ភ្លាមៗ​បន្ទាប់ពី​បាន​ជាប់ឆ្នោត​ជា​សមាជិក​សភា​ប្រជុំ​កោះ​ សាឡូម៉ូន ​កាលពី​ឆ្នាំ ២០១៩ អ្នកនយោបាយ​បក្សប្រឆាំង​លោក​ ភីធ័រ គីនីឡូរីជូនញ័រ អះអាងថា​លោក​បានទទួល​សំណើ​ដ៏​មិន​ប្រក្រតី​មួយ​។

លោក​និយាយថា មាន​មនុស្ស​មករក​លោក​ហើយ​ស្នើឱ្យ​លោក​ចេញ «​មតិ​វិជ្ជមាន​មួយចំនួន​អំពី​ប្រទេស​ចិន ជា​ថ្នូរ​នឹង​ដី​ ១ ​ដុំ​» ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​បញ្ចេញ​អត្តសញ្ញាណ​អ្នក​ដែល​មក​សួរ​លោក​អំពី​រឿងនេះ​។

លោក​ គីនីឡូរី បានលើកឡើង​ថា​ហេតុផល​ពីក្រោយ​សំណើ​នេះ នឹង​អាច​មើលឃើញ​នាពេល​ឆាប់ៗ​នេះ​។ មិនយូរប៉ុន្មាន​នាយករដ្ឋមន្ត្រី​ ៤ ​អាណត្តិ​របស់​កោះ​ សាឡូម៉ូនម៉ាណាសេ សូហ្កាវ៉ា បាន​ផ្លាស់ប្ដូរ​ការទទួលស្គាល់​ជា​ផ្លូវការ​ពី​កោះ​តៃវ៉ាន់ ទៅ​ចិនដីគោក​វិញ ដោយ​កាត់ផ្ដាច់​ទំនាក់ទំនង ៣៦ ​ឆ្នាំ​រវាង​កោះ​ទាំង​ ២​។

ប្រជុំ​កោះ​ សាឡូម៉ូន គឺ​ចំណោម​ប្រទេស​តូច ប៉ុន្តែ​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​ត្រូវបាន​ជាប់​នៅក្នុង​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ចិន-តៃវ៉ាន់​ជុំវិញ​ចំនួន​នៃ​ការទទួលស្គាល់​ជា​ផ្លូវការ​។

ខណៈពេល​ដែល​ការប្រកួតប្រជែង​ដដែល​នេះ​កំពុង​កើតឡើង​នៅក្នុង​តំបន់​ផ្សេងទៀត​ដោយ​ថ្មីៗ​នេះ ប្រទេស​នីការ៉ាហ្គា​បាន​ផ្លាស់ប្ដូរ​មក​ទទួលស្គាល់​ចិន​ដីគោក​វិញ​ការប្រកួតប្រជែង​នៅ​តំបន់​ប៉ាស៊ីហ្វិក​ឥឡូវនេះ​បាន​លាយឡំ​ច្របល់​ជាមួយ​ជម្លោះផ្ទៃក្នុង​មាន​ស្រាប់​នៅក្នុង​ប្រទេស​ទាំងនេះ ធ្វើឱ្យមាន​ភាពតានតឹង​យ៉ាងខ្លាំង ហើយ​ក្នុង​ករណីខ្លះ​បាន​ឈានដល់​ការប្រើ​អំពើហិង្សា​។

នៅ​ប្រជុំ​កោះ​ សាឡូម៉ូន ប្រទេស​អូស្ត្រាលី និង​ប្រទេសជិតខាង​ដទៃទៀត​បាន​បញ្ជូនទាហាន​ទៅ​ជួយ​រក្សា​សណ្ដាប់ធ្នាប់​បន្ទាប់​មនុស្ស ៣ ​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​កុបកម្ម និង​ការបង្ក​អគ្គិភ័យ​ដោយ​ចេតនា​កាលពី​ខែ​មុន​។ ភាពចលាចល​បាន​កើតឡើង​ បន្ទាប់ពី​មាន​បាតុកម្ម​ដឹកនាំ​ដោយ​លោក​ ដានីយ៉ែល ស៊ូដានី ​អភិបាល​នៃ​កោះមាន​ប្រជាជន​ច្រើនជាងគេ​របស់​ សូឡាម៉ូន គឺ​កោះ​ ម៉ាលីតា​។

លោក​ ស៊ូដានី បាន​លើកឡើងថា លោក​បានធ្វើ​បាតុកម្ម​ដើម្បី​ប្រឆាំង​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការទទួល​ស្គាល់​ចិនដីគោក ប៉ុន្តែ​អ្នកវិភាគ​មួយចំនួន​បានគិត​ថា​បាតុកម្ម​នេះ​មាន​ឫសគល់​នៅក្នុង​ជម្លោះ​រវាង​ជនជាតិ​នីមួយ​នៃ​ប្រជុំ​កោះ​សាឡូម៉ូន និង​ការមិន​ពេញចិត្ត​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ការផ្លាស់ប្ដូរ​ទាំងស្រុង​ក្នុង​ការតម្រង់ទិស​យុទ្ធសាស្ត្រ​របស់​ប្រទេស​សាឡូម៉ូន​ត្រូវបាន​មើលឃើញ​យ៉ាងច្បាស់​។ ខណៈពេល​ដែល​អូស្ត្រាលី បញ្ជាក់ថា ភាគច្រើន​នៃ​កងកម្លាំង​រក្សា​សន្តិភាព​របស់ខ្លួន​នៅក្នុង​ប្រទេស​នឹងត្រូវ​ដក​ចេញ ប្រទេស​ចិន​បានប្រកាស​ផ្ដល់​ការគាំទ្រ​ដល់​ការរក្សា​សណ្ដាប់ធ្នាប់​។ លោក​ ជូវ លីជៀន អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​និយាយថា ក្រុមប្រឹក្សា​ប៉ូលិស និង​ឧបករណ៍​បច្ចេកទេស​កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នេះ​។

លោក​និយាយថា​៖ «​ពួកគេ​នឹង​ទៅដល់​ក្នុងពេល​ឆាប់ៗ​នេះ​ដើម្បី​ដើរតួនាទី​ស្ថាបនា​ក្នុង​ការពង្រឹង​សមត្ថភាព​ប៉ូលិស​មូលដ្ឋាន​»​។

ប្រទេស​ជា​កោះ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ចំនួន ១០ ​បាន​ទទួល​ស្គាល់​ចិនដីគោក ហើយ​ត្រឹមតែ​ ៤ ​ប៉ុណ្ណោះ​ទទួល​ស្គាល់​កោះ​តៃវ៉ាន់​។ ទីក្រុង​តៃប៉ិ និង​ទីក្រុង​ប៉េកាំង​ទាំង​ ២ ​បានផ្តល់​រង្វាន់​ដូចជា​ការបង្កើន​ជំនួយ​ដល់​ប្រទេស​ទាំងនេះ ជា​ថ្នូរ​ភក្ដីភាព​ការទូត​។

ភាពតានតឹង​នេះ ក៏បាន​ធ្វើឱ្យ​ការប្រជែង​គ្នា​កាន់តែខ្លាំង​រវាង​ចិន និង​អាមេរិក​ដែល​គាំទ្រ​តៃវ៉ាន់​។ ប្រធានាធិបតី​ចិន​លោក​ ស៊ី ជីនភីង ​បាន​បង្កើន​ចំណាប់អារម្មណ៍​របស់​ប្រទេស​ចិន​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង ដែល​ប្រទេស​ជា​កោះ​តូចៗ​នៅ​តំបន់​នេះ​រួមគ្នា​គ្រប់គ្រង​រហូត​ទៅដល់ ២៨ ​ភាគរយ​នៃ​ដែនទឹក​អធិបតេយ្យភាព​ក្នុង​ពិភពលោក ដែល​រួមមាន​ផ្លូវ​ពាណិជ្ជកម្ម​ដ៏សំខាន់​ជាច្រើន​។ កោះ​នៅ​តំបន់​នេះ​ក៏​ជា​សមរភូមិ​ដ៏សំខាន់​មួយ​ក្នុង​សង្គ្រាមលោកលើកទី​ ២​។

ប្រទេស​ចិន​បាន​បង្កើន​ជំនួយ​នៅក្នុង​តំបន់​នេះ ដែល​ឈានដល់ ១៤៥ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។ សហរដ្ឋ​អាមេរិក​មាន​ការព្រួយបារម្ភ​ថា​ក្រុង​ប៉េកាំង​អាច​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត​នៅ​តំបន់​នេះ សម្រាប់​គោលបំណង​យោធា​។

យ៉ាងណាមិញ ខណៈពេល​ដែល​និន្នាការ​ប្រឆាំង​ចិន​បាន​កើនឡើង​នៅក្នុង​ប្រជុំ​កោះ​ សាឡូម៉ូន ប្រជុំ​កោះ​នេះ​មាន​ប្រវត្តិសាស្ត្រ​ជម្លោះ​ជនជាតិ​បង្កឡើង​កាន់តែ​លំបាក​ដោយសារ​កង្វះ​ការងារ​។ បាតុករ​កាលពី​ខែ​មុន​បានបង្ហាញ​កំហឹង​ចំពោះ​ការពង្រីក​របស់​ចិន​ទៅក្នុង​វិស័យ​កាប់​ឈើ និង​ជីក​រ៉ែ និង​បាន​ធ្វើការ​វាយប្រហារ​ជាពិសេស​ទៅលើ​អាជីវកម្ម​របស់​ជនជាតិ​ចិន​។

ប្រភព​ការទូត​បានឱ្យ​ដឹងថា​លោក​នាយក​រដ្ឋមន្ត្រី​សូហ្កាវ៉ា ត្រូវបាន​បង្ខំ​ឱ្យ​ផ្លាស់ប្ដូរ​ការទទួលស្គាល់​ពី​តៃវ៉ាន់​ទៅ​ចិនដីគោក តាម​ការទាមទារ​របស់​សមាជិកសភា​សាឡូម៉ូន​ ១ ​ក្រុម ជា​ថ្នូរ​នឹង​ទទួល​ការគាំទ្រ​ពី​ពួកគេ​។ គេ​មិនដឹងថា​ហេតុអ្វី​បានជា​សមាជិកសភា​ ១ ​ក្រុម​នេះ​ចង់​ផ្លាស់ប្ដូរ​ការទទួលស្គាល់ ប៉ុន្តែ​គេ​អាច​ក្រឡេក​មើល​ប្រទេស​ដទៃទៀត​ដែល​បាន​ផ្លាស់ប្ដូរ​ការទទួល ហើយ​ទទួល​បាន​ការវិនិយោគ​ជាច្រើន​ពី​ប្រទេស​ចិន​៕