រដ្ឋាភិបាល​ស៊ីរី​អះអាង​ថា ផែនការ​របស់​អ៊ីស្រាអែល​ដើម្បី​បង្កើន​ចំនួន​អ្នក​តាំង​លំនៅ​ក្នុង​ទឹកដី​មាន​ជម្លោះ​ខ្ពង់រាប​ហ្គោលេន​រហូត​ទៅ​ដល់​ទ្វេដង គឺ​ជា​អំពើ​«គ្រោះថ្នាក់ និង​មិន​ធ្លាប់​មាន​ពី​មុន​មក​» ហើយ​គ្រាន់​តែ​បន្ត​ការ​កាន់កាប់​ដោយ​ខុសច្បាប់​របស់​ខ្លួន​លើ​ទឹកដី​នេះ​។

កាល​ពី​ថ្ងៃ​អាទិត្យ​នេះ ​​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ណាហ្វតាលី បេននិត​​បាន​ប្រកាស​ផែនការ​តម្លៃ​រាប់​លាន​ដុល្លារ ដើម្បី​បង្កើន​ទ្វេ​ដង​នៃ​ចំនួន​អ្នក​តាំង​លំនៅ​ដែល​រស់​នៅ​ក្នុង​តំបន់​ដែល​អ៊ីស្រាអែល​វាយ​យក​ពី​ប្រទេស​ស៊ីរី​ក្នុង​សង្គ្រាម​កាល​ពី​ជាង​ ៥០​ឆ្នាំ​មុន​។

កាល​ពី​ឆ្នាំ២០១៩ សហរដ្ឋអាមេរិក​ទទួល​ស្គាល់​អធិបតេយ្យភាព​របស់​អ៊ីស្រាអែល​លើ​ខ្ពង់រាប​ហ្គោលេន ប៉ុន្តែ​ប្រទេស​ដទៃ​ទៀត​ក្នុង​សហគមន៍​អន្តរជាតិ​បាន​ចាត់​ទុក​ការ​កាន់​កាប់​ទឹក​ដី​នេះ​ដោយ​អ៊ីស្រាអែល​ថា​ជា​អំពើ​ខុស​ច្បាប់​។

បើ​តាម​ប្លង់​មេ​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​អ៊ីស្រាអែល គម្រោង​ជាង​ ៣០០​ លាន​ដុល្លារ​នឹង​ធ្វើ​ការ​អភិវឌ្ឍ​ជា​ច្រើន​​នៅ​លើ​តំបន់​ខ្ពង់រាប​នេះ ដែល​រួមមាន​ការ​សាងសង់​អគារ​លំនៅឋាន​ចំនួន​ ៧៣០០ ខ្នង​បន្ថែម​ទៀត​។

កាល​ពី​ថ្ងៃ​ចន្ទ ក្រសួង​ការបរទេស​ស៊ីរី​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា​៖ «ស៊ីរី​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្កើន​ភាព​តានតឹង​ដ៏​គ្រោះថ្នាក់ និង​មិន​ធ្លាប់​មាន​ពី​មុន​មក​ដោយ​កង​កម្លាំង​កាន់កាប់​អ៊ីស្រាអែល​ក្នុង​ខ្ពង់រាប​ហ្គោលេន​របស់​ស៊ីរី និង​ការ​ប្រកាន់​ខ្ជាប់​នូវ​គោលនយោបាយ​តាំង​​លំនៅ​របស់​ពួកគេ និង​ការ​បំពាន​ដ៏​ធ្ងន់ធ្ងរ​ ដែល​ឈាន​ដល់​កម្រិត​ឧក្រិដ្ឋកម្ម​សង្គ្រាម​»​។

ប្រទេស​ស៊ីរី​បាន​ទាមទារ​ជា​យូរ​មក​ហើយ​ឱ្យ​អ៊ីស្រាអែល​ប្រគល់​ដែនដី​ទំហំ​ ១២០០ គីឡូម៉ែត្រ​ការ៉េ​មក​ខ្លួន​វិញ​។ ខ្ពង់រាប​ហ្គោលេន​មាន​សារៈសំខាន់​យុទ្ធសាស្ត្រ​ដោយ​សារ​ដែនដី​នេះ​មាន​កម្ពស់​ខ្ពស់​ ហើយ​ស្ថិត​នៅ​ចំណុច​ត្រួតស៊ីគ្នា​នៃ​ព្រំដែន​រវាង​ប្រទេស​លីបង់ ហ្ស៊កដានី ស៊ីរី និង​អ៊ីស្រាអែល​។

អ៊ីស្រាអែល​បាន​ដណ្ដើម​យក​ខ្ពង់រាប​ហ្គោលេន​នៅ​ក្នុង​សង្គ្រាម​៦​ថ្ងៃ​ជាមួយ​ប្រទេស​ស៊ីរី​ អេហ្ស៊ីប ហ៊្សកដានី និង​អ៊ីរ៉ាក់​ កាល​ពី​ឆ្នាំ​១៩៦៧​៕