​បើទោះជា​គេ​នៅ​មិនទាន់​បានកំណត់​បាន​ថា វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ដែល​កំពុង​រីក​រាល​​ដាល​នៅក្នុង​ទីក្រុង​ញូវយ៉ក ភាគ​ឦសាន​និង​ភាគ​កណ្តាល ភាគ​ខាងលិច នៃ​សហ​​រដ្ឋ​អាមេរិក​អាច​នឹង​បណ្ដាលឱ្យ​មានការ​​ចូល​មន្ទីរពេទ្យ និង​ការស្លាប់​ច្រើន ​ឬ​យ៉ាង​ណាក៏ដោយ ក៏​ការសិក្សា​ដំបូង​បង្ហាញថា​វ៉ា​រ្យ៉​ង់​ថ្មី​អាច​បណ្តាលឱ្យមាន​ជំងឺ​ធ្ងន់ធ្ងរ​តិចជាង​វ៉ា​រ្យ៉​ង់​មុនៗ ប៉ុន្តែ​អ្វី​ជា​បញ្ហា​គឺថា ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​រឹងរូស​មិន​ព្រម​ទទួល​វ៉ាក់សាំង​កូ​វីដ​នៅឡើយ​។​

​ទោះជា​ប្រទះ​ឬ​ដឹង​ពី​ករណី​ឆ្លង​ច្រើន ដោយសារ​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​ហើយ ពលរដ្ឋ​មួយចំនួន​នៅ​មិនទាន់​ផ្លាស់ប្ដូរ​គំនិត​ទទួល​វ៉ាក់សាំង​វិញ​ទេ ដោយ​មនុស្សពេញវ័យ ៩០​ ភាគរយ​មិនបាន​ចាក់​វ៉ាក់សាំង បាន​និយាយថា វ៉ា​រ្យ៉​ង់​នេះ នឹង​នៅតែ​មិនអាច​បង្ខំ​ឱ្យ​ពួកគេ​ចាក់​វ៉ាក់សាំង​ដែរ​។ នេះ​បើ​យោងតាម​ការស្ទង់មតិ​ថ្មីៗ​ពី​មូលនិធិ​គ្រួសារ Kaiser។​

​ទន្ទឹមនឹងនេះ អ្នក​ដែល​មិនបាន​ទទួល​ថ្នាំ​បង្ការ​មួយចំនួន​បាន​និយាយថា ឥទ្ធិ​​ពល​វ៉ា​រ្យ៉​ង់​ដូច្នេះ​ក្ដី វា​នៅតែ​មិនអាច​ផ្លាស់​​ប្ដូរ​គំនិត​ប្រជាពលរដ្ឋ​នោះបានទេ ខណៈ​អ្នក​ផ្សេងទៀត​បាន​និយាយថា ការផ្លាស់​ប្ដូរ​របស់​មេរោគ ឬ​វ៉ា​រ្យ៉​ង់​នេះ​ជា​ហេតុផល​ធម្មជាតិ ដែល​រឹតតែ​ធ្វើឱ្យ​ពួកគេ​មិន​ព្រម​ទទួល​វ៉ាក់សាំង​។

​លោក Dianne Putnam ប្រជា​ពល​​រដ្ឋ​អាមេរិក​ម្នាក់​ដែល​មិនបាន​ចាក់​វ៉ា​ក់​សាំង​នៅ​ស្រុក​ Dalton បាន​និយាយថា​៖ «​នេះ​គ្រាន់តែ​ជា​វ៉ា​រ្យ៉​ង់ ១ ​ផ្សេងទៀត​។ ឆ្នាំក្រោយ​នឹងមាន ១​ ទៀត​។ ខ្ញុំ​ចង់​មានន័យថា វា​ចេះតែ​កើត​ថ្មី​រហូត​»​។​

​វិធានការ​សុខភាព​សាធារណៈ និង​យុទ្ធ​​នា​ការ​វ៉ាក់សាំង​របស់​និយោជិត​បាន​ដំណើរការ​តាំងពី​រដូវ​ក្តៅ​មកម្ល៉េះ ដើម្បី​ធ្វើ​ចំណាត់​​កា​រលើ​អ្នករឹងរូស​មិន​ព្រម​ទទួល​វ៉ាក់សាំង មនុស្ស​ដែល​មិនមាន​លទ្ធភាព​ទទួលបាន​ការថែទាំ​សុខភាព និង​អ្នក​ដែល​ស្ទាក់ស្ទើរ ប៉ុន្តែ​អាច​បញ្ចុះបញ្ចូល​បាន​។​

​ការស្ទង់មតិ​បានបង្ហាញ​ថា ពលរដ្ឋ​អា​​មេ​រិ​ក​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​មានការ​ប្រឆាំង​យ៉ាង​មុតមាំ ចំពោះ​ការទទួល​​បាន​វ៉ាក់សាំង​ភាគច្រើន ទំនងជា​អត្រា​ប្រ​ជា​ជន​វ័យក្មេង​ក្រុម​សាសន៍​ស និង​ជា​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ភាគច្រើន​។​

​អត្រា​ទទួលបាន​វ៉ាក់សាំង​កម្រិត​ទាប​នៅតែ​ប្រមូល​តួលេខ​ខ្ពស់​នៅ​តំបន់​ជន​បទ និង​ប៉ែក​ខាងត្បូង​ប្រទេស​ដូចជា​រដ្ឋ Louisiana, Mississippi, Georgia, Arkansas និង Alabama ​ជាដើម​។ មាន​តួលេខ​ទាប​ជាង​អត្រា​ថ្នាក់ជាតិ​ប្រហែល ​៦២​ភាគរយ​នៃ​រដ្ឋ​ទាំងនេះ​ទទួលបាន​វ៉ាក់សាំង​ពេញលេញ​។​

​លោក​វេជ្ជបណ្ឌិត Jose R. Romero លេខាធិការ​សុខាភិបាល​រដ្ឋ Arkansas បាន​និយាយថា​៖ «​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ក្នុង​រដ្ឋ​របស់ លោក​ដែល​កើនឡើង​ស្ទើរ​មិន​ធ្លាក់ចុះ​សោះ​បាន​ឆ្លុះបញ្ចាំង​ថា ​ការប្រឆាំង​យ៉ាង​ជ្រាលជ្រៅ​របស់​អ្នក​មិន​ព្រម​ទទួល​វ៉ាក់សាំង គឺ​សុទ្ធតែជា​អ្នក​ងាយ​​ស្រួល​ក្នុងការ​បញ្ចុះបញ្ចូល​បាន​»​។​

​លោក​វេជ្ជបណ្ឌិត Romero បាន​និ​​យាយ​ថា​៖ «​ជា​អកុសល យើង​មិនអាច​សន្មត​បាន​ថា ការទទួលបាន​វ៉ាក់សាំង​នេះ នឹង​បង្ក​ជាការ​ផ្លាស់ប្ដូរ​ដ៍​អស្ចារ្យ​ណាមួយ​ទេ ដោយសារ​យើង​មាន​ភាពយឺតយ៉ាវ​បន្តិចបន្តួច​ចំពោះ​រឿងនេះ​។ វា​ប្រៀបបាន​នឹង កណ្តុរ​ស៊ី​ដំរី​អ៊ីចឹង បាន​ម្ដង​បន្តិចៗ ហើយ​យើង​ត្រូវតែ​បន្ត​វា​អត់​ឈប់​»​។

​ពលរដ្ឋ​អាមេរិក ដែល​មិនបាន​ចាក់​វ៉ាក់សាំង​នៅ​ឆ្នាំនេះ​បាន​បង្កឱ្យមាន​ករណី​ធ្ងន់ធ្ងរ និង​ការស្លាប់​ភាគច្រើន​ដោយសារ​វីរុស​ហើយ​អ្នកជំនាញ​សុខភាព​និយាយថា ការចាក់​វ៉ាក់សាំង​នៅតែ​ជា​វិធី​ល្អ​បំផុត ដើម្បី​ការពារ​ប្រឆាំងនឹង​ជំងឺ​ធ្ងន់ធ្ងរ និង​ការស្លាប់​។​

​លោក Bill Hanage​ អ្នកឯកទេស​ខាង​រោគរាតត្បាត​នៅ​សាកលវិទ្យាល័យ Harvard T.H បាន​និយាយថា​៖ «​អ្នក​ដែល​មិន​បានទទួល​វ៉ាក់សាំង​ទំនងជា​អាច​នឹងត្រូវ​ចូល​មន្ទីរពេទ្យ និង​ត្រូវ​ចំណាយ​ថ្លៃ​គ្រែពេទ្យ ដែល​គេ​កំពុងតែ​ត្រូវការ​កាន់​​តែ​ច្រើន​ទៀត​ក្នុង​រដូវរងា​នេះ​»​។​

​វេជ្ជបណ្ឌិត Luciana Borio ​អតីត​ប្រធាន​អ្នកវិទ្យាសាស្ត្រ​នៅ​រដ្ឋបាល​ចំណី​-​អាហារ និង​ឱសថអាមេរិកបាន​និយាយថា​៖ «​ការ​ឈានដល់​ការចាក់​វ៉ាក់សាំង​នៅពេលនេះ ​គឺជា «​ទិដ្ឋភាព​ដ៏​លំបាក​បំផុត​» នៃ​ការឆ្លើយតប​របស់​សហ​រដ្ឋ​អាមេរិក ដែលជា​ផ្នែក​មួយ​ដែល​ទាមទារ​ឱ្យមាន​ការផ្លាស់ប្តូរ​នៅក្នុង​អាណត្តិ​នេះ​។ ការ​​ផ្ដល់​អាទិភាព​របស់​រដ្ឋាភិបាល​សហព័ន្ធ និង​នៅតាម​រដ្ឋ​នីមួយៗ​ដើម្បី​បើក​ទីតាំង​វ៉ាក់សាំង​សហគមន៍​ឡើងវិញ​ ឬ​ការជំរុញឱ្យ​អ្នកផ្តល់​សេវា​ផ្តោត​ការយកចិត្ត​ទុក​​ដាក់​បន្ថែមទៀត​លើ​ការចាក់​លើកដំបូង គឺជា​ការចាំបាច់​បំផុត​»​។​

​គិលានុបដ្ឋាក​នៅ​មន្ទីរពេទ្យ​ Chrisley ថ្មីៗ​នេះ បាន​ដឹកនាំ​ការជំរុញ​ឱ្យមាន​ជា​ក្រុម​សហជីព​ដោយ​និយាយថា បន្ទុក​ការងារ​របស់​ពួកគេ​មិនមាន​និរន្តរភាព ហើយ​ថា ​ការងារ​នេះ​ជាការ​ងារ​លំបាក​ហើយ​ការងារ​នេះ​ក៏​កាន់តែ​លំបាកទៅៗ ដោយសារ​មិនមាន​ការសហការ​ពី​ប្រជាជន​៕