​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុងបន្ត​រីក​រាលដាល​ជា​បន្តបន្ទាប់ ខណៈ​អត្រា​ចូល​មន្ទីរពេទ្យ ក៏​កំពុង​កើនឡើង រួមទាំង​ករណី​កុមារ​ផងដែរ​។ ប៉ុន្តែ​សំណួរ​ថា តើ​វ៉ា​រ្យ៉​ង់​ថ្មី​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​កុមារ​ក្នុង​កម្រិតណាហើយ​ថា តើ​គួរប្រើ​ប្រាស់​វិធានការ​សម្រាប់​ការពារ​ការរីក​រាលដាល ដដែល​ឬ​យ៉ាងណា​?

​អ្នកស្រី​វេជ្ជបណ្ឌិត Jennifer Lighter អ្នកឯកទេស​ជំងឺឆ្លង​កុមារ​នៅ​មន្ទីរពេទ្យ New York University Langone ក្នុង​ទីក្រុង​ញូវយ៉ក បាន​ឆ្លើយ​ទៅនឹង​សំណួរ​ខាងលើ​ថា​៖ «​វា​អាស្រ័យ​ទៅតាម​ស្ថានភាព​។ ដោយសារតែ​ស្ថានភាព​នៅ​ទីក្រុង New York មាន​ករណី​ឆ្លង​ខ្លាំង ពេលនេះ​ករណី​អូ​មី​ក្រុង​កើនឡើង​ខ្ពស់​ទាំង​ក្រុម​កុមារ​និង​មនុស្សពេញវ័យ ប៉ុន្តែ​ករណី​កុមារដែល​វិ​វ​ឌ្ឍ​ទៅជា​ស្ថានភាព​ធ្ងន់​ធ្ង​រ ​គឺ​កម្រ​ណាស់​» ។​

​លោកស្រី​វេជ្ជបណ្ឌិត Katharine Smart ប្រធាន​សមាគម​វេជ្ជសាស្ត្រ​កាណាដា និង​ជា​គ្រូ​ពេទ្យ​កុមារ​នៅក្នុង​ទឹកដី Yukon ដាច់ស្រយាល​នៃ​ប្រទេស​កាណាដា បាន​និយាយថា​៖ «​ខ្ញុំ​នៅ​មិនទាន់​ឃើញ​ក្មេង​ណា​ម្នាក់​ឆ្លង​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​នៅឡើយ​ទេ​»​។​

​ទោះជា​យ៉ាងណាក៏ដោយ លោកស្រីបាន​កត់សម្គាល់ថា កាណាដា​ជាធម្មតា​ដើរ​ពីក្រោយ សហរដ្ឋអាមេរិក​ពី ​៣ ទៅ ​៤ ​សប្តាហ៍ ដូច្នេះ​លោកស្រី​រំពឹងថា ចំនួន​ករណី​ឆ្លង​នឹង​កើនឡើង​ក្នុងពេល​ឆាប់ៗ​នេះ ហើយដោយ​សារ​ការ​​រីក​រាលដាល​អូ​មី​ក្រុងមាន​ចំនួន​ច្រើន​ដូចនេះ​ករណី​ឆ្លង​លើ​កុមារ​ក៏មាន​ច្រើន​តាម​ហ្នឹង​ដែរ​។

​ប៉ុន្តែ​នៅ​មន្ទីរពេទ្យ​កុមារ Comer ក្នុង​ទីក្រុង​ឈី​កា​ហ្គោ លោកស្រី​វេជ្ជបណ្ឌិត Chidimma Acholonu គ្រូពេទ្យ​កុមារ​បាន​ឃើញថា ក្នុង​រយៈពេល​ ១ ខែ​កន្លះ​ក្រោយនេះ​កុមារ​កាន់តែច្រើន​បាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ចាប់តាំងពី​ការឆ្លង​ជំងឺ​រាតត្បាត​ទាំងមូល​។​

​លោកស្រី​វេជ្ជបណ្ឌិត Acholonu បាន​ប្រាប់​សារព័ត៌មាន​ Fortune ថា​៖ «​ក្មេង​តូចៗ កំពុង​ធ្វើតេស្ត​វិជ្ជមាន និង​មាន​រោគសញ្ញា​កូ​វីដ​ជាពិសេស ក្មេង​ជំទង់​គឺ កំពុង​ត្រូវការ​ជំនួយ​ផ្លូវដង្ហើម​ស្មើ នឹង​មនុស្សពេញវ័យ​ហើយ​»​។

​លោក​វេជ្ជបណ្ឌិត Scott Hadland ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​មនុស្ស​វ័យ​ជំទង់ និង​មនុស្ស​វ័យចាស់​នៅ​មន្ទីរពេទ្យ Massachusetts General Hospital បាន​និយាយថា​៖ «​យើង​ពិតជាបានឃើញ​ការកើនឡើង​នៃ​ការ​​ឆ្លង​មេរោគ​លើ​កុមារ​នៅ​បូ​ស្តុ​ន​។ ដោយឡែក​រដ្ឋាភិបាល​ក៏បានផ្តល់​ការធ្វើ​តេស្ត​យ៉ាង​ដិតដល់​ដែរ​ដោយសារ​ករណី​ឆ្លង​សហគមន៍​នៅ​ទីនោះ​មាន​ច្រើន​សន្ធឹកសន្ធាប់ ហើយ​កុមារ​ទាំងនោះ​ចៀស​មិន​ផុតពី​ការឆ្លង​មេរោគ​នោះទេ​»​។

​គាត់​បាន​និយាយថា​៖ «​មានការ​យល់​ខុស​ជាច្រើនដែលថា កុមារ​មិនអាច​ឆ្លង​ដូច​ក្រុម​អាយុ​ផ្សេងទៀត​ ប៉ុន្តែ​ពួកគេ​នៅតែ​អាច​ប្រឈម​នឹង​ករណី​ធ្ងន់ធ្ងរ​។ ពួកគេ​នៅតែ​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូ​វីដ និង​រលាក​ពហុ​ប្រព័ន្ធ ក៏ដូចជា​ករណី​ស្រាល​ជាដើម​»​។

​ប៉ុន្តែ​និយាយ​ឱ្យ​ខ្លី​ទៅ កុមារ​ដែល​ឆ្លង​មេរោគ​នៅមាន​សុខភាព​រឹងមាំ​ជាង​មនុស្សពេញវ័យ​ពីព្រោះ ការឆ្លើយតប​នៃ​ប្រព័ន្ធ​ភាពស៊ាំ​មាន ​២ ​ទម្រង់ ភាពស៊ាំ​ពី​កំណើត និង​ភាពស៊ាំ ដែល​បានមកពី​ការ​ធ្លាប់​ឆ្លង​នឹង​ជំងឺ ហើយ​ក្មេងៗ​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​ឆ្លង​បាន​ប្រសើរ​ជាង​មុន ដោយសារ​ភាពស៊ាំ​ពី​កំណើត​របស់​ពួកគេ គឺ​ខ្លាំង​ជាង​មនុស្សពេញវ័យ​។​

​លោកស្រី​ Hadland ​បាន​បន្ថែមថា ផលប៉ះពាល់​សុខភាព​នៃ​មេរោគ​ឆ្លង​ចំពោះ​កុមារ​ គឺ​ស្រដៀង​ទៅនឹង​ជំងឺ​ផ្តាសាយ​ដែរ​។ តាម​ការពិត​ជំងឺ​គ្រុនផ្តាសាយ​បង្កឱ្យមាន​ករណី​ស្លាប់​ច្រើនជាង​ផង​សម្រាប់​ក្រុម​កុមារ​។

​លោកស្រីបន្តថា​៖ «​ចាប់តាំងពី​ជំងឺ​រាតត្បាត​បាន​ចាប់ផ្តើម កុមារ​ចំនួន ៥៤៨​ នាក់ បាន​ស្លាប់​ដោយសារ​កូ​វីដ​ ១៩​។ នោះ​គឺ​ដូចគ្នា​ទៅនឹង [​ស្លាប់​ដោយ​ជំងឺ​គ្រុនផ្តាសាយ​] ប្រចាំឆ្នាំ​ធម្មតា ហើយ​បើ​និយាយ​ពី​ករណី​ធ្ងន់ធ្ងរ​វិញ​ គឺកម្រ​ណាស់ ដោយ​អត្រា​ស្លាប់​គឺ​ប្រហែល ២ ​នាក់ ​ក្នុងចំណោម​ ១ លាន​នាក់​ឯណោះ​»​។​

​លោក​វេជ្ជបណ្ឌិត Adam Ratner ប្រធាន​ផ្នែក​ជំងឺឆ្លង​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ Hassenfeld​ នៅ​សាកលវិទ្យាល័យ​ New York University Langone បានឱ្យដឹងថា​៖ «​នៅលើ​មូលដ្ឋាន​ពី​ការឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​កុមារ​មិន​ងាយ​វិ​វត្ត​ទៅជា​កម្រិតធ្ងន់​ដូច​មនុស្សពេញវ័យ​ទេ​។ ប៉ុន្តែ​នៅពេល ដែលមាន​ករណី​ឆ្លង​ទ្រង់ទ្រាយ​ធំ ករណី​ធ្ងន់ធ្ងរ​អាច​នឹង​ងាយ​កើតឡើង ចំពោះ​កុមារ បើទោះបីជា​ករណី​ទាំងនេះ​កម្រ​សម្រាប់​ក្មេង​ម្នាក់ៗ​ក៏ដោយ​»​។​

​យ៉ាងណាមិញ យោងតាម​ការសិក្សា​ថ្មីៗ​របស់​វេជ្ជបណ្ឌិត ​Lighter ដែល​ត្រូវបាន​បោះពុម្ព​ក្នុង​ខែកញ្ញា ដោយ​ស្ថាប័ន​ American Journal of Obstetrics & Gynecology បាន​បង្ហាញថា ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​បានទទួល​វ៉ាក់សាំង ឈាម​ទងផ្ចិត​ទៅនឹង​កូន គឺ​សម្បូរ​ទៅដោយ​អង្គ​បដិបក្ខប្រាណ​។​

​លោកស្រី​វេជ្ជបណ្ឌិត Lighter បញ្ជាក់ថា​៖ «​ម្តាយ​ដែល​ទទួល​ថ្នាំ​បង្ការ និង​ជំរុញ​នឹង​ផ្តល់​ការ​ការ​​ពារ​ដល់​ទារក​របស់​ពួកគេ​សម្រាប់​រយៈពេល ​២-៣ ​ខែ​ដំបូង​នៃ​ជីវិត​។ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ក៏​អាច​បញ្ជូន​អង្គ​បដិបក្ខប្រាណ​ដែរ ប៉ុន្តែមិនបាន​ច្រើន​ដូច​ពេល​ចាក់​វ៉ា​ក់​​សាំង​មាន​ផ្ទៃពោះ​នោះទេ​»​។​

​ទោះជា​យ៉ាងណាក្ដី​សម្រាប់​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​វិញ ​គេ​នៅ​មិនទាន់មាន​ការសិក្សា​ច្បាស់​នៅឡើយ​ទេ​ ដោយសារ​អ្នកសិក្សា​នៅ​មិនទាន់​វិភាគ​គ្រប់​ជ្រុងជ្រោយ​ទាក់ទិន​នឹង​វ៉ា​រ្យ៉​ង់​នេះ​នៅឡើយ​៕