ជារឿយៗ​គេ​ចាត់​ទុក​ខ្លា​ឃ្មុំ​ជា​និមិត្តរូប​របស់​ប្រទេស​រុស្ស៊ី​​។ អ្នក​ខ្លះ​មើល​ឃើញ​ប្រទេស​នេះ​គឺ​ជា​ប្រទេស​មាន​ការ​ប្រុង​ប្រយ័ត​ខ្លាំង​ដែល​មិន​ដែល​បន្ទាប​ការ​មិន​ទុក​ចិត្ត​របស់​ខ្លួន​ចំពោះ​សហរដ្ឋអាមេរិកអឺរ៉ុប និង​សូម្បី​ប្រទេស​ចិន​ហើយ​បាន​បង្ហាញ​ឆន្ទៈ​ថា ​នឹង​ចាត់​វិធានការ​ភ្លាមៗ​ប្រសិន​បាន​មាន​ការ​គំរាមកំហែង​។ វិបត្តិ​បច្ចុប្បន្ន​នៅ​ប្រទេស​អ៊ុយក្រែន​គឺ​ជា​ឧទាហរណ៍​ដ៏​ច្បាស់​មួយ​នៃ​រូបភាព​នេះ​។

យោធា​រុស្ស៊ីបាន​ដាក់​ពង្រាយ​ទាហាន​រាប់​ម៉ឺន​នាក់​នៅ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែនធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​រុស្ស៊ី​អាច​កំពុង​ត្រៀម​ធ្វើ​ការ​ឈ្លានពាន​ចូល​ប្រទេស​អ៊ុយក្រែន​នៅ​ដើម​ឆ្នាំ​ក្រោយ​។រុស្ស៊ី​​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះហើយ​បាន​និយាយ​ថា​ការ​កសាង​ទំនាក់ទំនង​រវាង​ប្រទេស​អ៊ុយក្រែននិង​សម្ព័ន្ធ​ភាព​យោធា​លោក​ខាង​លិច​ណាតូគឺ​ជា​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​សន្តិសុខ​របស់​ខ្លួន​។

ប្រធានាធិបតី​រុស្ស៊ី ​លោក​វ្ល៉ាឌីមៀរពូទីន​បាន​ធ្វើ​ការ​ទាមទារ​ឱ្យ​លោក​ខាង​លិច​ធ្វើ​ការ​ធានា​សន្តិសុខ​មួយ​ចំនួន​ដែល​រួមមាន​ការ​ដក​កង​កម្លាំង​ណាតូ​​ចេញ​ពី​អឺរ៉ុប​ខាងកើតការ​មិន​ពង្រីក​សមាជិកភាព​ឬ​ធ្វើ​សមយុទ្ធ​ក្នុង​អតីត​រដ្ឋ​របស់​សហភាព​សូវៀត​ជា​ពិសេស​អ៊ុយក្រែន​។

ការ​ទាមទារ​ទាំង​នេះ​អាច​បកស្រាយ​ថា​ជា​សារ​របស់​លោក​ពូទីន​ទៅ​កាន់​លោក​ខាង​លិច​ថា​បណ្ដា​អតីត​រដ្ឋ​សហភាព​សូវៀតគឺ​នៅ​មាត់​ទ្វារ​របស់​រុស្ស៊ី​​ហើយ​លោកខាងលិច​មិន​គួរ​លុកលុយ​ក្នុង​កិច្ចការ​ប្រទេស​ទាំង​នេះ​ដើម្បី​បង្ក​ការ​គំរាមកំហែង​ដល់​រុស្ស៊ី​ទេ​។

លោក​ខាង​លិច​ទំនង​មិន​ទទួល​យក​ការ​ទាមទារ​ទាំង​នេះ​ទេប៉ុន្តែ​លោក​ពូទីន​នឹង​មិន​បោះបង់​ដោយ​ងាយ​ទេ​ខណៈ​ពេល​រុស្ស៊ីនៅ​មាន​សភាវគតិ​ធានា​សន្តិសុខ​មាត់​ទ្វារ​របស់​ខ្លួន​ដែល​មាន​ឫសគល់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​របស់​ប្រទេស​នេះ​។

ចាប់​តាំង​ពី​សតវត្ស​រ៍​ទី​១៣​មក​ប្រទេស​រុស្ស៊ីបាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​ឈ្លានពាន​ម៉ុងហ្គោល​អស់​ជាង​២៤០ ឆ្នាំ​។ នៅ​សតវត្សរ៍​ទី១៩​រុស្ស៊ីរង​ការ​ឈ្លានពាន​ដោយ​អធិរាជ​បារាំង​ណាប៉ូឡេអុង​ហើយ​ត្រូវ​បាន​ឈ្លានពាន​ដោយ​អាល្លឺម៉ង់​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​។សហភាព​សូវៀត​បាន​ដួល​រលំ​នៅ​ឆ្នាំ១៩៩១បន្ទាប់ពី​ឆ្លង​កាត់​សង្គ្រាម​ត្រជាក់​រាប់​ទសវត្ស​រ៍​ជា​មួយ​លោក​ខាង​លិច​។

ដោយ​ព្រួយបារម្ភ​ថា​រឿង​អតីតកាល​អាច​កើត​ឡើង​ម្ដង​ទៀត​លោក​ពូទីន​ព្យាយាម​ប្រមូល​ផ្ដុំ​អតីត​រដ្ឋ​សហភាព​សូវៀត​ឱ្យ​ត្រឡប់​មក​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​រុស្ស៊ីវិញ​ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​អាច​បង្ក​ឱ្យ​មាន​ភាព​តានតឹង​នៅ​អឺរ៉ុបនិង​នៅ​ទូទាំង​ពិភពលោក​។

ប្រសិនបើ​វិបត្តិ​អ៊ុយក្រែន​កាន់តែ​ស៊ីជម្រៅវា​អាច​ធ្វើ​ឱ្យ​អាមេរិក​ពិបាក​ក្នុង​ការ​ផ្លាស់ទី​កងកម្លាំង​ពី​អឺរ៉ុប​ទៅកាន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។នេះ​មាន​ន័យ​ថា​ប្រទេស​ចិន​អាច​កាន់​តែ​មិន​មាន​ការ​ប្រឆាំង​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។

កាល​ពី​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកាក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ចេញ​ផ្សាយ​របាយការណ៍​ការ​ពិនិត្យ​ឡើង​វិញ​អំពី​ជំហរ​យោធា​សកល​របស់​ខ្លួនដែល​ហាក់​ដូចជា​លុប​បំបាត់​ការ​រំពឹង​ទុក​ថាសហរដ្ឋអាមេរិក​នឹង​ផ្លាស់​ប្ដូរ​ទៅ​កាន់​ឥណ្ឌូ​ប៉ាស៊ីហ្វិកដើម្បី​ទប់ទល់​នឹង​ប្រទេស​ចិន។ខណៈ​ពេល​ដែល​ព័ត៌មាន​លម្អិត​ជា​ច្រើន​នៃ​របាយការណ៍​នេះ​ត្រូវ​បាន​រក្សា​ជា​ការ​សម្ងាត់​អ្នក​វិភាគ​មួយ​ចំនួន​បាន​និយាយ​ថា​សម្ពាធ​ពី​វិបត្តិ​អ៊ុយក្រែន​បាន​ពន្យារ​ផែនការ​ផ្លាស់​ប្ដូរ​មក​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទំនាក់ទំនង​យោធា​រុស្ស៊ី និង​ចិន​បាន​រីក​ចម្រើន​ដល់​កម្រិត​មិន​ធ្លាប់​មាន​ពី​មុន​មក​។ នៅ​ចុង​ខែ​តុលា នាវា​ចំនួន ១០ គ្រឿង​មក​ពី​កងទ័ពជើងទឹក​ទាំង​២​បាន​ឆ្លងកាត់​ច្រក​សមុទ្រ​ស៊ូហ្គារូ និង​អូស៊ូមី​ ដែល​ធ្វើ​ដំណើរ​ស្ទើរ​តែ​ជុំវិញ​ប្រជុំ​កោះ​ជប៉ុន​ទៅ​ហើយ​។

បើគេ​ក្រលេក​មើល​ទៅ​ខែ​កក្កដា​ឆ្នាំ២០១៧ នាវា​កងទ័ពជើង​ទឹក​របស់​ចិន​បាន​ធ្វើ​ដំណើរ​រហូត​ដល់​សមុទ្រ​បាល់ទិក​សម្រាប់​សមយុទ្ធ​រួមគ្នា​ដែល​រៀប​ចំ​ដោយ​រុស្ស៊ី​។ ករណី​សមយុទ្ធ​បែប​នេះ​ច្រើន​ទៀត​ត្រូវ​បាន​គេ​រំពឹង​ទុក ខណៈ​ដែល​ប្រទេស​ទាំង​២​មាន​ជម្លោះ​ជាមួយ​អាមេរិក​កាន់​តែ​ខ្លាំង។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​គេ​មិន​អាច​និយាយ​បាន​ទេ​ថា​ប្រទេស​ទាំង​២​បាន​ធ្វើ​ការ​រួម​គ្នា​បង្កើត​មាន​វិបត្តិ​ដើម្បី​ដាក់​សម្ពាធ​បំបែក​កម្លាំង​អាមេរិក​ពី​ព្រោះ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ពួកគេ​គឺ​មិន​ស៊ី​ជម្រៅ​គ្រប់គ្រាន់​សម្រាប់​សកម្មភាព​បែប​នេះ​ទេ​។

ទំនាក់ទំនង​រវាង​ចិននិង​រុស្ស៊ី​មិន​រឹងមាំ​ដូច​ដែល​មើល​ឃើញ​នោះ​ទេ។ប្រទេស​ជិត​ខាង​ទាំង​២​មាន​ព្រំដែន​វែង​ឆ្ងាយហើយ​បាន​មាន​ប៉ះ​ទង្គិច​អាវុធ​នៅ​ឆ្នាំ១៩៦៩​ជុំវិញ​ជម្លោះ​ដែនដី​។ភាព​ជា​ដៃគូ​របស់​ពួកគេ​គឺ​មិនមែន​ផ្អែក​លើ​មិត្តភាពឬ​ទំនុក​ចិត្ត​នោះ​ទេប៉ុន្តែ​នៅ​លើ​ការ​ប្រឆាំង​រួម​គ្នា​ចំពោះ​សហរដ្ឋអាមេរិក​។

រុស្ស៊ី​កាន់តែ​ព្រួយបារម្ភនិង​ប្រយ័ត្នប្រយែង​នៅ​ពេល​ដែល​ចិន​មាន​ឥទ្ធិពល​ខ្លាំង​ជាង​កម្លាំង​សេដ្ឋកិច្ចនិង​យោធា​របស់​ខ្លួន​។ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ចិន​គឺ​ប្រហែល​ស្មើ​នឹង​១០​ ដង​របស់​រុស្ស៊ី​។យោង​តាម​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​បាន​កើន​ឡើង៥៨ភាគរយពី​ឆ្នាំ២០១៥ដល់ ១០៧ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២០។ប៉ុន្តែ​គម្លាត​នៅ​ក្នុង​វត្តមាន​សកល​របស់​ពួកគេ​គឺ​ធំធេង​ណាស់ដោយ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​ចិន​បាន​ឈាន​ដល់៤,៧ ទ្រី​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២០ ដែល​ច្រើនជាង​ ៨ដង​នៃ​ពាណិជ្ជកម្ម​របស់​ប្រទេស​រុស្ស៊ី​។

បើ​ទោះ​បី​ជា​សមត្ថភាព​នុយក្លេអ៊ែរ​រុស្ស៊ី គឺ​ធំ​ជាង​ចិន​ការ​ចំណាយ​លើ​វិស័យ​យោធា​ដោយ​ក្រុង​ប៉េកាំង​គឺ​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ប្រហែល​ស្មើ​៣ ទៅ​ ៤​ដង​នៃ​កញ្ចប់​ថវិកា​របស់​រុស្ស៊ី​។ប្រសិន​បើ​គ្មាន​ការ​ផ្លាស់ប្ដូរ​ ប្រទេស​ចិន​នឹង​ក្លាយ​ជា​អំណាច​យោធា​ធំ​ជាង​រុស្ស៊ី​។

រហូត​មក​ដល់​ពេល​នេះ​យោធា​រុស្ស៊ី​​មិន​ដែល​ឈប់​ធ្វើ​ការ​សមយុទ្ធ​ដើម្បី​ត្រៀម​សម្រាប់​ការ​ប៉ះ​ទង្គិច​ជា​មួយ​ចិន​។

ប្រទេស​ទាំង​ចាប់​យក​ឱកាស​​ខ្លះៗ​​ដើម្បី​បង្ហាញ​ពី​កិច្ច​សហការ​និងជា​សារ​ផ្ញើរជូន​ដល់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​រុស្ស៊ី​មិន​ចង់​ឱ្យ​ចិន​អូស​ទាញ​ខ្លួន​ចូល​ទៅ​ក្នុង​ជម្លោះ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ទេ ហើយ​ចិន​ក៏​គ្មាន​បំណង​ចង់​ពាក់ព័ន្ធ​នឹង​វិបត្តិ​អ៊ុយក្រែន​ដែរ​។

យ៉ាង​ណា​មិញ ចិន និង​រុស្ស៊ី​មាន​តម្រូវ​ការ​ផ្ដល់​ជូន​​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​វា​នឹង​ក្លាយ​ជា​កំហុស​សម្រាប់​សហរដ្ឋអាមេរិក អឺរ៉ុប និង​ជប៉ុន ដែល​គិត​ថា​ពួកគេ​អាច​ជំរុញ​ឱ្យ​មាន​ជម្លោះ​រវាង​មហា​អំណាច​ទាំង​ពីរ​ភ្លាម​ៗ​នេះ​ទេ។​ លោក​ខាង​លិច​អាច​សិក្សា​អំពី​ទំនាក់​ទំនង​ដ៏​ស្មុគស្មាញ​រវាង​ចិន-រុស្ស៊ី​ដើម្បី​ស្វែងរក​ចំណុច​ខ្សោយ​៕