​នៅ​ថ្ងៃទី​ ២៤ ខែកុម្ភៈ វ៉ាក់សាំង ដំបូង​ត្រូវ​ចែកចាយ​ជាស​កល​ក្រោម​យន្ត​​ការ​កូ​វ៉ា​ក់ (COVAX) ដែលជា​គំនិត​ផ្តួចផ្តើម​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) សម្ព័ន្ធ​វ៉ាក់សាំង GAVI និង​យន្តការ​សម្ព័ន្ធ​សម្រាប់​ការត្រៀម​រៀប​ចំ​ជំងឺ​រាតត្បាត (CEPI) ដើម្បី​ធ្វើឱ្យ​ការ​ចែកចាយ​វ៉ាក់សាំង​មាន​ភាព​សមា​​មាត្រ​គ្នា​រវាង​ប្រទេស​អ្នកមាន និង​ប្រទេស​អ្នកក្រ​។

​មន្ត្រី​សុខាភិបាល​សាធារណៈ​បាន​រំឭក​នៅពេលនោះ​ថា ការចាក់​វ៉ាក់សាំង​ប្រកបដោយ​សមធម៌​តាមរយៈ​យន្តការ COVAX រវាង​អង្គការ​ក្នុង​តំបន់ និង​ការបរិច្ចាគ​ទ្វេភាគី មាន​សារៈសំខាន់​ក្នុងការ​ទប់ស្កាត់​ការផ្លាស់ប្ដូរ ដែល​បង្កើត​វ៉ា​រ្យ៉​ង់​ដ៏​គ្រោះថ្នាក់ ហើយ​វា​នឹង​អូសបន្លាយ​ជំងឺ​រាតត្បាត ហើយ​អាចមាន​សមត្ថភាព​ក្នុងការ​ចៀស​ផុតពី​ឥទ្ធិពល​វ៉ាក់សាំង​។​

​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ក៏បាន​រិះ​​គន់​កម្មវិធី​ជំរុញ​ដូ​ស​ជំនួយ ដោយ​ថា លទ្ធភាព​ទទួលបាន​កា​រ​ចាក់​វ៉ាក់សាំង​មិន​ស្មើគ្នា អាច​នាំឱ្យមាន​ការផ្លាស់ ប្ដូរ​ច្រើន​ដែល​បន្ថែម​វិបត្តិ​លើស​ដើម​។​

​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus បាន​និយាយថា​៖ «​កម្មវិធី​ជំរុញ​ដូ​ស​ជំនួយ ទំនងជា​នឹង​ពន្យារ​ការ​រាតត្បាត​នៃ​ជំងឺ​រាតត្បាត​ជាជាង​ការបញ្ចប់​វា ដោយ​ការ​បង្វែរ​ការផ្គត់ផ្គង់​ទៅកាន់​ប្រទេស ដែលមាន​កម្រិត​នៃ​ការទទួល​ថ្នាំ​បង្ការ​រួចហើយ ដោយ​ផ្តល់ឱកាស​ឱ្យ​មេរោគ​កាន់តែ​រីក​រាលដាល និង​ផ្លាស់ប្តូរ​»​។

​ឆ្នាំ ២០២២ ជិត​ខិតចូល​មកដល់​ហើយ វ៉ាក់សាំង​ជិត ៩ ពាន់​លាន ត្រូវបាន​ចែកចាយ​ទូទាំង​ពិភពលោក អ្នកជំនាញ​សុខភាព​សាធារណៈ​បាន​និយាយថា បើ​ទោះ​ចំនួន​ចែកចាយ​វ៉ា​ក់​សាំង​ស្ថិតក្នុង​កម្រិត​ច្រើនក្ដី ប៉ុន្តែ​ការចែក​ចាយ​នេះ វា​ខុស​នឹង​គោលដៅ​សមធម៌​វ៉ាក់សាំង​សកល​។ ការផលិត​វ៉ាក់សាំង​មិន​ត្រឹមតែ​បរាជ័យ​ក្នុងការ​ដោះស្រាយ​បញ្ហា​កង្វះខាត​វ៉ាក់សាំង​នៅក្នុង​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​ប៉ុណ្ណោះ​ទេ ថែមទាំង​បរាជ័យ​ក្នុងការ​​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​ទាក់​​ទង​នឹង​ការទទួលបាន​វ៉ាក់សាំង​ពី​ក្រៅ​តំបន់ រហូតដល់​បញ្ហា​ទទួលបាន​វ៉ា​ក់​សាំង​ដល់​អ្នក​ក្នុងស្រុក​ថែមទៀត​ផង​។

​បន្ថែម​ពីនេះ ការលេចចេញ នូវ​វ៉ា​រ្យ៉​ង់​​អូ​មី​ក្រុង​ថ្មី ដែល​វ៉ាក់សាំង​ភាគច្រើន​ហាក់ដូចជា មិនសូវមាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំងនឹង​វា​ទាល់តែសោះ​កាន់តែ​ធ្វើឱ្យមាន​ចលាចល​កាន់តែ​ធំ​ជាង​មុន​នៅក្នុង​ការផ្គត់ផ្គង់ និង​ការ​​ចែកចាយ​វ៉ាក់សាំង​ជាស​កល​។​

​លោក Lawrence Gostin​នាយក​វិទ្យាស្ថាន O''Neill សម្រាប់​ច្បាប់​សុខ​​ភាព​ជាតិ និង​នៅ​សាកលវិទ្យាល័យ​ Georgetown Law បាន​ប្រាប់​សារ​ព័ត៌មាន​ Al Jazeera ថា​៖ «​ស្ទើរតែ​គ្រប់​វិធានការ ការ​ចែកចាយ​វ៉ាក់សាំង និង​សមធម៌​ជាស​កល បាន​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​និង​ក្លាយជា​វិបត្តិ​សីលធម៌​ដ៏​ជ្រៅ ដែល​មិនអាច​ប្រកែក​បាន​»​។​

​យន្តការ​កូ​វ៉ា​ក់ (COVAX) ពេល​​ដំបូង មាន​គោលបំណង​សម្រេចបាន​នូវ​អត្រា​ចាក់​វ៉ាក់សាំង ២០ ​ភាគរយ​​ ឱ្យបាន​គ្រប់​ប្រទេស​ទាំងអស់​ក្នុង​ពិភព​​លោក​នៅ​ចុងឆ្នាំ​ ២០២១​។ អង្គការ​​សុខភាព​ពិភពលោក ក្រោយមក​បានកំណត់​គោលដៅ​នៃ​អត្រា​ចាក់​វ៉ាក់សាំង ៤០ ភាគរយ​នៅ​គ្រប់​ប្រទេស​ទាំងអស់​។​

​ប៉ុន្តែ​មានតែ​ប្រទេស​ចំនួន ៥ នៅក្នុង​ទ្វីប​អាហ្វ្រិ​ក​ប៉ុណ្ណោះ​ដែល​គេ​រំពឹងថា នឹង​សម្រេចបាន​នូវ​គោលដៅ ៤០​ ភាគរយ ដោយ​ប្រទេស​ភាគច្រើន​នៅលើ​ទ្វីប​នេះ សម្រេចបាន​ទាប​ជាង​ ២០​ភាគរយ​ទៅទៀត​។​

​គិត​ត្រឹម​ខែវិច្ឆិកា អត្រា​នៃ​ការចាក់​​ថ្នាំ​បង្ការ​ជា​មធ្យម​នៃ​ប្រជាជន​ក្នុង​ប្រ​​ទេស​ចំនួន​ ៩២ កត់ត្រា​ដោយ​យន្តការ​ COVAX ដោយ​ប្រទេស​ភាគច្រើន​ត្រូវការ​ការបរិច្ចាគ​វ៉ាក់សាំង ភាគច្រើន​នៅ​អនុតំបន់​សាហា​រ៉ាអាហ្វ្រិ​ក គឺមាន​ត្រឹម​​តែ ១១ ​ភាគរយ​ប៉ុណ្ណោះ​។ ​នេះ​បើ​យោងតាម​ទិន្នន័យ​ចងក្រង​ដោយ​គម្រោង ​COVID GAP របស់​សាកលវិទ្យាល័យ​ Duke និង​កិច្ចសហប្រតិបត្តិការ​នៃ​ក្រុម​អ្នកជំនាញ​សុខភាព​សាធារណៈ​។​

​ផ្ទុយទៅវិញ ប្រទេសដែលមាន​ប្រាក់ចំណូល​ខ្ពស់​ភាគច្រើន​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ជាង ៥០ ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់​ពួកគេ ហើយ​ប្រទេស​មួយចំនួនទៀត​បាន​ចាក់​ដូ​ស​ជំនួយ​ហើយ​ដល់ ២០ ភាគរយ​នៃ​ចំនួន​ប្រជាជន​ខ្លួន​។ នេះ​បើ​យោងតាម​ទិន្ន​​ន័យ​គេហទំព័រ Our World in Data។​

​ខណៈពេលដែល​ការផលិត​វ៉ាក់សាំង​កាលពី​ឆ្នាំមុន បាន​កើន​ឡើងដល់​កម្រិត​មួយ​ដែល​ជិត​នឹង​អាច​ដោះស្រាយ​តម្រូវ ការ​សកល​បានស្ថានភាព​កូ​វីដ​នៅតែ​មិន​ច្បាស់លាស់ ដោយសារតែ​ ១ ​ផ្នែក​តូច​មួយ​នៃ​សកលលោក ត្រូវ​ជួប​​ឧបសគ្គ​ដែល​ទាក់ទង​នឹង​ការចែក​រំ​លែ​ក​បច្ចេកវិទ្យា ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​ភាពមិនច្បាស់លាស់​ជុំវិញ​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​។ ​នេះ​បើតាម​ការ​ឱ្យដឹងពី​អ្នកជំនាញ និង​អ្នកតស៊ូ​មតិ​។

​បើ​យោងទៅតាម​តារាង​ទិន្នន័យ​ស្ដីពី​កូ​វីដ​របស់​សារព័ត៌មាន CNBC វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង នឹង​កាន់​តែមាន​ឥទ្ធិពល​ខ្លាំង​ឡើង ដោយបាន​រីក​រាលដាល​ដល់​ប្រ​​ទេស​ជាង ១០០ នៅ​ទូទាំង​ពិភពលោក និង​កើន​ទ្វេដង​ក្នុង​រយៈពេល​ពី ១,៥ ទៅ ៣ ថ្ងៃ​។ តារាង​ទី២ បង្ហាញ​ពី​ទិន្នន័យ​ចំនួន​ឆ្លង​ខ្លាំង ប៉ុន្តែ​ករណី​ស្លាប់​ធ្លាក់ចុះ​នៅ​ទូទាំង​ពិភពលោក​។ តារាង​ទី៣ បង្ហាញ​ពី​ភាពមិន​ស្មើគ្នា​នៃ​ការចែក​ចាយ​វ៉ាក់សាំង ដោយនៅ​ក្នុងប្រទេស ៣០ ប្រទេស​តិចជាង ១០​ ភាគរយ នៃ​ចំនួន​ប្រជាជន ទទួលបាន​វ៉ាក់សាំង​ពេញលេញ ដែល​ទិន្នន័យ​នេះ​ចេញ​មកពី ប្រទេស​ដែលមាន​ចំណូល​ទាប​នៅ​ទ្វីបអាហ្វ្រិ​ក​។​

​នៅក្នុង​របាយការណ៍​ខែវិច្ឆិកា គម្រោង COVID GAP បាន​រកឃើញថា ប្រទេស G7 ដែលជា​ក្រុម​ក្រៅផ្លូវការ​នៃ​បណ្តា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន​បំផុត​របស់​ពិភពលោក និង​បណ្តា​ប្រ​​ទេស​សហភាព​អឺរ៉ុប ត្រូវបាន​គេ​ព្យាករ​ថា នឹងមាន​វ៉ាក់សាំង​ដែលមាន​គុណភាព​ខ្ពស់​លើសពី​ ៨៣៤ លាន​នៅ​ដំណាច់ឆ្នាំ ឬ​ស្មើនឹង ២០ ភាគរយ​នៃ​ដូ​ស​ជំនួយ ដែល​ចែកចាយ​ដល់​ប្រជាជន និង​កុមារ​។​

​យោងតាម​របាយការណ៍​ដដែល ការ​គណនា​ការ​ចែកចាយ​ដែល​បាន​គ្រោងទុក ពួកគេ​បាន​ព្យាករ​ថា ពិភព​​លោកនឹងមាន​វ៉ាក់សាំង​ប្រហែល ៦៥០ លាន​ដូ​ស ក្នុង​រយៈពេល​ខ្លី ហើយ​អាច​ឈានដល់​គោល ដៅ​ចែកចាយ​វ៉ាកសាំង​ ៤០ ភាគរយ​នៅ​ចុងឆ្នាំ​នេះ​។​

​របាយការណ៍​របស់ COVID Gap ត្រូវបាន​ចេញផ្សាយ​ប៉ុន្មាន​ថ្ងៃមុន​ពេល​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ត្រូវបាន​គេ​រកឃើញ​ជា​លើកដំបូង​នៅ​អាហ្វ្រិ​ក​ខាងត្បូង​។ ការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​របស់​វា​នៅ​ជុំវិញ​ពិភពលោកបង្ហាញឱ្យឃើញថា រដ្ឋាភិបាល​ជំរុញឱ្យមាន​យុទ្ធនា​​ការជំរុញឱ្យ​កាន់តែ​លឿន និង​កាន់តែ​ទូលំទូលាយ ជាមួយនឹង​ការសិក្សា​ដំបូង ជាពិសេស​វ៉ាក់សាំង​ Pfizer និង Moderna ​ដែល​ប្រើ​បច្ចេកវិទ្យា mRNA ហាក់ដូចជា​ផ្តល់​ការការពារ​ខ្ពស់​ប្រ​ឆាំង​នឹង​ការឆ្លង​មេរោគ​អូ​មី​ក្រុង​នៅពេល ដែល​បាន​ចែកចាយ​ពេញលេញ​។

​លោក​វេជ្ជបណ្ឌិត Krishna Udayakumar នាយក​ស្ថាបនិក​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​សុខាភិបាល ​Duke Global Health Innovation Center បាន​និយាយថា​៖ «​ឥឡូវនេះ​យើង​កំពុង​ឈានដល់​ចំណុច​មួយ​នៃ​ការផលិត​វ៉ាក់សាំង​ច្រើនជាង ១ ពាន់​លាន​ដូ​ស​ក្នុង ​១ ​ខែ ប៉ុន្តែ​វា​ជាការ​យឺតយ៉ាវ​នៅឡើយ​ក្នុងការ​ចែកចាយ​ទៅដល់​ប្រទេស ដែលមាន​ចំណូល​ទាប និង​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​»​។

​លោក​បាន​បន្ថែមថា​៖ «​យើង​មិនបាន​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងការ​ផ្គត់ផ្គង់​ដោយ​មធ្យោបាយ​ណាមួយ​ទេ ប៉ុន្តែ​យើង​ខិត​ទៅជិត​ការដោះស្រាយ វា​ជាង​អ្វីដែល​យើង​មិន​ធ្លាប់មាន ហើយ​ការផ្គត់ផ្គង់​គ្រាន់តែ​ជា​ផ្នែក​នៃ​បញ្ហា​ប៉ុណ្ណោះ​»​។​

​ទោះជា​យ៉ាងណា អគ្គនាយក​អង្គការ WHO បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ដដែល​ថា​៖ «​ឆ្នាំ ២០២២ ត្រូវតែ​ជា​ចុងបញ្ចប់​នៃ​ជំងឺ​រាតត្បាត​កូ​វីដ ​១៩»៕