រដ្ឋាភិបាល​តាលីបង់​បាន​រំលាយ​គណៈកម្មការ​បោះឆ្នោត​ទាំង​ ២ ​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ ក៏​ដូចជា​ក្រសួង​សន្តិភាព និង​ក្រសួង​កិច្ចការ​សភា។​​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​តាលីបង់​ ១ ​រូប​។

ប៊ីឡាល់ ការីមី​ អ្នក​នាំ​ពាក្យ​រង​របស់​រដ្ឋាភិបាល​តាលីបង់​ បាន​និយាយ​ថា​គណៈកម្មាការ​រៀបចំ​ការបោះឆ្នោត​ឯករាជ្យ និង​គណៈកម្មការ​តវ៉ា​ការ​បោះឆ្នោត គឺ​ត្រូវ​បាន​រំលាយ​។ លោក​និយាយ​ថា​គណៈកម្មការ​ទាំង ​២ នេះ គឺ​ជា​ «ស្ថាប័ន​ដែល​មិន​ចាំ​បាច់​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​នៅ​អាហ្វហ្គានីស្ថាន​»។ លោក​បន្ថែម​ទៀត​ថា​ប្រសិន​បើ​មាន​តម្រូវ​ការ​នា​ពេល​អនាគត​ រដ្ឋាភិបាល​អាច​បង្កើត​គណៈកម្មការ​ទាំង​ ២ ឡើង​វិញ​។

គណៈកម្មការ​បោះឆ្នោត​ទាំង ២ មាន​កាតព្វកិច្ច​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​ការ​បោះឆ្នោត​គ្រប់​ប្រភេទ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ រួម​ទាំង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី សភា និង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ខេត្ត​។

លោក​ការីមី​ក៏​បាន​និយាយ​ថា​តាលីបង់​ក៏​រំលាយ​ក្រសួង​សន្តិភាព និង​ក្រសួង​កិច្ចការ​សភា​ផង​ដែរ​ ដោយ​សារ​ក្រសួង​ទាំង​នេះ​គឺ​មិន​ចាំបាច់​ក្នុង​​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​បច្ចុប្បន្ន។ បន្ទាប់​ពី​ចូល​កាន់​អំណាច​ភ្លាម​ៗ​ ក្រុម​តាលីបង់​បាន​រំលាយ​ក្រសួង​កិច្ចការ​នារី​។

សហគមន៍​អន្តរជាតិ​កំពុង​រង់​ចាំ​មើល​ស្ថានភាព​ជាក់​ស្ដែង មុន​ពេល​ពង្រីក​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដល់​អ្នក​គ្រប់​គ្រង​ថ្មី​របស់​អាហ្វហ្គានីស្ថាន។ ពួកគេ​មានការ​ប្រុង​ប្រយ័ត្ន​ថា ក្រុម​តាលីបង់​អាច​បង្កើត​របប​ផ្ដាច់​ការ​ស្រដៀង​គ្នា​នឹង​ពេល​ដែល​ពួកគេ​កាន់​អំណាច​កាលពី​ ២០ ឆ្នាំ​មុន​ដែរ បើ​ទោះ​បី​ជា​ពួកគេ​ធានា​ថា​មិន​ធ្វើ​ដូច​នេះ​ក៏​ដោយ​៕