​កាល​ឆ្នាំ ​២០១៥ មេដឹកនាំ​កំពូល​អ៊ី​រ៉ង់​អា​យ៉ា​តូ​ឡា អា​លី ខា​មេ​នី បាន​រង់ចាំ​ដោយ​អត់ធ្មត់ មុនពេល​លោក​ផ្ដល់​ការ​​យល់ព្រម​របស់លោក​ចំពោះ​ការចុះ​​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​មហាអំណាច​ពិភពលោក​។

​ខណៈពេលដែល​អ្នកនយោបាយ​កណ្ដាល​និយមអ៊ី​រ៉ង់ និង​អ្នកគាំទ្រ​របស់​ពួកគេ​បាន​អបអរសាទរ​ការសម្រេច​កិច្ចព្រមព្រៀង​ថា នឹង​នាំមក​យុគសម័យ​សម្រាប់​ប្រទេស​នេះ លោក​ ខា​មេ​នី ​នៅតែ​បញ្ជាក់​យ៉ាងច្បាស់​ថា លោក​នៅតែ​មិន​ទុកចិត្ត​សហរដ្ឋអាមេរិក និង​តួអង្គ​ដទៃទៀត​ពីក្រោយ​កិច្ចព្រមព្រៀង​នេះ​។​

​នៅក្នុង​លិខិត​ចំហ​មួយ​ដែល​បានចេញ​ផ្សាយ​មួយថ្ងៃ​បន្ទាប់ពី​មន្ត្រី​អ៊ី​រ៉ង់ អាមេរិក អឺរ៉ុប រុស្ស៊ី និង​ចិន​បានធ្វើ​កិច្ចប្រជុំ​ «​គណៈ​​កម្ម​ការ​ចម្រុះ​» លើកដំបូង​របស់​ពួកគេ លោក​ខា​មេ​នី​បាន​ព្យាករ​ការបរាជ័យ​នៃ​កិច្ចព្រមព្រៀង​នៅពេល​វា​ទើបតែ​មានកំណើត​។ ដោយ​កាលនោះ​លោក​បាន​សរសេរ​ទៅកាន់​ប្រធានាធិបតី​ ហាស្សាន រូ​ហា​នី ដែលជា​អ្នកគាំទ្រ​កិច្ចព្រមព្រៀង​នេះថា ​ក្រុង​វ៉ាស៊ីនតោន​បាន​លាក់លៀម ​«​អរិ​​ភាព​គ្មាន​ទីបញ្ចប់​» ចំពោះ​ប្រទេស​អ៊ី​រ៉ង់ ហើយ​បាន​ចោទប្រកាន់​រដ្ឋបាល​លោក ប៉ា​រ៉ា​ក់ អូ​បា​ម៉ា ​ថា ​បានធ្វើ​ការបោក​បញ្ឆោត និង ​«​ការទូត​យាយី​»​។​

៦ ​ឆ្នាំ​ក្រោយមក កិច្ចព្រមព្រៀង​ដែលមាន​ឈ្មោះថា «​ផែនការ​សកម្មភាព​រួម​» ឬ JCPOA ហាក់បីដូចជា​បាន​ខូចខាត​ដល់​កម្រិត​មិនអាច​ជួសជុល​។ ការមិនទុកចិត្ត​គ្នា​រវាង​ក្រុង​តេ​អេ​រ៉ង់ និង​ក្រុង​វ៉ាស៊ីនតោន គឺ​កាន់តែ​ជ្រៅ​ជាង​មុន ដោយ​ភាគច្រើន​ជា​លទ្ធផល​បន្សល់​ដោយ​អតីត​ប្រ​ធានា​​ធិបតី​អាមេរិក​ លោក​ ដូ​ណា​ល់ ត្រាំ ដែល​កាលពី​ឆ្នាំ ​២០១៨ បាន​ដក​អាមេរិក​ចេញពី JCPOA ហើយ​សម្រេច​ចិត្តជា​ឯកតោ​-​ភាគី​ដាក់ទណ្ឌកម្ម​រាប់រយ​ទៅ​អ៊ី​រ៉ង់​។ ក្រុង​តេ​អេ​រ៉ង់ បាន​ឆ្លើយតប​វិញ​ដោយ​ព​ន្លឿ​ន​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ដែល​ពី​ ១ ​ថ្ងៃ ​ទៅ ​១ ​ថ្ងៃ ​កាន់តែ​ឈាន​ជិត​ដល់ការបង្កើត​អាវុធ​។​

​ឥឡូវនេះ កម្មវិធី​នុយក្លេអ៊ែរអ៊ីរ៉ង់ បាន​ដើរ​ទៅមុខ​ដល់​កម្រិត​មិន​ធ្លាប់មាន​ពីមុនមក ហើយ​ជំហរ​ទាំងសងខាង​មាន​លក្ខណៈ​តឹងរ៉ឹង​ជាង​មុន ធ្វើឱ្យ​អ្នកជំនាញ​ព្រួយបារម្ភ​ថា កិច្ចព្រមព្រៀង​បាន​បរាជ័យ ហើយ​វិបត្តិ​នុយក្លេអ៊ែរ​ថ្មី​មួយ​នឹង​កើតមាន​ក្នុង​រយៈ​​ពេល​ត្រឹមតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណេះ​។​

​អ្នកចរចា​មកពី​គ្រប់ភាគី បាន​ចំណាយពេល​ភាគច្រើន​នៃ​ខែធ្នូ​ក្នុង​កិច្ចចរចា​នៅ​ទីក្រុង​វី​យែ​ន​នៃ​ទីស្នាក់ការ​កណ្ដាល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​អឺរ៉ុប ក្នុងការ​ព្យា​យាម​ចុងក្រោយ​ ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នេះ​ ដែល​អ្នកការទូត​លោកខាងលិច​ចាត់​​ទុក​ថា ជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុងការ​ទប់ស្កាត់ អ៊ីរ៉ង់​មិនឱ្យ​បង្កើត​អាវុធ​នុយក្លេអ៊ែរ​។ មកដល់ពេលនេះ​អ្នកចរចា បានធ្វើ​វិវឌ្ឍន​​ភាព​តិចតួច​មុនពេល​ផ្អាក​នៅ​ពាក់កណ្តាល​ខែធ្នូ ប៉ុន្តែ​បានចាប់ផ្តើម​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​។​

​ការចរចា​ចុងក្រោយ​នេះ បាន​កើតឡើង​បន្ទាប់ពី​ការផ្អាក​រយៈពេល​ ៥ ​ខែ ក្រោយ​ពី​ការចូល​កាន់អំណាច​រប​ស់​ប្រធានាធិបតី​អ៊ី​រ៉ង់​ថ្មី គឺ​លោក អ៊ី​ប្រា​ហ៊ីម រ៉ៃ​ស៊ី ដែលជា​កូនសិស្ស និង​ជំនិត​របស់លោក​ ខា​មេ​នី​។ ការបោះឆ្នោត​នេះ បាន​សម្គាល់​ការបញ្ចប់​នៃ​យុគសម័យ​កណ្ដាល​និយម​របស់លោក ​រូ​ហា​នី ​ហើយ​ពង្រឹង​ការកាន់កាប់​អំណាច​របស់​ក្រុម​អ្នកនយោបាយ​អភិរក្សនិយម​។​

​ស្ទើរតែ​ភ្លាមៗ​បន្ទាប់ពី​ការចរចា​ចាប់​​ផ្ដើម តំណាង​លោកខាងលិច​បាន​ចោទ​​ប្រកាន់​រដ្ឋាភិបាល​អ៊ី​រ៉ង់​ថ្មី​ថា បាន​ដើរ​ថយក្រោយ​ទៅលើ​ចំណុច​ព្រមព្រៀង​នៃ​ការចរចា​មុនៗ​នៅ​ឆមាស​ទី​១ ​នៃ​ឆ្នាំ​ ២០២១ ហើយ​គ្រាន់តែ​ពន្យារពេល​ការចរចា​ដើម្បី​ព​ន្លឿ​ន​កម្មវិធី​នុយក្លេអ៊ែរ​បន្ថែមទៀត​។ រីឯ​អ៊ី​រ៉ង់​វិញបាន​និយាយថា ពួកគេ​ក៏​ចង់​ស្ដារ​កិច្ចព្រមព្រៀង​ ប៉ុន្តែ​លោកខាងលិច​កំពុង​រារាំង​មិនឱ្យ​ការ​​ចរចា​ទៅមុខ​។​

​បើ​មើ​លពី​ទស្សនៈ​របស់អ៊ី​រ៉ង់ ការព្រួយបារម្ភ​និង​ការមិនទុកចិត្ត​របស់​លោក ​ខា​មេ​នី ចំពោះ​លោកខាងលិច គឺ​ត្រូវបាន​បញ្ជាក់ថា ដោយសារ​ការសម្រេចចិត្ត​របស់លោក ​ត្រាំ ​ក្នុងការ​ដកខ្លួន​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង ហើយ​ចាប់ផ្ដើម​ដាក់ទណ្ឌកម្ម​ឡើងវិញ​។ អំពើ​បែបនេះ បានធ្វើឱ្យ​ក្រុម​អ្នកនយោបាយ​អភិរក្ស​និ​​យម​របស់លោក​ ខា​មេ​នី ​កាន់​តែមាន​ប្រជា​​ប្រិយភាព និង​អំណាច ជាង​ក្រុម​កណ្ដាល​និយម​របស់លោក​ប្រធានាធិបតី​ រូ​ហា​នី ដែលជា​អ្នកគាំទ្រ​ការធ្វើ​កិច្ចព្រមព្រៀង​។​

​រីឯ​លោក​ ចូ បៃ​ដិ​ន ​វិញ​បានបង្ហាញ​ថា​ លោក​ចង់​ស្ដារ​កិច្ចព្រមព្រៀង ប៉ុន្តែ​មិនត្រូវ​បង្ហាញខ្លួន​ថា​ទន់ខ្សោយ​ចំពោះ​ប្រ​​ទេស​អ៊ី​រ៉ង់​ទេ​។ កត្តា​ទាំងនេះ​បានធ្វើឱ្យ​ជំហរ​ទាំងសងខាង​កាន់​តឹងរ៉ឹង និង​កាន់តែ​មិន​សម្របសម្រួល​គ្នា ហើយ​ធ្វើឱ្យ​ការស្ដារ​កិច្ចព្រមព្រៀង​កាន់តែ​លំបាក​។​

​ប្រសិនបើ​ការចរចា​បរាជ័យ សហរដ្ឋ​​អាមេរិក និង​សម្ព័ន្ធមិត្ត​ពួកគេ​មាន​ជម្រើស​ចាត់វិធានការ​មួយចំនួន​។ ពួកគេ​អាចដាក់​ពាក្យបណ្ដឹង​ទៅកាន់​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​របស់​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) នៅ​ខែមីនាថា អ៊ី​រ៉ង់បាន​រំលោភ​ដែន​កំណត់​នុយ​ក្លេ​អ៊ែរ​។ បន្ទាប់មក​ក្រុមប្រឹក្សាសន្តិសុខ​អង្គ​ការ​សហប្រជាជាតិ នឹង​សម្រេច​ថា ចាត់វិធានការ​មួយទៀត​។​

​ជម្រើស​មួយទៀត គឺ​សម្រាប់​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ណាមួយ ដែលជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ដូចជា​សហរដ្ឋ​​អាមេរិក ចក្រភព​អង់គ្លេស បារាំង អា​​ល្លឺ​ម៉​ង់ ចិន និង​រុស្ស៊ី ដើម្បី​ចាប់ផ្ដើម​ទណ្ឌកម្ម​អន្តរជាតិ «​ត្រឡប់​ទៅវិញ​» ដែល​ត្រូវបាន​ដកចេញ​ បន្ទាប់ពី​កិច្ច​ព្រម​ព្រៀង​នេះ​ដោយ​ត្រឹមតែ​ផ្ដល់ដំណឹង​ទៅឱ្យ​សមាជិក​ដទៃទៀត​ថា អ៊ីរ៉ង់​បាន​រំលោភ​ដែន​កំណត់​។ ការធ្វើ​បែបនេះ​អាច​ត្រូវបាន​រារាំង​លុះត្រាតែ​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់​បដិសេធ​៕