ប្រធានអង្គការសុខភាព​ពិ​ភ​ពលោក (WHO) បាននិយាយថា វ៉ារ៉្យង់​ទាំង​ ២ រួមមាន​ វ៉ារ៉្យង់​ដែល​តា និង​អូមីក្រុង កំពុ​ង​ជំរុញឱ្យមានរលកយក្ស​កូវីដ​ដ៏គ្រោះថ្នាក់។ នេះ​បើតាម​ឱ្យដឹងពីលោកអគ្គនាយក​អង្គការ​សុខភាព​ពិភព​លោក​គឺ​លោ​ក​ Tedros Adhanom Ghebreyesus ក្រោយ​ករណី​ឆ្លង​កាន់​តែ​កើន​ឡើង​នៅ សហរដ្ឋអាមេរិក និងប្រទេសនានានៅទូទាំងទ្វី​ប​អឺរ៉ុប​។

លោកអគ្គនាយក​អង្គការ​សុខភាព​ពិភព​​លោក​ Tedros បាន​ព្រ​មា​នថា វ៉ារ៉្យង់​ទាំង​ ២ គឺជា "ការគំរាមកំហែងភ្លោះ" ​ហើយ​ក៏​នឹង​ប​ន្ត​ដា​ក់​ស​ម្ពា​ធ​យ៉ា​ង​ស​ម្បើមលើបុគ្គលិកសុខាភិបាល​ ដែ​លកំពុង​តែ​​ហត់​នឿយស្រាប់​ ក៏​ដូចជា​​ប្រព័​ន្ធ​សុ​ខា​ភិ​បាល​ ដែល​កំពុង​តែ​មមាញឹក​​ខ្លាំង​ស្រាប់​ផងដែរ​។​

វេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់អាមេរិកបានប្រាប់សារព័ត៌មាន​ CNN ថា​៖ «វ៉ារ៉្យង់​អូមីក្រុង​ ទំនង​ជា​នឹ​ងឈានដល់កម្រិតខ្ពស់បំផុត​នៅ​ចុ​ង​ខែមក​រា​នៅ​សហរដ្ឋអាមេរិកដោ​យសា​​រទំ​ហំ​ប្រ​ជា​ជន និ​ង​អត្រានៃការចាក់វ៉ា​ក់សាំង»​។

ប្រទេសអ្នកមា​នជា​ច្រើនបាន​បើ​កដំណើរការជំ​រុញឱ្យ​មាន​ការ​ចែក​ចាយ​ដូស​ជំនួយ​ រួម​ទាំ​ង​ចក្រភ​ព​អង់​គ្លេសដែលប្រជាជន​ជាង ៥៧%​ មាន​អា​យុលើសពី ១២​ ឆ្នាំ ទទួល​បាន​ដូស​ជំនួយ​រួច​ហើយ​។

ទោះជា​យ៉ា​ង​ណា​ក៏​ដោយ លោកវេជ្ជបណ្ឌិត Tedros បានប្រាប់អ្នក​យ​កព័ត៌មានថា៖ «យុទ្ធ​នា​កា​រ​ជំរុ​ញ​ឱ្យ​មាន​ការចែក​ចាយ​ដូស​ជំនួយ​ទ្រង់ទ្រាយ​ធំ​រប​ស់​ប្រ​ទេសអ្នក​មានគឺ "ទំន​ងជា​នឹងអូសបន្លាយជំងឺរាតត្បាត" ជាជាង​បញ្ឃប់​វា​ ដោយសារពួក​គេ​បាន​បង្វែ​រកា​រ​ផ្គ​ត់ផ្គង់​ពី​ប្រទេស​​​ក្រីក្រ និងមិ​នសូវមានវ៉ាក់សាំ​ង ទៅ​ឱ្យ​ប្រទេស​ ដែល​សម្បូរ​វ៉ាក់សាំង​ហើយ​ទៅវិញ​ ដែល​នេះ​អាច​នឹង​ផ្ដល់​ឱកាស​ដល់​មេរោគ​ឱ្យ​កាន់​តែ​រីក​រាល​ដាល​ និងវិវឌ្ឍជា​វ៉ារ៉្យង់​ថ្មីៗ​បន្ថែម​ទៀត​»​៕

វីដេអូ៖