​នៅ​ថ្ងៃបុណ្យ​ណូអែល ផ្ទុយ​ពី​នៅ​សម្រាក​ជាមួយ​ក្រុមគ្រួសារ​នៅឯ​គេហដ្ឋាន អ្នកនេសាទ​ជនជាតិ​ហ្វីលីពីន​ ១ ​ក្រុម ​បានធ្វើ​ដំណើរ​ទៅកាន់​ដែនទឹក​មាន​ជម្លោះ​ជុំវិញ​ថ្ម​ប៉ប្រះ​ទឹក​ស្កា​បូ​រ៉ូ (Scarborough Shoal) ដែលជា​ដែនទឹក​ពោរពេញ​ទៅដោយ​ធនធាន​នេសាទ គ្រប់គ្រង​ដោយ​ចិន​ចាប់តាំងពី​ការប្រឈមមុខ​ដាក់គ្នា​ជាមួយ​ហ្វីលីពីន​នៅ​ឆ្នាំ ២០១២​។​

​នាវា​ឆ្មាំ​សមុទ្រ​ចិន តែងតែ​បណ្ដេញ​ទូក​នេសាទ​ហ្វីលីពីន​ចេញពី​តំបន់​នេសាទ​ប្រពៃណី​របស់​ពួកគេ ធ្វើឱ្យ​ពួកគេ​បាត់បង់​ជីវភាព​។ ប៉ុន្តែ​ក្រុម​អ្នកនេសាទ​ខាងលើ​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​​ការនេសាទ​ដោយមាន​កម្រិត​នៅ​ផ្នែក​ខាងក្រៅ​នៃ​ថ្ម​ប៉ប្រះ​ទឹក ហើយ​ក្នុងករណី​ដ៏​កម្រ​មួយ អាជ្ញាធរ​ចិន បានអនុញ្ញាត​ឱ្យ​ពួកគេ​ចូល​ជ្រកកោន​ជាច្រើន​សប្ដាហ៍​នៅ​ផ្នែក​ខាងក្នុង ខណៈ​​ពេលដែល​អាកាសធាតុ​ប្រែ​​ប្រួល​កាន់តែ​អាក្រក់​ទៅ​។

​ក្រុម​អ្នកនេសាទ​នេះ បាន​លើកឡើងថា ការនេសាទ​ដោយ មាន​កម្រិត គឺ​គ្រាន់បើ​ជាង​ការ​​មិនអាច​នេសាទ ហើយ​សង្ឃឹមថា ​បញ្ហា​ជម្លោះ​ដែនទឹក​នេះ​នឹង​ត្រូវបាន​ដោះស្រាយ​នៅពេល​ឆាប់ៗ​នេះ ខណៈ​ពួកគេ​ប្រឈម នឹង​ការបាត់បង់​ជីវភាព​។​

​បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ករណី​ខាងលើនេះ មិន​មានន័យថា អាជ្ញាធរ​ចិន បាន​យល់​ព្រម​អនុញ្ញាតឱ្យ​ហ្វីលីពីន​ឆ្លង​​កាត់​ដោយ​សេរី​នៅ​តំបន់​មាន​ជម្លោះ​នោះទេ​។​

​កាលពី​ខែវិច្ឆិកា នៅក្នុង​ផ្នែក​មួយ​ផ្សេងទៀត​នៃ​សមុទ្រ​ចិន​ខាងត្បូង នាវា​ឆ្មាំ​ឆ្នេរសមុទ្រ​​ចិន​បាន​ប្រើ​កាណុង​បាញ់​ទឹក​ ដើម្បី​រារាំង​ដំណើរ​ទូក​ហ្វីលីពីន ដែល​កំពុងធ្វើដំណើរ​ទៅ​ផ្គត់ផ្គង់​ទាហាន​ហ្វីលីពីន​ ១​ ក្រុម​នៅលើ​នាវា ១​ គ្រឿង ​ជាប់​កឿង​លើ​ថ្ម​ប៉ប្រះ​ទឹក Second Thomas​។

​កាលពី​ឆ្នាំ ​១៩៩៩ យោធា​ហ្វីលីពីន បាន​កឿង​នាវា​នេះ​ដោយ​ចេតនា ដើម្បី​បង្កើត​មូល​​ដ្ឋា​ន​យោធា​នៅលើ​ថ្ម​ប៉ប្រះ​ទឹក Second Thomas និង​បង្កើត​សញ្ញា​សម្គាល់​អធិបតេយ្យភាព​របស់ខ្លួន​លើ​ថ្ម​នេះ​។​

​សាលក្រម​ឆ្នាំ​ ២០១៦ របស់ តុលាការ​អាជ្ញាកណ្ដាល​អ​ចិ​ន្រៃ្ត​យ៍ (PCA)​ បានទទួល​បានបញ្ជាក់ថា កោះ​ទាំងនេះ គឺ​នៅក្នុង​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់​ហ្វីលីពីន ហើយ​បាន​ច្រាន​ចោលការ​កាន់​កាប់​ខ្សែបន្ទាត់ ៩​ ចំណុច​របស់​ចិន​។ ក្រុង​ប៉េកាំង ​បាន​បដិសេធ​មិន​ចូលរួម​ក្នុងការ​ជំនុំជម្រះ​រឿងក្ដី​នេះ ហើយ​មិន​ទទួល​​ស្គាល់​សាលក្រម​នេះ​ទេ​។​

​ឧប្បត្តិហេតុ​ថ្មី​នៅ​ថ្ម​ប៉ប្រះ​ទឹក Second Thomas បាន​បង្កឱ្យមាន​ការតវ៉ា​ការទូត​ថ្មី​មួយទៀត​ពី​ទីក្រុង​ម៉ានីល ដែល​យ៉ាង​​ហោចណាស់​ជាការ​តវ៉ា​លើក​ទី១៨៣ ក្នុង​ឆ្នាំ​ ២០២១​។ រដ្ឋ​មន្ត្រី​ការបរទេស​ហ្វីលីពីន​លោក​ទី​អូ​ដូ​រ៉ូ ឡុ​ក​ស៊ីន ជូន​ញ័រ និយាយថា​ ឧប្បត្តិ​ហេតុនេះ​បាន​គូស​​បញ្ជាក់​ពី​ភាព​ បន្ទាន់​នៃ​ការ​​បង្កើត​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​​ចិន​ខាងត្បូង ដែល​កំពុងស្ថិត​ក្រោម​កា​រ​ចរចា​រវាង​ចិន និង​អាស៊ាន​។ លោ​ក ឡុក​ស៊ីន និ​​យាយ​ថា ការចរចា​នេះ​គឺ «​មិន​ទៅមុខ​ទេ​»​។​

​ក្រម​ប្រតិបត្តិ គឺ​នឹងមិន​ដោះ​​ស្រាយ​បញ្ហា​ជម្លោះ​ដែនទឹក​​សមុទ្រ​ចិន​ខាងត្បូង​ទេ ដែល​ពោរពេញ​ទៅដោយ​ធនធាន​រ៉ែ ធនធាន​នេសាទ និង​ជា​ផ្លូវ​ពា​​ណិ​ជ្ជ​កម្ម​រាប់ពាន់​លាន​ដុល្លារ​។ ក្រម​នេះ​មានបំណង​ផល​យន្ត​​ការ​ ដើម្បី​ចៀសវាង​ការយល់​ច្រ​ឡំ​នៅ​ដែនទឹក​ដែល​ពី ១ ​ឆ្នាំទៅ ១ ​ឆ្នាំ ​កាន់​មាន​យោ​ធូប​នីយកម្ម និង​ដើម្បី​គ្រប់គ្រង​ភាព​តានតឹង និង​ការប៉ះទង្គិច​គ្នា​នៅពេល​ការយល់ច្រឡំ​កើតឡើង​។​

​ប្រទេស​ហ្វីលីពីន គឺជា​អ្នក​សម្របសម្រួល​ការចរចា​ក្រម​​ប្រតិបត្តិ​ជាមួយ​ចិន​។ នៅ​ឆ្នាំ ២០១៨ អាស៊ាន និង​ចិន​បានចេញ​ផ្សាយ​សេចក្ដីព្រាង​នៃ​អត្ថ​បទ​ចរចា​សម្រាប់​ក្រម​ប្រតិបត្តិ​ដោយ​ផ្ដល់​ក្ដី​សង្ឃឹមថា យន្តការ​នេះ​អាច​ដំណើរការបាន​។ ប៉ុន្តែ​ចាប់ពីពេលនោះ​មក​ការចរចា គឺមាន​ភាពយឺតយ៉ាវ ហើយ​ចាប់ពី​ឆ្នាំ​ ២០១៩ មក​ប្រទេស​ហ្វីលីពីន​ បានបង្ហាញ​ការ​ព្រួយ​បារម្ភ​រួចទៅហើយ​។​

​ក្រោម​ទិដ្ឋភាព​បែបនេះ អ្នក​​វិភាគ និង​អ្នកនយោបាយ​មួយចំនួន​បាន​និយាយថា តម្រូវការ​សម្រាប់​ក្រុម​រង ឬ​សម្ព័ន្ធភាព​មួយ​ក្នុង​អាស៊ាន ដើម្បី​ដឹកនាំ​ការ​​ចរចា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដោយ​អាស៊ាន​ទាំងមូល​នឹង​ដើរតួ​ជា​អ្នកគាំទ្រ​ក្រុម​រង​នេះ​។

​ក្រុម​នេះ​អាចមាន​សមាជិក​អាស៊ាន​ចំនួន​ ៤ ដែល​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​៖ ហ្វីលីពីន វៀតណាម ម៉ា​​ឡេ​ស៊ី និង​ប្រ៊ុយណេ​។

​ប្រទេស​ឥណ្ឌូនេស៊ី អាច​ចូល​​រួម​ក្នុង​ក្រុម​នេះ ដោយសារ​ការ​​ប្រឈម​ដាក់គ្នា​ជាមួយ​ចិន​ជា​​រឿយៗ​នៅក្នុង​ដែនទឹក​របស់ខ្លួន​។​

​អ្នកវិភាគ​ទាំងនេះ​និយាយថា​ ដំណើរ​សម្រេចចិត្ត​របស់​សមា​​ជិ​ក​ទាំង ១០ ​ប្រទេស គឺមាន​លក្ខណៈ​យឺត​ពេក ហើយដោយ​​សារ​បញ្ហា​នេះ ក៏ដូចជា​បញ្ហា​ដទៃទៀត មិនមាន​ទម្ងន់​ស្មើគ្នា​សម្រាប់​សមាជិក​ទាំងអស់​។​

​យ៉ាងណាមិញ​ក្រុម​រង​បែប​​នេះ​អាចមាន​ប្រសិទ្ធភាព​ក្នុងការ​ចរចា​ជាមួយ​ប្រទេស​ចិន​មែន ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា ក្រុម​នេះ​មិនអាច​រួបរួមគ្នា​បានទេ ដោយសារ​ពួកគេ​ទាំង​ ៥ ​ក៏មាន​ជម្លោះ​ដែនទឹក​ជាមួយគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផង​​ដែរ​៕

វីដេអូ៖