នៅពេលដែល​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ​ហ្វូ​មី​អូ គី​ស៊ី​ដា ជ្រើសរើស​លោក​ ហ៊ី​រ៉ូ​កា​ហ្ស៊ូ ម៉ា​តស៊ូ​ណូ​ ជា​អគ្គលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជប៉ុន​ដំណឹង​នេះ​បានធ្វើឱ្យ​អ្នកវិភាគ​នយោបាយ​ជាច្រើន​ភ្ញាក់​​ផ្អើល​ហើយ​ធ្វើឱ្យ​មានការ​ចោទសួរ​សំណួរ​ថា «​តើ​លោក​ម៉ា​តស៊ូ​ណូ​ជា​នរណា​?»​។​

​តំណែង​អគ្គលេខាធិការ​ទីស្ដីការ​គណៈ​​រដ្ឋមន្ត្រី​មាន​តួនាទី​គ្រប់គ្រង​កា​រិ​យា​ធិ​ប​តេ​យ្យ​ទាំងមូល​នៃ​រដ្ឋាភិបាល​ជ​ប៉ុន​ហើយ ​ប្រសិនបើ​គ្មាន​ឧបនាយករដ្ឋមន្ត្រី​អគ្គ​លេ​​ខា​ធិ​ការ​ទី​ស្ដី ការ​គណៈរដ្ឋមន្ត្រី​ គឺជា​អ្នកស្នង​តំណែង​ដោយផ្ទាល់​ពី​នាយករដ្ឋមន្ត្រី​។​

​បេក្ខជន​ឈានមុខ​គេ​សម្រាប់​តំណែង​នេះ​រួមមាន​លោក​ កូ​អ៊ី​ឈី ហា​ហ្គី​ដា ដែលជា​បេក្ខជន​គាំទ្រ​ដោយ​អតីត​នាយករដ្ឋមន្ត្រី ​ស៊ីន​ហ្សូ អា​បេ និង​លោក អ៊ី​ស៊ូ​ណូរី អូ​ណូ​ដា​រ៉ា អតីតរដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន និង​ជា​សមាជិក​ក្រុម​អ្នកនយោបាយ​ដឹកនាំ​ដោយ​លោក​គី​ស៊ី​ដា​។ ប៉ុន្តែ​លោក​ គី​ស៊ី​ដា មិនបាន​ជ្រើស​បេក្ខជន​ទាំង ​២ ​នេះ​ទេ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ការបង្កើត​គណៈរដ្ឋមន្ត្រី​របស់លោក​គី​ស៊ី​ដា​នៅ​ថ្ងៃទី ៤ តុលា លោក​ ម៉ា​តស៊ូ​ណូ ​បាន​និយាយថា​៖ «​ខ្ញុំ​គិតថា​ខ្ញុំ​មិន​ត្រូវបាន​ជ្រើស​​រើស​សម្រាប់​សមត្ថភាព​របស់ខ្ញុំ​ទេ​»​។​

​លោក ​ម៉ា​តស៊ូ​ណូ បាន​បន្ថែមទៀតថា​៖ «​ខ្ញុំ​នឹង​ព្យាយាម​មិន​ធ្វើឱ្យមាន​បញ្ហា​ណាមួយ​សម្រាប់ លោកនាយក​រដ្ឋមន្ត្រី​»​។ ការលើកឡើង​បែបនេះ​បង្ហាញថា លោក​ ម៉ា​តស៊ូ​ណូ មាន​លក្ខណៈ ផ្ទុយស្រឡះ​ពី​ការ​​ដឹកនាំ​ដ៏​រឹងមាំ និង​ឆ្លាត​វៃ​របស់​អ្នក​កាន់តំណែង​មុនៗ ដូចជា​លោក​ យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា កាលពី​មុនពេល​លោក​ក្លាយជា​នាយករដ្ឋមន្ត្រី​។​

​លោក​ ម៉ា​តស៊ូ​ណូ​គឺ​ សមាជិក​នៃ​គណ​​បក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ហើយបទពិសោធ​ថ្នាក់​រដ្ឋមន្ត្រី​តែមួយគត់​របស់លោក​គឺ​នៅពេល​លោក​ធ្វើជា​រដ្ឋមន្ត្រី​ក្រ​សួង​អប់រំ​ក្នុង​រដ្ឋាភិបាល​លោក ​អា​បេ​។

​លោក​និយាយ​ហៅ​ខ្លួនឯង​ថា​ ជា​អ្នក​នយោបាយ​បែប «​ជី​ង​ហ្គា​សា​» ដែលជា​ពាក្យបុរាណ​មួយ​មានន័យថា​ ទាហាន​ដែល​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ការរីកចម្រើន​របស់​មេ​ដឹកនាំ​របស់ខ្លួន​។ លោក​និយាយថា​៖ «​ខ្ញុំ​មិនមែនជា​អ្នកនយោបាយស្តាំនិយម ឬ​ឆ្វេងនិយម​ទេ ប៉ុន្តែ​ជាអ្នកអព្យាក្រឹត ខ្ញុំ​គ្មាន​មនោគមន៍វិជ្ជា​ទេ​»​។​

​អាជីព​ជា​សមាជិកសភា​របស់លោក​ ម៉ា​តស៊ូ​ណូ ដែល​ចាប់ផ្ដើម​កាលពី​ឆ្នាំ ២០០០ គឺ​មិន​អ្វី​គួរឱ្យកត់សម្គាល់​។ ១៧ ​ឆ្នាំ ​បន្ទាប់ពី​ជាប់ឆ្នោត​លើកដំបូង ទើប​លោក​ ម៉ា​តស៊ូ​ណូ ​ចាប់ផ្ដើម​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សហគមន៍​ន​យោ​បាយ​របស់​ប្រទេស​ជប៉ុន ដែល​គេ​ហៅ​កាត់​ថា ណាហ្គា​តា​ចូ នៅពេល​លោកនាយក​រដ្ឋមន្ត្រី​ អា​បេ បាន​និយាយថា លោក​គឺ​ក្នុងចំណោម​អ្នកនយោបាយ​ ៤​ រូប ដែល​លោក​រំពឹងថា នៅពេល​អនាគត​នឹង​ដឹកនាំ​ក្រុម​ធំជាងគេ​ក្នុង​គណបក្ស LDP ដែល​បច្ចុប្បន្ន​គឺ​ដឹកនាំ​ដោយ​ប្រធានសភា​ជប៉ុន​លោក​ហ៊ី​រ៉ូ​យូគី ហូ​សូ​ដា​។​

​ការលើកឡើង​របស់លោក ​អា​បេ ​ឱ្យ​តម្លៃ​ទៅលើ​ម៉ា​តស៊ូ​ណូ​ស្មើនឹង​ជំនិត​ជិតស្និទ្ធ​បំផុត ដែល​បង្កឱ្យមាន​ការ​ចោទសួរ​សំណួរ​ថា ​«​ហេតុអ្វី​បានជ្រើសរើស ​ម៉ា​តស៊ូ​ណូ​» ដែលជា​សំណួរ​ស្រដៀង​នៅពេលដែល​លោក​ គី​ស៊ី​ដា តែងតាំង​លោក​ ម៉ា​តស៊ូ​ណូ ជា​អគ្គលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី​។​

​ក្នុង​សហគមន៍​នយោបាយ​នយោបាយ​ជប៉ុន​ដែល​ពោរពេញ​ទៅដោយ​អ្នក​នយោបាយ​ច្រណែន​នឹង​ប្រជាប្រិយភាព និង​ឋានន្តរស័ក្ដិ​អ្នកដទៃ​សមត្ថភាព​ជៀស​​វាង​ជម្លោះ​ជាមួយ​អ្នកដទៃ​គឺ​សំខាន់​ណាស់​សម្រាប់​អាជីព​ដ៏​ជោគជ័យ​។ ក្នុង​បរិបទ​នេះ​លោក ​ម៉ា​តស៊ូ​ណូ ​បាន​ឡើងជណ្ដើរ​ថ្នាក់ដឹកនាំ LDP សន្សឹមៗ ដោយ​មិន​ទាក់ទាញ​សត្រូវ​។​

​ការកើនឡើង​អំណាច​នយោបាយ​របស់លោក​ ម៉ា​តស៊ូ​ណូ គឺ​មួយផ្នែក​បង្កដោយ​ជំហរ​កណ្ដាល​និយម​របស់លោក​ក្នុង​ក្រុម​នយោបាយ​ដែល​បែកខ្ញែក​ជា​ ២​។ ក្រុម​នយោបាយ​ធំជាងគេ​របស់​គណបក្ស LDP ឥឡូវ​បែកខ្ញែក​រវាង​ក្រុមគាំទ្រ​អតីត​នាយករដ្ឋមន្ត្រី ​អា​បេ និង​ក្រុម​​អ្នកនយោបាយ​ជើងចាស់ ហើយ​ក្រុម​​ទាំង​ ២​ នេះ​តែងតែ​មានមតិ​ផ្ទុយគ្នា​។​

​ជំហរ​កណ្ដាល​និយម និង​ជំនាញ​រក្សា​តុល្យភាព​របស់លោក​ ម៉ា​តស៊ូ​ណូ បានធ្វើឱ្យ​លោក​ក្លាយជា​អ្នក​ផ្សះផ្សា និង​បង្រួបបង្រួម​រវាង​ក្រុម​ទាំង ​២ ​នេះ ដែល​ចុងក្រោយ​លោក​ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​នៃ​ក្រុម​នេះ​។ កត្តា​ទាំងនេះ​បានផ្ដល់​ឥទ្ធិពល​ដ៏​ធំ​មួយ​ដល់​លោក ​ម៉ា​តស៊ូ​ណូ​។​

​លោក​គី​ស៊ី​ដា បាន​សង្កេតឃើញ​ការ​​កើនឡើង​របស់លោក ​ម៉ា​តស៊ូ​ណូ ហើយ​បាន​ព្យាយាម​កសាង​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​លោក​ ម៉ា​តស៊ូ​ណូ និង​បាន​គាំទ្រ​លោក​ ម៉ា​តស៊ូ​ណូ ​ក្នុង​អាជីព​ន​យោ​បាយ​របស់លោក​។​

​លោក​ ម៉ា​តស៊ូ​ណូ បាន​ប្រើប្រាស់​ឥទ្ធិពល​របស់​ដើម្បី​គាំទ្រ​លោក​គី​ស៊ី​ដា​ក្នុងការ​បោះឆ្នោត​ថ្នាក់ដឹកនាំ​គណបក្ស LDP ផ្ទុយ ពី​បំណង​របស់លោក​ អា​បេ ហើយ​នៅពេលដែល​លោក​គី​ស៊ី​ដា​ក្លាយជា​នាយក​​រដ្ឋមន្ត្រី​លោក​បានជ្រើសរើស​លោក​ ម៉ា​តស៊ូ​ណូ​ ជា​ជំនិត​ដៃស្ដាំ​របស់លោក ផ្ទុយ​ពី​ការណែនាំ​របស់លោក ​អា​បេ​។​

​លោក ​ម៉ា​តស៊ូ​ណូ​ គឺជា​ករណី​ដ៏​កម្រ​មួយ​ក្នុង​នយោបាយ​ជប៉ុន ដោយ​ការ​​កើនឡើង​ឥទ្ធិពល​ដ៏​ឆាប់រហ័ស​របស់លោក និង​ទំនាក់ទំនង​បុរស​មានឥទ្ធិពល​ច្រើនជាងគេ​ក្នុង​សភា​ជប៉ុន គឺ​លោក​គី​ស៊ី​ដា និង​លោក​ អា​បេ​។ របៀប​ដែល​លោក​នឹង​ប្រើប្រាស តំណែងជា​អគ្គលេខាធិការ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ជប៉ុន គឺ​នឹង​ក្លាយជា​ប្រធានបទ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ក្នុង​នយោបាយ​របស់​ជប៉ុន​៕