ប្រទេស​អាល្លឺម៉ង់ អូទ្រីស និង​លុចសំបួ​ បាន​រិះគន់​ផែនការ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ចាត់​ទុក​ថាមពល​នុយក្លេអ៊ែរ​ ជា​ប្រភព​ថាមពល​ប្រកប​ដោយ​ចី​រភាព​អាច​ទទួល​ការ​វិនិយោគ​បៃតង​ ដែល​ជា​ចំណុច​កណ្ដាល​នៃ​ផែនការ​របស់​អឺរ៉ុប​ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​កាបូន​ក្នុង​សេដ្ឋកិច្ច​។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​សកម្មភាព​អាកាសធាតុ​អាល្លឺម៉ង់​លោក​រ៉ូប៊ឺត ហាបេក​ ដែល​ជា​សមាជិក​នៃ​គណបក្ស​បៃតង​នៅ​ក្នុង​សម្ព័ន្ធ​ភាព​កាន់​អំណាច​ បាន​និយាយ​ថា​៖ «វា​មិន​ទំនង​ថា​ការ​លាប​ពណ៌​បៃតង​នេះ​នឹង​អាច​រក​ឃើញ​ការ​ទទួល​យក​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ឬ​អត់​»​។ លោក​បន្ត​ទៀត​ថា​៖ «តាម​ទស្សនៈ​របស់​យើង​ មិន​ចាំ​បាច់​មាន​ការ​បន្ថែម​នេះ​ទៅ​ក្នុង​បញ្ជី​បែង​ចែក​នេះ​ទេ​»​។

សំណើ​របស់​សហភាព​អឺរ៉ុប​គឺ​ជា​ផ្នែក​មួយ​នៃ​បញ្ជី​បែង​ចែក​ប្រភព​ថាមពល​ ដែល​មាន​គោល​បំណង​ជួយ​ដឹក​នាំ​ការ​វិនិយោគ​រាប់​ពាន់​លាន​អឺរ៉ូ​ទៅ​កាន់​វិស័យ​ដែល​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​កាបូន​ក្នុង​សេដ្ឋកិច្ច​របស់​ពួកគេ​។ ប៉ុន្តែ​ដំណើរ​ការ​បង្កើត​បញ្ជី​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​ជម្លោះ​នយោបាយ​នៅ​ក្នុង​គណៈកម្មការ​អឺរ៉ុប និង​បណ្ដា​ប្រទេស​ជា​សមាជិក​។

រដ្ឋមន្ត្រី​សកម្មភាព​អាកាសធាតុ​ និង​ថាមពល​អូទ្រីស​លោកស្រី​ឡេអូណូ ហ្គឺវេស្លឺ​ បាន​និយាយ​ថា​រដ្ឋាភិបាល​លោកស្រី​នឹង​ពិចារណា​ប្ដឹង​គណៈកម្មការ​អឺរ៉ុប​ ប្រសិន​បើ​ការ​ចាត់​ទុក​ថាមពល​នុយក្លេអ៊ែរ​ជា​ថាមពល​បៃតង​បាន​ដំណើរ​ទៅ​មុខ​។ រីឯ​លោក​ក្លូដ តួមេស​វិញ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​លុចសំបួ​​ បាន​ហៅ​ការ​ដាក់​បញ្ចូល​ថាមពល​នុយក្លេអ៊ែរ​ថា​ជា «ការ​បង្ក​ហេតុ»។

ការ​ដាក់​បញ្ចូល​ថាមពល​នុយក្លេអ៊ែរ ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជា​ជ័យជម្នះ​សម្រាប់​រដ្ឋាភិបាល​បារាំង ដែល​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​ធានា​ថា​ផែនការ​ថ្មី​នេះ​នឹង​មិន​ដាក់​ទណ្ឌកម្ម​លើ​បច្ចេកវិទ្យា​ដែល​ផ្ដល់​ថាមពល​អគ្គិសនី​ស្ទើរ​តែ​២ភាគ​៣នៃ​តម្រូវ​ការ​របស់​បារាំង​។ បច្ចេកវិទ្យា​នុយក្លេអ៊ែរ​គឺ​មិន​បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ទេ ប៉ុន្តែ​ផលិត​កាក​សំណល់​មាន​វិទ្យុសកម្ម និង​ជាតិ​ពុល​ខ្ពស់​៕