កាល​ពី​ថ្ងៃ​អង្គារ ទី​២៨ ធ្នូ​ តុលាការ​កំពូល​បាន​បញ្ជា​ឱ្យ​រំលាយ​អង្គការ​ Memorial International ដែល​ជា​អង្គការ​សិទ្ធិមនុស្ស​មួយ​ដែល​បាន​ធ្វើ​ការ​ជាង​ ៣០​ ឆ្នាំ​ក្នុង​ការ​ស៊ើបអង្កេត​ និង​បង្ហាញ​អំពី​ការ​រំលោភ​បំពាន​ និង​អំពើ​ឃោរឃៅ​នៃ​សម័យ​ផ្ដាច់​ការ​ស្តាលីន​និយម​។

តុលាការ​កំពូល​រុស្ស៊ីបាន​រក​ឃើញ​ថា​អង្គការ​ Memorial International បាន​បំពាន​ច្បាប់​ស្ដី​ពី «ភ្នាក់ងារ​បរទេស» ដែល​តម្រូវ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​ទទួល​ថវិកា​ពី​បរទេស និង​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ ចុះ​ឈ្មោះ​ជា​ «ភ្នាក់​ងារ​បរទេស» ហើយ​ត្រូវ​រង​សវនកម្ម​បន្ថែម​ និង​ការ​រឹត​បន្តឹង​មួយ​ចំនួន​ទៀត​។ ប៉ុន្តែ​អង្គការ​នេះ​ បាន​និយាយ​ថា ​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​បិទ​គឺ​ដោយសារ​អាជ្ញាធរ​មិន​យល់ព្រម​លើ​ការងារ​របស់​ខ្លួន​។

វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​បាន​បង្ហាញ​ឱ្យ​ឃើញ​អ្នក​គាំទ្រ​ Memorial International បាន​ស្រែក​ថា «អាម៉ាស់ ខ្មាស!» នៅ​តាម​សាល និង​នៅ​ច្រក​ចូល​អគារ​តុលាការ ភ្លាម​ៗ​ បន្ទាប់​ពី​ការ​សម្រេច​នេះ​។

យ៉ាង​ហោច​ណាស់​មនុស្ស​ ៧ នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​អគារ​តុលាការ​ នេះ​បើ​តាម​​ក្រុម​ឃ្លាំ​មើល​ឯករាជ្យ OVD-Info​ ប៉ុន្តែ​អង្គការ​នេះ​បាន​និយាយ​ថា​ ក្នុង​ចំណោម​នោះ​មាន​មនុស្ស​ ៣នាក់​ដែល​គេ​សង្ស័យ​ថា ​ជា​អ្នក​ញុះញង់​ដែល​មាន​គោល​បំណង​តែ​មួយ​គត់​ គឺ​ដើម្បី​បង្ក​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ មិន​មែន​គាំទ្រ​ Memorial International ទេ​។

កាល​ពី​ខែ​វិច្ឆិកា ខុទ្ទកាល័យ​អគ្គ​រដ្ឋអាជ្ញា​រុស្ស៊ី​ ​បាន​ស្នើ​សុំ​ការ​រំលាយ​ Memorial International ក្រោម​ការ​ចោទ​ប្រកាន់​ថា​អង្គការ​នេះ​បាន​បំពាន​ច្បាប់​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​ការ​ខកខាន​មិន​បាន​សម្គាល់​ការ​បោះពុម្ព​ផ្សាយ​ទាំង​អស់​របស់​ខ្លួន​ថា​ជា​ស្នាដៃ​របស់​ «ភ្នាក់ងារ​បរទេស»​។ អង្គការ​នេះ ​ត្រូវ​បាន​ក្រសួង​យុត្តិធម៌​រុស្សី​ចាត់​ទុក​ជា​ «ភ្នាក់ងារ​បរទេស» ចាប់​តាំង​ពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ​៕