រុស្ស៊ី​បាន​ទទួល​ និង​កំពុង​ពិចារណា​សំណើ​របស់​អង្គការ​ណាតូ ​ដើម្បី​ចាប់​ផ្ដើម​ការ​ចរចា​អំពី​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ​ ដែលនឹង​អាច​​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​ម៉ូស្គូ​នៅ​ថ្ងៃ​ទី ១២ ខែ​មករា​ខាងមុខ​នេះ​។ នេះ​បើ​តាម​ការ​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ ទី ​២៦ ធ្នូ របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS ផ្អែក​លើ​ប្រភព​ក្នុង​ក្រសួង​ការបរទេស​រុស្ស៊ី។

សហរដ្ឋអាមេរិក និង​អង្គការ​ណាតូ​បាន​ចោទ​ប្រកាន់​ថា​ការ​ដាក់​ពង្រាយ​ទាហាន​រុស្ស៊ី​រាប់​ម៉ឺន​នាក់​នៅ​តំបន់​ព្រំដែន​ជាមួយ​អ៊ុយក្រែន​ គឺ​ជា​ការ​ត្រៀម​វាយ​លុក​ចូល​ប្រទេស​អ៊ុយក្រែន​នៅ​ដើម​ឆ្នាំ​ក្រោយ​។ រុស្ស៊ីបាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​បាន​និយាយ​ថា​ការ​កសាង​ទំនាក់​ទំនង​យោធា​រវាង​អ៊ុយក្រែន​ និង​ណាតូ​គឺ​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​របស់​ខ្លួន​។

កាល​ពី​សប្ដាហ៍​មុន​រុស្សី​បាន​បញ្ជូន​បញ្ជី​ទាមទារ​ការ​ធានា​សន្តិសុខ​ដែល​ខ្លួន​ចង់​ចរចា ដែល​រួមមាន​ការ​សន្យា​ពី​ណាតូ​ថា​នឹង​មិន​ពង្រីក​សមាជិកភាព​បន្ថែម​ទៀត​មក​រដ្ឋ​អតីត​សហភាព​សូវៀត​ ជា​ពិសេស​ប្រទេស​អ៊ុយក្រែន​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ប្រធានាធិបតី​រុស្សី​លោក ​វ្ល៉ាឌីមៀរ ពូទីន​បាន​និយាយ​ថា​ប្រទេស​របស់​លោក​ចង់​ចៀស​វាង​ជម្លោះ ប៉ុន្តែ​ត្រូវ​ការ​ការ​ឆ្លើយ​តប​ជា​បន្ទាន់​ពី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ពួកគេ​ចំពោះ​ការ​ទាមទារ​របស់​ខ្លួន​សម្រាប់​ការ​ធានា​សន្តិសុខ​។ ទីក្រុង​ម៉ូស្គូ​បាន​និយាយ​ថា ខ្លួន​រំពឹង​ថា​នឹង​មាន​កិច្ចពិភាក្សា​ជាមួយ​មន្ត្រី​អាមេរិក​លើ​ប្រធានបទ​នេះ​ នៅ​ខែ​មករា ​ក្នុង​ទីក្រុង​ហ្ស៊ឺណែវ​។

រដ្ឋាភិបាល​អាមេរិក​បាន​និយាយ​ថា​ការ​ទាមទារ​មួយ​ចំនួន​របស់​រុស្ស៊ី គឺ​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​នឹង​ឆ្លើយ​តប​ជា​មួយ​នឹង​គំនិត​ជាក់​ស្ដែង​ណា​មួយ​សម្រាប់​របៀប​នៃ​ការ​ចរចា​៕