កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២ មករា ​ យោធា​កូរ៉េខាងត្បូង​ បាន​ប្រកាស​ថា​ ជនជាតិ​កូរ៉េ​ខាង​ត្បូង​១ រូប​បាន​លួច​រត់​ឆ្លង​កំពែង​ព្រំដែន​កូរ៉េ​ ក្នុង​ការ​រត់​ចេញ​ពី​ស្រុក​​ដ៏​កម្រ​ទៅ​កាន់​កូរ៉េ​ខាង​ជើង​។

គណៈ​សេនាធិការ​ចម្រុះ​(JCS) របស់​កូរ៉េខាងត្បូង​បាន​និយាយ​ថា​ ពួកគេ​បាន​ធ្វើ​បេសកកម្ម​រុករក បន្ទាប់​ពី​ប្រព័ន្ធ​សន្តិសុខ​ប្រទះ​ឃើញ​បុគ្គល​១​រូប​នៅ​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​សៅរ៍ទី​១មករា​​​ នៅ​ផ្នែក​ខាង​កើត​នៃ​តំបន់​គ្មាន​យោធា (DMZ) ដែល​ជា​ព្រំដែន​ខណ្ឌ​ចែក​​កូរ៉េ​ទាំង​២​។

​អាជ្ញាធរ​ JCS បាន​និយាយ​ថា​ ពួកគេ​មិន​អាច​បញ្ជាក់​ថា​ បុគ្គល​នេះ​នៅ​មាន​ជីវិត​ដែរ​ឬ​ទេ ប៉ុន្តែ​បាន​ជូន​ដំណឹង​ដល់​យោធា​កូរ៉េ​ខាង​ជើង​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ទំនាក់​ទំនង​បន្ទាន់​អំពី​ករណី​នេះ ហើយ​ស្នើ​សុំ​ឱ្យ​មាន​ការ​ការពារ​បុគ្គល​។

ការ​ឆ្លង​ព្រំដែន​នេះ​ កើត​ឡើង​ខណៈ​ពេល​ដែល​កូរ៉េ​ខាង​ជើង​បិទ​ព្រំដែន​ទាំង​ស្រុង​ក្រោម​វិធានការ​ដ៏​តឹងរ៉ឹង​ដើម្បី​ប្រឆាំង​ជំងឺ​កូវីដ១៩​ បើ​ទោះ​បី​ជា​ប្រទេស​នេះ​មិន​បាន​ប្រកាស​អំពី​ករណី​វិជ្ជមាន​ជំងឺ​នេះ​ក៏​ដោយ​។

ភាព​ខឹង​សម្បានៅ​កូរ៉េខាងត្បូង​បាន​កើត​ឡើង​ បន្ទាប់ពី​ករណី​បាត់​ខ្លួន​អ្នក​នេសាទ​១ ​រូប​កាល​ពី​ចុង​ឆ្នាំ​ ២០២០ ត្រូវ​បាន​បញ្ជាក់​ថា​ជា​ករណី​បាញ់​សម្លាប់​ដោយ​ទាហាន​កូរ៉េ​ខាង​ជើង​។ កូរ៉េខាងជើង​បាន​និយាយ​ថា​ ករណី​នេះ ​គឺ​បង្ក​ដោយ​ការ​អនុវត្ត​វិធានការ​ប្រឆាំង​ការ​ឆ្លងជំងឺកូវីដ​​ ហើយ​បាន​ធ្វើ​ការ​សុំទោស​។

វិធានការ​បិទ​ខ្ទប់​ប្រទេស និង​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​ ក៏​បាន​បង្ក​ឱ្យ​ចំនួន​អ្នក​រត់​ពី​កូរ៉េខាងជើង​ទៅ​កាន់​កូរ៉េខាងត្បូង​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​៕