នេះ​ជា​ឆ្នាំ​ទី​៣ ហើយ​ដែល​ពិភពលោក​ត្រូវ​ប្រឈម​នឹង​ជំងឺ​កូ​វីដ ​១៩ និង​នឿយណាយ​ចំ​​ពោះ​បំលាស់ប្ដូរ​វ៉ា​រ្យ៉​ង់​ថ្មីៗ​ជា​បន្តបន្ទាប់ ទោះយ៉ាងណា អ្នក​វិទ្យា​សាស្ត្រ​ជាច្រើន​មាន​សុទិដ្ឋិនិយម​ថា ចំនួន​អ្នក​ឆ្លង​លើ​ពិភពលោក​នឹង​ធូរស្រាល​នៅ​ឆ្នាំ ​២០២២​។ នេះ​បើតាម​ឱ្យដឹងពី​សារព័ត៌មាន The Financial Times​។

​យ៉ាងណាមិញ បើទោះបីជា​វ៉ា​​រ្យ៉​ង់​អូ​មី​ក្រុង បាននិងកំពុង​គំរាម​កំហែង​ដល់​វិបត្តិ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ក៏ដោយ សេ​​ណារ​យោ​ដែល​ទំនង​បំផុត​បានបង្ហាញ​ពី​ទស្សនវិស័យ​ដែលថា ស្ថានភាព​នឹង​ចាប់ផ្ដើម​ប្រសើរឡើង​បន្ទាប់ពី​វិបត្តិ​នេះ ​ដោយសារតែ​ការបង្កើន​ភាពស៊ាំ​ក្នុងចំណោម​ប្រជាជន​ពិភពលោក​តាមរយៈ​ការចាក់​វ៉ាក់សាំង និង​ការ​ឆ្លងតាម ធម្មជាតិ​ដែល​ទំនងជា​ធ្វើឱ្យ​ឥទ្ធិពល​របស់​មេរោគ​មិនសូវ​ជា​ធ្ងន់ធ្ងរ​។​

​លោក Jeremy Farrar នាយក​មូលនិធិ​វេជ្ជសាស្ត្រ Wellcome​ បានឱ្យដឹងថា​៖ «​កំណើន​ករណី​អូ​មី​ក្រុង​នៅ​អឺរ៉ុប​និង​អាមេរិក​ខាងជើង​មាន​ល្បឿន​លឿន​ខ្លាំងណាស់ តែ​យើង​អាច​ឃើញ​ការធ្លាក់ចុះ​យ៉ាង​ឆាប់​​រហ័ស​ស្មើៗ​គ្នា​ក្នុង រយៈពេល ​១ ​ខែ ឬ​ ២ ​ខែក្រោយ បើទោះជា​វា​ត្រូវ​ចំណាយពេល​ពី​ ៤ ​ទៅ ​៦ ​ខែ ដើម្បី​បន្សាប​ឥទ្ធិពល​របស់​វា​ជុំវិញ​ពិភពលោក​ក៏ដោយ​»​។​

​លោក​បាន​និយាយថា បន្ទាប់ពីរ​លក​អូ​មី​ក្រុង​នឹង​កន្លងផុត ទៅ​ភាពស៊ាំ​ជា​សហគមន៍ ដែល​ត្រូវបាន​បង្កើតឡើង​ទំនងជា​ធ្វើឱ្យ​វា​មាន​ស្ងប់ស្ងាត់​មួយរយៈ ប៉ុន្តែ​ក៏​នៅមាន​វិធី​មួយចំនួន​ដែល​វា​ធ្វើឱ្យ​វា​ទៅវិញ​ទាំងស្រុង​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រទេសអាហ្វ្រិ​ក​ខាងត្បូង (​ជា​កន្លែងដែល​គេ​រកឃើញ​អូ​មី​ក្រុង​មុន​គេ​ក្នុង​ខែវិច្ឆិកា​) បាន​ដក​ការ​រឹតបន្តឹង​លើ​ការធ្វើដំណើរ​របស់​ប្រ​ជា​ជន​ជា​សញ្ញា​លើកទឹកចិត្ត​មួយ​។ សេចក្តីថ្លែងការណ៍​គណៈ​​រដ្ឋមន្ត្រីបាន​និយាយថា សូចនា​​ករ​ទាំងអស់នេះ​បង្ហាញថា ​ប្រ​ទេស​នេះ​អាច​ឆ្លង​ផុត​កម្រិត​កំពូល​នៃ​រលក​ទី​៤។

លោក Tim Colbourn ​សាស្ត្រាចារ្យ​ផ្នែក​រោគរាតត្បាត​នៅ​សាកលវិទ្យាល័យ University College London បាន​និយាយថា​៖ «​វា​ពិតជា​សម​ហេតុផល​ដែល​គិតថា ស្ថានភាព​កូ​វីដ អាច​ត្រូវ​ប្រសើរឡើង​ប្រមាណ​ ៩៥​ ភាគរយ នៅ​ឆ្នាំ​ ២០២២​។ អ៊ីចឹង ជំងឺ​នេះ​លែង​រាប់បញ្ចូល​ក្នុង​បញ្ជី​បញ្ហា​សុខភាព​កំពូល​ទាំង​ ១០ ទៀតហើយ ដែល​នេះ​ជា​គោលដៅ​សម​ហេតុផល​មួយ​ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​»​។​

​អ្នកជំនាញ​ខ្លះ​ចាត់ទុក វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​ថា​ជា សញ្ញា​ចង្អុល​ផ្លូវ​ទៅរក​ការវិវត្ត​មេរោគ Sars-Cov-2 ថ្ងៃ​អនាគត​ដោយសារតែ ការចម្លង​តាម​ធម្មជាតិ​អនុគ្រោះ​ដល់​ការផ្លាស់ប្តូរ​របស់​វ៉ា​រ្យ៉​ង់ ដែល​អាចធ្វើ​ទៅបាន​រវាង​មនុស្ស​ដែលមាន​ការការពារ​ភាពស៊ាំ​មួយចំនួន​រួចហើយ ធ្វើឱ្យ​វ៉ា​រ្យ៉​ង់​នោះ​មាន​ភាព​​ឆ្លង​រហ័ស និង​កាច​សាហាវ​»​។​

​ការធ្វើ​តេស្ត​មន្ទីរពិសោធន៍​បង្ហាញថា ការផ្លាស់ប្តូរ​នៅក្នុង​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​បានធ្វើឱ្យ​វា​ឆ្លង​ច្រើនជាង​វ៉ា​រ្យ៉​ង់​មុន​នៅក្នុង​ច្រមុះ​ និង​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​ធ្វើឱ្យមាន​ការបញ្ជូន​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​ផ្ទុយទៅវិញ​ទំនងជា​មិនសូវ​ជ្រាបចូល​ទៅក្នុង​សួត​ដែល​វា​ធ្វើឱ្យប៉ះពាល់​ដល់​អាយុ​ជិវិត​ខ្លាំង​នោះទេ​។

​ការសន្និដ្ឋាន​ទាំងនេះ ត្រូវបាន​គាំទ្រ​ដោយ​ភ័ស្តុតាង​នៃ​រោគរាតត្បាត​ដែលថា ហានិភ័យ​នៃ​ជំងឺ​ធ្ងន់ធ្ងរ ចម្លង​ដោយ​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ត្រូវបាន​កាត់បន្ថយ​ពាក់កណ្តាល​ឬ​ច្រើនជាង​នេះ​។​

​ភាព​ងាយ​ឆ្លង​ខ្ពស់​របស់​អូ​មី​​ក្រុង ​ដែល​នឹង​បង្កឱ្យមាន​ការឆ្លង​ប្រមាណ ​៣​ ពាន់​លាន​ករណី​លើ​ពិភពលោក​ក្នុង​រយៈពេល ​២ ខែ​បន្ទាប់ និង​ក្នុង​រយៈពេល ២ ឆ្នាំ​ដំបូង​នៃ​ជំងឺ​រាតត្បាត​។ នេះ​បើ​យោងតាម​ការយក​គំរូ​តាម​វិទ្យា​​ស្ថាន​សម្រាប់​វាស់​ស្ទង់​សុខភាព និង​ការវាយតម្លៃ​នៅ​សាកល​វិ​​ទ្យា​ល័យ​វ៉ាស៊ីនតោន​។​

​លោក Chris Murray នាយក​​វិទ្យាស្ថាន​បាន​និយាយថា​៖ «​ប៉ុន្តែ​ការកើនឡើង​ដ៏​ធំ​នៃ​ការឆ្លង និង​ករណីនេះ​នឹង​ប្រែ​ទៅជា​ការកើនឡើង​តិចតួច​នៃ​ការ​សម្រាក​ព្យា​​បាល​នៅ​មន្ទីរពេទ្យ​ជាង​រលក​វ៉ា​រ្យ៉​ង់​ដែល​តា​»​។

​ភ័ស្តុតាង​រហូតមកដល់​ពេលនេះ​បង្ហាញថា អូ​មី​ក្រុង​នឹង​ជំនួស​វត្តមាន​ដែល​តា​ដែលជា​វ៉ា​រ្យ៉​ង់​កំពុង​ចរាចរ​នៅក្នុង​ពិភពលោក​។​

​លោក Farrar បាន​និយាយថា​៖ «​ខ្ញុំ​មានការ​ធានា​ចំពោះ​ការ​​រំពឹងទុក​នោះ​។ ប៉ុន្តែ អ្វីដែល​ខ្ញុំ​នឹង​បារម្ភ​ជាង​នេះ​គឺថា ប្រសិនបើ​យើង​មាន ការផ្លាស់ប្ដូរ​វ៉ា​រ្យ៉​ង់​ផ្សេងគ្នា​ដែល​កំពុង​ចរាចរ​ក្នុងពេល​តែ​ ១​ ដោយសារ​វា​នឹងធ្វើ​ឱ្យ​ខូច​មជ្ឈដ្ឋាន​អេកូឡូស៊ី ដែល​បណ្ដាលឱ្យ​យើង​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​ការធ្វើ​អន្តរ​​កម្ម​ច្រើន​ប្រភេទ​ក្នុងពេល​តែ​ ១»​។​

​ទោះបីជា អូ​មី​ក្រុង​ក្លាយជា​ប្រភេទ​វ៉ា​រ្យ៉​ង់​ដ៏​លេចធ្លោ​ក៏ដោយ វ៉ា​រ្យ៉​ង់​ផ្សេងទៀត​នៃ​មេរោគ​ស្ថិតក្នុង​ភាពមិនប្រាកដប្រជា​នៅឡើយ​។ ការផ្លាស់ប្តូរ​កូដ​ហ្សែ​៊​ន​គឺជា​ព្រឹត្តិការណ៍​ចៃដន្យ​អំឡុងពេល​ចម្លង​មេរោគ​ហើយ​គ្មាន​នរណាម្នាក់​បាន​ទាយ​ទុកជាមុន​អំពី​ការផ្លាស់ប្ដូរ​ដ៏​ច្រើន​របស់​វា​នោះទេ​។ ទោះយ៉ាងណា​ពិភព​​លោក​ទទួលយក វ៉ា​រ្យ៉​ង់​ដែល​ចម្លង​លឿន និង​ងាយស្រួល​ជាជាង​វ៉ា​រ្យ៉​ង់ ដែល​ធ្វើឱ្យ​ខូច​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស ព្រោះ​វ៉ា​រ្យ៉​ង់ បែបនេះ​ទំនង​មិន​បង្កឱ្យមាន​ផល​​ប៉ះពាល់​ដល់​ជិវិត​នោះទេ​។

​លោក Paul Hunter សាស្ត្រា​ចា​រ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សាកល​​វិទ្យាល័យ East Anglia បានឱ្យដឹងថា​៖ «​មេរោគ​កូ​រ៉ូ​ណា​ប្រ​ភេទ​មនុស្ស​ចំនួន ៤ ដែល​បាន​សាយភាយ​ជា​យូ​នៅ​ទូទាំង​ពិភពលោក​ដែល​បង្កឱ្យមាន​រោគសញ្ញា​ស្រដៀង​នឹង​ជំងឺ​ផ្តា​សាយ​កម្រិត​ស្រាល​ទៅ​មធ្យម អាច​បណ្តាលឱ្យ​មានការ​រីក​រាលដាល​យ៉ាងធ្ងន់ធ្ងរ​នៅពេលដែល​ពួកគេ​បាន​ផ្លាស់ប្តូរ​ពី​សត្វ​មក​មនុស្ស​ជា​លើកដំបូង​»​។​

​សេណារីយោ​ដែល​ធានា​ដល់​ពិភពលោក​ទាក់ទិន​នឹង​ការ​ត្រ​​ឡប់​ឡើងវិញ​នោះ​អាច​អនុវត្តបាន ​ប្រសិនបើ Sars-Cov-2 មាន​ការវិវឌ្ឍ​តាមបែប​លី​នេ​អ៊ែរ​ដ៏​សំខាន់​។ ទោះបី​ជាការ​លោត​​ផ្លោះ​នៃ​ការវិវត្ត​បែបនេះ​មិនអាច​ទៅរួច​ក៏ដោយ ក៏​អ្នកជំនាញ​ភាគច្រើន​ចាត់ទុកថា វា​មិន​ទំនង​ទាល់តែសោះ​។ ប៉ុន្តែ​អ្វីដែល​អ្នក​​វិទ្យាសាស្ត្រ​ភ័យខ្លាច​នោះ​គឺថា ការរីក​រាលដាល​នូវ​ជំងឺ​រាតត្បាត​មួយ​ផ្សេងទៀត​ដែល​បណ្តាលមកពី​វីរុស​ថ្មី​ដែល​យើង​មិនទាន់​ដឹង​ដែល​កើតចេញ​មកពី​វ៉ា​រ្យ៉​ង់​មួយចំនួន​នៃ​ Sars-Cov-2៕