​បាន​កត់​​ត្រា​កាលពី​ថ្ងៃចន្ទ​មុន​។​

​ទោះបីជា​ការកើនឡើង​នៃ​ករណី​ឆ្លង​អូ​មី​ក្រុង មិនទាន់​បណ្តាលឱ្យមាន​ការបិទ​ខ្ទប់​តឹងរ៊ឹង ដែល​ដាក់​ដោយ​រដ្ឋាភិបាល​ហូ​ឡង់​ក៏ដោយ ក៏​អាជីវ​​កម្ម​នៅ​អង់គ្លេស​អះអាងថា វិធាន​ការចូល​គ្នា​នៃ​ការកំណត់​ឱ្យ​ពាក់​ម៉ាស់ តម្រូវ​ការចាក់​វ៉ាក់សាំង និង​ភាពមិនប្រាកដប្រជា​ក្នុង​រដូវ​វិស្សមកាល​កំពូល ក៏​នៅតែ​តម្រូវឱ្យមាន​ដដែល​។

​លោក Matthew Sims ដែល​បាន​ជួយ​រៀបចំ​យុទ្ធនាការ និង​ដឹកនាំ​ក្រុម​កែលម្អ​អាជីវកម្ម​នៅ​ទីក្រុង Croydon ភាគខាងត្បូង​នៃ​ទីក្រុង​ឡុង​ដ៍ លើកឡើងថា ការ​លក់រាយ​បដិសណ្ឋារកិច្ច និង លម្ហែ​កំពុង​ស្ថិតនៅក្នុង​ហានិភ័យ​មួយ​។​

​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន ហាង​​ស្រា និង​បា​រ៍​លើកឡើងថា ចាប់​តាំង​​ពី​រដ្ឋាភិបាល​បាន​បន្ថែ​មការ​រឹតបន្តឹង​ស៊េរី​ថ្មី ដែល​ត្រូវបាន​គេ​ស្គាល់​ថា គម្រោង​បន្ទាប់​ជំនួស (Plan B) ​នៅ​ថ្ងៃទី ​៨ ខែធ្នូ ជាការ​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​នៃអូ​មី​ក្រុង​មក ការ​​រំសាយ​ចោល​នូវ​ការ​កក់​វិស័យ​ប​ដិ​​ស​ណ្ឋា​រ​កិច្ច បាននិងកំពុង​ដំណើរកា​រ ហើយ​ចរាចរ​ជើងហោះហើរ​បាន​បាត់​នៅក្នុង​តំបន់​មួយចំនួន​។​

​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ដែល​បាត់បង់​ការលក់​ធ្លាក់ចុះ​ក្នុង​ថ្ងៃ​ឈប់​​សម្រាក​កាលពី​ឆ្នាំមុន​ កំពុង​ពឹង​ផ្អែកលើ​រដូវ​កាល​ដ៏​មមាញឹក​នៅ​ឆ្នាំនេះ​។​

​អាជីវកម្ម​បដិសណ្ឋារកិច្ច និង​ការ​​កម្សាន្ត​ប្រហែល​ ២០​ ម៉ឺន នឹងមាន​សិទ្ធិ​ទទួលបាន​ជំនួយ​ថ្មី​នេះ​។ រដ្ឋាភិបាលក៏​នឹង​រ៉ាប់រង​ថ្លៃ​ចំណាយ​សម្រាប់ ដាក់​ច្បាប់​ឈឺ ដែល​ត្រូវការ​តាមច្បាប់​សម្រាប់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម និង​កំពុង​បញ្ចូល​ទឹកប្រាក់​ដល់​មូលនិធិ​​វប្បធម៌​សម្រាប់​អង្គការ​នានា រួមទាំង​រោង​មហោស្រព វង់​តន្ត្រី និង​សារមន្ទីរ ដោយ​ផ្ដល់ជំនួយ​ជា​ទឹកប្រាក់​ជាង ៤០ ​លាន​ដុល្លារ​ទៀត​៕

វីដេអូ៖