មាន​រឿង​មិន​ប្រក្រតី​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​។ កាសែត​ People''s Daily ដែល​ជា​កាសែត​ផ្លូវការ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន ​បាន​ចុះ​ផ្សាយ​បទ​វិចារណកថា​មួយ​ដោយ​មិន​មាន​ការ​លើក​ឡើង​អំពី​លោក​ ស៊ី ជីនភី​ង​ ដែល​ជា​អគ្គ​លេខាធិការ​បក្ស​កុម្មុយនីស្ត​ និង​ជា​ប្រធានាធិបតី​ប្រទេស​ចិន​។

សម្រាប់​អត្ថបទ​មួយ​ដែល​មាន​ចំណង​ថា​ «ការ​ស្វែង​យល់​យ៉ាង​ស៊ី​ជម្រៅ​អំពី​ស្មារតី​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី៦​​នៃ​គណៈកម្មាធិការ​មជ្ឈិម​ទី១៩ ​នៃ​គណបក្ស​កុម្មុយនីស្ត​» គេ​រំពឹង​ថា​យ៉ាង​ហោច​ណាស់​លោក​ស៊ី ជីនភីង​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​វិភាគ​។

ការ​ប្រជុំ​ពេញ​អង្គ​កាល​ពី​ខែ​មុន​បាន​អនុម័ត​«សេចក្ដី​សម្រេច​ជា​ប្រវត្តិសាស្ត្រ​» មួយ​ ដែល​បាន​ផ្ដល់​ការ​កោត​សរសើរ​ជា​ច្រើន​ឱ្យ​លោក​ស៊ី។ ផ្ទុយ​ទៅ​វិញ​បទ​វិចារណកថា​ខាង​លើ​បាន​ផ្ដល់​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ទៅ​ឱ្យ​អតីត​មេដឹកនាំ​កំពូល​លោក តេង ស៊ាវពីង​វិញ​ ដោយ​និយាយ​អំពី​លោក​យ៉ាង​ហោច​ណាស់​៩​ដង​។

អត្ថបទ​សរសេរ​ដោយ​លោក​ឃូ ឈីងសាន​ប្រធាន​វិទ្យាស្ថាន​ប្រវត្តិសាស្ត្រ​ និង​អក្សរសាស្ត្រ​បក្ស​របស់​គណៈកម្មាធិការ​មជ្ឈិមបក្ស​បាន​លើក​ឡើង​ថា​គោលនយោបាយ​កំណែ​ទម្រង់ និង​បើក​ប្រទេស​អនុវត្ត​ដោយ​លោក​តេង​នៅ​ទសវត្ស​រ៍​ឆ្នាំ​១៩៧០ គឺ​ «ការ​ភ្ញាក់​រឭក​ដ៏​អស្ចារ្យ​របស់​បក្ស​»​។

លោក​ឃូ​បាន​លើក​ឡើង​ថា​លោក​តេង​ក៏​បាន​ «រំដោះ​គំនិត​របស់​មនុស្ស​ចេញ​ពី​ឧបសគ្គ​ដ៏​យូរ​អង្វែង​នៃ​សិទ្ធាន្ត​ឆ្វេង​និយម​»​។ ការ​លើក​ឡើង​បែប​នេះ​គឺ​ជា​ការ​រិះគន់​យ៉ាង​ខ្លាំង​នៃ​ចំពោះ​កំហុស​ឆ្គង​របស់​លោក​ម៉ៅ សេទុង​ ដែល​បង្ក​ឱ្យ​មាន​មហន្តរាយ​បដិវត្ត​ន៍វប្បធម៌​រវាង​ឆ្នាំ​១៩៦៦ ដល់​ ១៩៧៦​។ អត្ថបទ​ជិត​ឈាន​ដល់​ការ​រិះគន់​ដោយ​ផ្ទាល់​នៃ​ការ​កាន់​អំណាច​របស់​លោក​ម៉ៅ​ ដែល​មាន​ឥទ្ធិពល​ជា​ការ​រិះគន់​ការ​ប្រមូល​ផ្ដុំ​អំណាច​នា​ពេល​បច្ចុប្បន្ន​ដោយ​លោក​ស៊ី ជីនភី​ង​។

បទ​វិចារណកថា​នេះ​បាន​រៀបរាប់​យ៉ាង​លម្អិត​អំពី​សមិទ្ធផល​របស់​អ្នក​កាន់​តំណែង​មុន​លោក​ស៊ី​ទាំង​២​រូប​គឺ​លោក​ចាង ហ្សេមីន​ និង​លោក​ហ៊ូ ជីន​តាវ​ ដោយ​អ្នក​ទាំង​២​បាន​បន្ត​តាម​គន្លង​កំណត់​ដោយ​លោក​តេង​ ដែល​នេះ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​លោក​ឃូ​កំពុង​ចង់​លើក​ឡើង​។

លោក​ឃូ​សរសេរ​ថា​ លោក​ចាង និង​លោក​ហ៊ូ​ បាន​ធ្វើ​ឱ្យ​ប្រទេស​ចិន​ប្រែ​ខ្លួន​ជា​សេដ្ឋកិច្ច​ធំ​ជា​គេ​ទី២ ជា​អ្នក​ចេញ​កំពូល និង​ជា​រោងចក្រ​ពិភពលោក​។ លោក​ឃូ​ហាក់​បី​ដូច​ជា​បង្កប់​ន័យ​ថា​ យុគសម័យ​ស៊ី ជីនភីង ​ចាប់​ផ្ដើម​នៅ​ឆ្នាំ២០១២ ​ប្រទេស​ចិន​កំពុង​រស់​នៅ​រំពឹង​លើ​កាក​សំណល់​នៃ​ពិធី​ជប់លៀង​ដ៏​អស្ចារ្យ​រៀប​ចំ​ដោយ​លោក​តេង លោក​ចាង​ និង​លោក​ហ៊ូ​។

ការ​លើក​ឡើង​បែប​នេះ​ គឺ​គួរ​ឱ្យ​កត់​សម្គាល់​ពី​ព្រោះ​លោក​ឃូ​មាន​តំណែង​ជាន់​ក្នុង​គណបក្ស​កុម្មុយនីស្ត​ចិន​។ លោក​ឃូ​ គឺ​​ប្រធាន​វិទ្យាស្ថាន​ប្រវត្តិសាស្ត្រ​ និង​អក្សរសាស្ត្រ​បក្ស​របស់​គណៈកម្មាធិការ​មជ្ឈិមបក្ស ដែល​ជា​តំណែង​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ និង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​បក​ស្រាយ​ប្រវត្តិសាស្ត្រ​ និង​ទំនៀមទម្លាប់​របស់​បក្ស​។ បើ​តាម​និយមន័យ​ តំណែង​របស់​លោក​ឃូ​គឺ​ត្រូវ​ដើរ​តួ​ដ៏​សំខាន់​ក្នុង​ការ​ព្រាង​និង​អនុម័ត​ «សេចក្ដី​សម្រេច​ជា​ប្រវត្តិសាស្ត្រ»​ ទី​៣​ ដែល​ជា​ឧបករណ៍​នយោបាយ​ព្យាយាម​បង្ហាញ​ថា​លោក​ស៊ី​បាន​ក្លាយ​ជា​មេដឹកនាំ​ប្រសើរ​ជាង​លោក​តេង​។

បន្ថែម​ពី​លើ​នេះ​លោក​ឃូ​ គឺ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស។​ជា​អ្នក​ចូល​រួម​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៦​កាល​ពី​ខែ​មុន លោក​ឃូ​ ដឹង​យ៉ាង​ច្បាស់​អំពី​បរិយាកាស​បច្ចុប្បន្ន​នៅ​គណបក្ស​កុម្មុយនីស្ត​ចិន​។

ការ​ចេញ​ផ្សាយ​បទ​វិចារណកថា​របស់​លោក​ឃូ បាន​ធ្វើ​ឱ្យ​អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា ​គណបក្ស​កុម្មុយនីស្ត​ចិន​បាន​បែកបាក់​ផ្ទៃ​ក្នុង​ជា​ក្រុម​ចំនួន​២​ដោយ​មួយ​គាំទ្រ​របៀប​កាន់​អំណាច​របស់​លោក​ស៊ី ជីនភីង និង​លោក​ម៉ៅសេទុង និង​មួយ​ទៀត​គាំទ្រ​របៀប​កាន់​អំណាច​របស់​លោក​តេង ស៊ាវពីង​ លោក​ចាង ហ្សេមីន និង​លោក​ហ៊ូ ជីនតាវ​។

បទ​វិចារណកថា​របស់​លោក​ឃូ​ បាន​ទាក់ទាញ​ការ​ឆ្លើយ​តប​យ៉ាង​រហ័ស​។ ៤​ថ្ងៃ​បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​អត្ថបទ​របស់​លោក​ឃូ កាសែត​ People''s Daily បាន​ចេញ​ផ្សាយ​បទ​វិចារណកថា​មួយ​សរសេរ​ដោយ​លោក​ជាំង ជីនគ័ង ​​នាយក​ការិយាល័យ​ស្រាវជ្រាវ​គោលនយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​។

មាន​ចំណង​ជើង​ថា​ «ការ​លើក​កម្ពស់​ការ​ដឹកនាំ​ទូទៅ​របស់​គណបក្ស»​ បទ​វិចារណកថា​នេះ​បាន​កោត​សរសើរ​គោលនយោបាយ​របស់​លោក​ស៊ី ជីនភី​ង​ និង​បន្ទរ​សារ​នៃ​ «សេចក្ដី​សម្រេច​ជា​ប្រវត្តិសាស្ត្រ​»ទី​៣ ក្នុង​ការ​ប្រឆាំង​លើ​ការ​ចែកចាយ​និយម​ និង​សេរីនិយម​ ដែល​ជា​គោលនយោបាយ​របស់​មេដឹកនាំ​មុន​។ លោក​ជាំង​ក៏​បាន​ការពារ​ការ​ប្រមូល​ផ្ដុំ​អំណាច​ក្នុង​ដៃ​លោក​ស៊ី​ ជីនភីង​ទេ​។ ផ្ទុយ​ពី​អត្ថបទ​របស់​លោក​ឃូ អត្ថបទ​របស់​លោក​ជាំង​មិន​បាន​លើក​ឡើង​ពី​មេដឹកនាំ​មុន​ៗ​ទេ លើក​លែង​តែ​លោក​ម៉ៅ សេទុង​។

សេចក្ដី​សម្រេច​ជា​ប្រវត្តិសាស្ត្រ​ទី​៣បាន​បញ្ឆេះ​ការ​ប្រទាញប្រទង់​គ្នា​លើ​ខ្សែ​បន្ទាត់​នយោបាយ​រវាង​ក្រុម​មនោគមន៍វិជ្ជា​ម៉ៅ-ស៊ី ដែល​គាំទ្រ​ការ​ប្រមូល​ផ្ដុំ​អំណាច​ និង​ក្រុម​មនោគមន៍វិជ្ជា​តេង-ចាង-ហ៊ូ ដែល​គាំទ្រ​កំណែ​ទម្រង់​ និង​ការ​បើក​ប្រទេស​ជា​ថ្មី​ម្ដង​ទៀត​ ចំ​ពេល​ប្រទេស​ចិន​អាច​ប្រឈម​នឹង​ទស្សន​វិស័យ​សេដ្ឋកិច្ច​ដ៏​អាក្រក់​មួយ​ ដែល​ត្រូវ​ការ​ឱ្យ​គណបក្ស​រួបរួម​គ្នា​ដើម្បី​ដោះស្រាយ​៕