កាល​ពី​ថ្ងៃ​ពុធ ទី ​២៩ ធ្នូនេះ​ប្រធានាធិបតី​រុស្ស៊ី លោក ​វ្ល៉ាឌីមៀរ ពូទីន ​លើកឡើង​​ថា​គម្រោង​បំពង់​រាប់​ពាន់​ដុល្លារ​ Nord Stream 2 ដែល​ភ្ជាប់​ពី​ប្រទេស​រុស្ស៊ី​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​ ត្រូវ​បាន​បំពេញ​ដោយ​ឧស្ម័ន​ធម្មជាតិ​រួច​រាល់​សម្រាប់​នាំ​ចេញ​ទៅ​អឺរ៉ុប​។ ប៉ុន្តែ​មុន​បំពង់​នេះ​អាច​ដំណើរ​ការ​បាន​ ទាំង​ប្រទេស​អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប ត្រូវ​តែ​យល់ព្រម​ ហើយ​ត្រូវ​គេ​ចាត់ទុក​​ជា​ការ​សម្រេច​ចិត្ត​មួយ​ប្រហែល​មិន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ឆមាស​ដំបូង​នៃ​ឆ្នាំ​ក្រោយ។

ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​ជា​មួយ​មន្ត្រី​ថាមពល លោក ​ពូទីន​ និយាយ​ថា ​ការ​អនុញ្ញាត​ឱ្យ​បំពង់​ Nord Stream 2 ចាប់​ផ្ដើម​ដំណើរ​ការ​ អាច​ជួយ​កាត់​បន្ថយ​តម្លៃ​ថាមពល​ដ៏​ខ្ពស់​នៅ​អឺរ៉ុប ហើយ​អាច​ជួយ​រក្សា​សមភាព​ទីផ្សារ​។

«ផ្លូវ​បន្ថែម​ថ្មី​នេះ​ពិត​ជា​នឹង​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​នៅ​លើ​ទីផ្សារ​អឺរ៉ុប​» លោក​ ពូទីន ​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «វា​ប្រាកដ​ជា​នឹង​ប៉ះពាល់​ដល់​តម្លៃ​នៅ​លើ​ទីផ្សារ​ទំនិញ ហើយ​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ដែល​ប្រើប្រាស់​ឧស្ម័ន​រុស្ស៊ីនឹង​បាន​ដឹង​ភ្លាម​ៗ​»​។

បំពង់​បង្ហូរ​ក្រោម​សមុទ្រ​ថ្មី​ប្រវែង ១ ២៣៤​ គីឡូម៉ែត្រ ដែល​មាន​សមត្ថភាព​បញ្ជូន​ឧស្ម័ន​ប្រចាំ​ឆ្នាំ ៥៥ ពាន់​លាន​ម៉ែត្រ​គុប នឹង​បង្កើន​បរិមាណ​ឧស្ម័ន​ដែល​បូម​ពី​រុស្ស៊ី​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​ដោយ​ផ្ទាល់​រហូត​ទៅ​ដល់​ទ្វេ​ដង ហើយ​អាច​នឹង​អនុញ្ញាត​ឱ្យ​រុស្ស៊ីចៀស​វាង​បំពង់​មាន​ស្រាប់​ ដែល​ឆ្លង​កាត់​ប្រទេស​ប៉ូឡូញ និង​អ៊ុយក្រែន​។

អ្នក​រិះគន់​នៃ​​បញ្ហា​ជុំវិញ​បំពង់​បង្ហូរ​ Nord Stream 2 ប្រចាំ​ការ​នៅ​​អាមេរិក​ ប៉ូឡូញ​ និង​អ៊ុយក្រែន​ បាន​និយាយ​ថា​ បំពង់​នេះ​នឹង​បង្កើន​ឥទ្ធិពល​រុស្ស៊ី​នៅ​អឺរ៉ុប​ បង្ក​ការ​បែកបាក់​ក្នុង​អឺរ៉ុប ហើយ​នឹង​ដក​ហូត​ប្រាក់​ឆ្លង​កាត់​រាប់​ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ប៉ូឡូញ និង​អ៊ុយក្រែន​៕