ប្រធានាធិបតី​អាមេរិក​លោក ​ចូ បៃដិន និង​ប្រធានាធិបតី​រុស្ស៊ី ​លោក ​វ្ល៉ាឌីមៀរ ពូទីន ​គ្រោង​​ពិភាក្សា​គ្នា​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ចុង​ឆ្នាំ ​២០២១ ​​នេះ​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​នៅ​អឺរ៉ុប​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​សេតវិមាន និង​វិមាន​ក្រឹមឡាំង​។

កិច្ចប្រជុំ​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​ប្រទេស​អ៊ុយក្រែន​ ខណៈ​ពេល​ដែល​មាន​ការ​រាយការណ៍​យោធា​រុស្សី​បាន​ដាក់​ពង្រាយ​ទាហាន​ជិត​ ១០០ ០០០ នាក់ ​នៅ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន​។

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ ១ ​រូប​បាន​និយាយ​ថា ​កិច្ច​ប្រជុំ​តាមរយៈ​​ទូរស័ព្ទ​ដែល​ត្រូវ​បាន​រៀប​ចំ​តាម​សំណើ​របស់​រុស្ស៊ី ហើយ​ថា ​វា​នឹង​ត្រូវ​ការ «កម្រិត​ខ្ពស់​នៃ​ការ​ចូល​រួម» ដើម្បី​បង្កើត​ផ្លូវ​នៃ «ការ​កាត់​បន្ថយ​ភាព​តាន​តឹង»​។

មន្ត្រី​រូប​នេះ​បន្ថែម​ទៀត​ថា ​លោក ​បៃដិន ​នឹង​បង្ហាញ​បញ្ជី​នៃ​ការ​ព្រួយបារម្ភ​របស់​អាមេរិក​អំពី​ការ​ប្រមូល​ផ្ដុំ​កងទ័ព​រុស្ស៊ី​នៅ​ជិត​ព្រំដែន​ប្រទេស​អ៊ុយក្រែន​ ហើយ​នឹង​បញ្ជាក់​យ៉ាង​ច្បាស់​ថា​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ត្រៀម​ខ្លួន ​ដើម្បី​ឆ្លើយតប​ប្រសិន​បើ​រុស្ស៊ីឈ្លាន​ពាន​អ៊ុយក្រែន​។

រុស្ស៊ី​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ថា ​ខ្លួន​មិន​មាន​ផែនការ​បែប​នេះ​ទេ​ ហើយ​លើក​ឡើង​​ថា ​ភាព​តាន​តឹង ​គឺ​បង្ក​ដោយ​អង្គការ​ណាតូ​ដើរ​ហួស​ដែន​កំណត់​ ដែល​អាច​ទទួល​យក​បាន​ ក្នុង​ការ​ពង្រីក​សកម្មភាព​ឆ្ពោះ​មក​អឺរ៉ុប​ខាង​កើត​ជា​ពិសេស​មក​ជិត​ព្រំដែន​រុស្ស៊ី។ លោក​ ពូទីន ​បាន​ទាមទារ​ឱ្យ​លោក​ខាង​លិច​ធ្វើ​ការ​ធានា​បញ្ឈប់​ការ​ពង្រីក​ទាំង​នេះ​៕