ក្នុង​ជំនួប​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ៣០ ធ្នូ​ ប្រធានាធិបតី​អាមេរិក​លោក ​ចូ បៃដិន បាន​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី លោក ​វ្ល៉ាឌីមៀរ ពូទីន​ ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នឹង​ឆ្លើយ​តប «យ៉ាង​ម៉ឺងម៉ាត់» ប្រសិន​បើ​រុស្សី​សម្រេច​ចិត្ត​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​។

ជំនួប​តាម​ទូរស័ព្ទ​នេះ គឺ​ធ្វើ​ឡើង​តាម​សំណើ​របស់​រុស្សី​ ហើយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ការ​ទូត​ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ ខណៈ​ពេល​ដែល​រុស្ស៊ី​ ដាក់​ពង្រាយ​ទាហាន​ជិត ១០០ ០០០ នាក់ ​នៅ​តំបន់​ព្រំដែន​ជា​មួយ​ប្រទេស​អ៊ុយក្រែន​។

អ្នក​នាំ​ពាក្យ​សេត​វិមាន​លោក​ស្រី​ ជេន សាគី​ បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា​លោក​បៃដិន​បាន​ប្រាប់​លោក​ ពូទីន​ ថា​ លោក​គាំទ្រ​មធ្យោបាយ​ការទូត​ ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា​លោក​ខាង​លិច​នឹង​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​ប្រសិន​បើ​រុស្ស៊ី​​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​។

រីឯ​លោក ​ពូទីន​ វិញ បើ​តាម​វិមាន​ក្រឹមឡាំង​ បាន​ប្រាប់​លោក ​បៃដិន​ ថា​ ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ទូលំទូលាយ​បាន​បង្ក​ការ​បែក​បាក់​ពេញ​លេញ​ក្នុង​ទំនាក់​ទំនង​ ហើយ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​គឺ​ជា​«កំហុស​ដ៏​ធំ​ដែល​អាច​នាំ​ឱ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​បំផុត»​។

ការ​សន្ទនា​នេះ​ ក៏​បាន​កើត​ឡើង​មុន​ជំនួប​ចរចា​រវាង​រុស្ស៊ី​ អាមេរិក និង​អង្គការ​ណាតូ​ ដែល​គ្រោង​ធ្វើ​នៅ​ដើម​ខែ​មករា​នេះ​ ដោយ​ក្នុង​ការ​ចរចា​នេះ​រុស្ស៊ី​គ្រោង​ធ្វើ​ការ​ទាមទារ​ឱ្យ​អង្គការ​ណាតូ​ធ្វើ​ការ​ធានា​សន្តិសុខ​មួយ​ចំនួន​ដើម្បី​រារាំង​ការ​ពង្រីក​របស់​អង្គការ​នេះ​មក​ជិត​ព្រំដែន​ខ្លួន​។

ខណៈ​ពេល​ដែល​លោក ​ពូទីន​ និយាយ​ថា​ ប្រទេស​លោក​គ្មាន​ផែនការ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ទេ​ មុន​ៗ​លោក​បាន​និយាយ​ថា ​ប្រទេស​រុស្ស៊ី​ រក្សា​សិទ្ធ​ប្រើប្រាស់​ជម្រើស​គ្រប់​ប្រភេទ​ ប្រសិន​បើ​ការ​ទាមទារ​របស់​លោក​មិន​ត្រូវ​បាន​បំពេញ​។ សហរដ្ឋអាមេរិក​បាន​និយាយ​ថា ​ការ​ទាមទារ​មួយ​របស់​លោក​ពូទីន​ គឺ​មិន​អាច​ទទួល​យក​បាន​ ប៉ុន្តែ​និយាយ​ថា​ ការ​ទាមទារ​មួយ​ចំនួន​ទៀត​អាច​ចរចា​បាន៕