​កាលពី​ពាក់កណ្ដាល​ឆ្នាំ ២០១៨ កវីនិពន្ធ​ជនជាតិ​រុស្ស៊ី​ ១​ រូប ដែល​ប្រើប្រាស់​នាម​ក្លែងក្លាយ​ហៅថា​ Siberian Viking បាន​បង្ហោះ​រូបគំនូរ​ត្លុក​នៅលើ​គណនី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ រូបនេះ​បានបង្ហាញ​អំពី​ឥន្ទ្រី​ក្បាល ​២ ​ក្នុង​និមិត្តសញ្ញា​របស់​រដ្ឋ​រុស្ស៊ី ដោយ​ក្បាល​របស់​ឥន្ទ្រី​ទាំង​ ២​ ត្រូវបាន​ជំនួស​ដោយ​ក្បាល​របស់លោក​ វ្ល៉ា​ឌី​មៀរ ពូ​ទីន និង​នាយករដ្ឋមន្ត្រី​ដែល​កាលនោះ​ គឺ​លោក ​ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ​។​

​រូបភាព​នេះ គឺ​អម​ជាមួយនឹង​កំណាព្យ​មួយ​ដែល​សរសេរថា ​ឥន្ទ្រី​មានចិត្ត​លោភលន់​ជាង​អ្នក​​ដទៃ​ ២​ ដង កុហក​ច្រើនជាង​ ២​ ដង ហើយ​បានធ្វើការ​ឃ្លាំ​មើល​ដោយ​ភ្នែក ​៤​។ កំណាព្យ​នេះ​ត្រូវបាន​បញ្ចប់​ដោយ​សំ​ណួ​រ​មួយ​ដែល​សួរថា​៖ «​តើ​នៅពេលណា​ទើប​ប្រជាជន​រុ​ស្ស៊ីភ្ញាក់ខ្លួន ​ដើម្បី​លុបបំបាត់​ជំងឺ​នេះ​»​។​

​រដ្ឋាភិបាល​រុស្ស៊ី បាន​ប្រាប់​ឱ្យ​ហ្វេ​ស​ប៊ុ​កលុប​ការ​បង្ហោះ​នេះ ដោយសារ​វា​ជា «​ការមិន​គោរព​យ៉ាង​ស្រឡះ​ចំពោះ​រដ្ឋធម្មនុញ្ញ និង​ប្រធានាធិបតី​នៃ​សហព័ន្ធ​​រុស្ស៊ី​»​។ ហ្វេ​ស​ប៊ុ​ក​មិនបាន​ធ្វើតាម​សំណើ ហើយ​ការ​បង្ហោះ​នេះ​បានបង្ហាញ​ក្នុង​ពាក្យបណ្ដឹង មួយ​ក្នុងចំណោម​ជាង ៦០ ដែល​រដ្ឋាភិបាល​រុស្ស៊ី បាន​ប្ដឹង​ក្រុមហ៊ុន​បណ្ដាញ​សង្គម​នានា​ក្នុង​ឆ្នាំ ​២០២១ ដែលមាន​លទ្ធផល​ជាការ​ផាកពិន័យ​រាប់លាន​ដុល្លារ​។​

​គេ​មិនដឹង​ពិតប្រាកដ​ទេ​ថា ​ប្រាក់​ផាកពិន័យ​ប៉ុន្មាន​ត្រូវបាន​បង់​រួច​នោះទេ​។ ប៉ុន្តែ​ករណី​ទាំងនេះ​បង្ហាញ​ពី​ការលំបាក​ក្នុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ដែលមាន​ការដាក់​កម្រិត​យ៉ាងខ្លាំង​លើ​សេរីភាព​នៃ​ការបញ្ចេញ មតិ និង​សកម្មភាព​នយោបាយ ជាពិសេស​បន្ទាប់ពី​សាល​ក្រម​រំលាយ​ក្រុមប្រឆាំង​ដឹកនាំ​ដោយ​លោក​ អា​ឡិច​ស៊ី ណា​វ៉ាល់​នី​។​

​និយតករ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី Roskomnadzor​ បាន​និយាយថា ក្រុមហ៊ុន​បណ្ដាញ​សង្គម​មាន​កាតព្វកិច្ច​ស្វែងរក និង​លុប​ចោលការ​បង្ហោះ​គ្រោះថ្នាក់ ដែល​រួមមាន «​រូបភាព​អាសអាភាស​របស់​កុមារ ការធ្វើអត្តឃាត គ្រឿង​​ញៀន ភាពជ្រុលនិយម និង​ព័ត៌មាន​ក្លែងក្លាយ​»​។​

​ប៉ុន្តែ​ការពិនិត្យ​ដោយសារ​ព័ត៌មាន BBC ទៅលើ​ករណី​ជាង ៤០០ ដែល​ត្រូវ​បានលើកឡើង​ក្នុង​ពាក្យបណ្ដឹង​ប្រឆាំងនឹង​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ធំៗ​ដូចជា Google Facebook Instagram និង Twitter បានបង្ហាញ​មានតែ​ ៩ ​ករណី​ប៉ុណ្ណោះ ​ដែល​ទាក់ទង​នឹង​ការរំលោភបំពាន​លើ​កុមារ ឬ​គ្រឿងញៀន ហើយ​ត្រឹមតែ ១២​ ករណី​ប៉ុណ្ណោះ​មានការ​​ទាក់ទង​នឹង​អត្តឃាត​។ ករណី​ភាគច្រើន​លើសលប់ ​គឺពាក់ព័ន្ធ​ទៅនឹង​ចលនា​ប្រឆាំង​របស់លោក​ណា​វ៉ាល់​នី​។​

​រដ្ឋាភិបាល​លោក ពូ​ទីន បាន​និយាយថា សកម្មភាព​ដែល​ធ្វើឡើង​ប្រឆាំងនឹង​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ទាំងនេះ គឺ​មិនមែនជា​ការចាប់​ពិរុទ្ធ​នយោបាយ​ទេ ប៉ុន្តែ​គ្រាន់តែ​ជាការ​អនុវត្ត​ច្បាប់​របស់​រុស្ស៊ី​ប៉ុណ្ណោះ​។​

​សម្ពាធ​លើ​ក្រុមហ៊ុន​បណ្ដាញ​សង្គម គឺមាន​ចាប់តាំងពី​ឆ្នាំ ២០១៥ បន្ទាប់ពី​ច្បាប់​មួយ​ចូល​ជា​ធរមាន​ដែល​អនុញ្ញាតឱ្យ​តម្រូវឱ្យ​ពួកគេ​រក្សាទុក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​​ប្រើប្រាស់​រុស្ស៊ី នៅលើ​ទឹកដី​រុស្ស៊ី ហើយ​ផ្ដល់​អំណាច​ឱ្យ​រដ្ឋាភិបាល​ផាកពិន័យ​ពួកគេ ឬ​បិទ​ពួកគេ​ចំពោះ​ការរំលោភ​។ គ្មាន​ក្រុមហ៊ុន​លោកខាងលិច​ណាមួយ​បាន​អនុវត្តតាម ដែល​នាំទៅដល់​ការបិទ​ដំណើរការ​ក្រុមហ៊ុន LinkedIn នៅ​រុស្ស៊ី ក្នុង​ឆ្នាំ​​ ២០១៦​។

​ក្នុង​ឆ្នាំ ​២០១៦ សំណើ​ពី​រដ្ឋាភិបាល​រុស្ស៊ី​ទៅកាន់​ក្រុម​ហ៊ុន Google ដើម្បី​លុប​វីដេអូ​មួយចំនួន​ចេញពី YouTube និង​ដើម្បី​ទប់ស្កាត់​លទ្ធផល​ស្វែងរក​មួយចំនួន​បាន​ចាប់​​ផ្ដើម​កើនឡើង​យ៉ាង​ឆាប់រហ័ស​។ របាយការណ៍​តម្លាភាព​របស់​ក្រុមហ៊ុន​បង្ហាញថា ក្នុង​រយៈ​​ពេល ​១០ ​ឆ្នាំ​ចុង​ក្រោយនេះ ខ្លួន​បានទទួល​សំណើ​បែបនេះ​ពី​រុស្ស៊ី​ច្រើនជាង​ប្រទេស​ដទៃទៀត​ក្នុង​ពិភពលោក​រួមបញ្ចូល​គ្នា ដោយ​និយាយថា​ ១ ​ភាគ​ ៣​ នៃ​សំណើ​ពួកគេ​គឺ​ទាក់ទង​នឹង «​សន្តិសុខ​ជាតិ​»​។

Google បានធ្វើ​តាម​សំណើ​មួយចំនួន ប៉ុន្តែ​បាន​បដិសេធ​ធ្វើតាម​សំណើ​ផ្សេងទៀត​។​

​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ព័ត៌មាន​ដែល​មិន​ចង់បាន​នៅលើ​បណ្ដាញ​សង្គម​បាន​បង្កើនល្បឿន​បន្ថែមទៀត​នៅ​ដើមឆ្នាំ ២០២១ បន្ទាប់ពី​ការវិល​ត្រឡប់​របស់​ណា​វ៉ាល់​នី មកកាន់​ប្រទេស​រុស្ស៊ី​ ពី​មន្ទីរពេទ្យ​នៅ​ប្រទេស​អាល្លឺម៉ង់​ ជា​កន្លែង​ដែល​លោក​សម្រាក​ព្យាបាល​ការបំពុល​ដោយ​អាវុធ​គីមី​។​

​កាលពី​ខែមីនា អាជ្ញាធរ​រុ​ស្ស៊ី​បាន​បន្ថយល្បឿន​អ៊ី​ន​ធឺ​ណិ​តរបស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ Twitter បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​បដិសេធ​មិន​ធ្វើតាម​សំណើរបស់ខ្លួន ធ្វើឱ្យ​គេហទំព័រ និង​កម្មវិធី​របស់ Twitter មានដំណើរ​ការ​យឺត​ខ្លាំង​។ កាលពី​ខែឧសភា រុស្ស៊ី​បាន​ស្ដារ​ល្បឿន​ឱ្យ Twitter វិញ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​យល់ព្រម​លុប​​ចោល​សារ​ជិត ៥ ០០០ សម្រាប់ អ្នកប្រើប្រាស់​រុស្ស៊ី ប៉ុន្តែ​សារ​ទាំងនេះ​នៅតែ​អាច​មើលឃើញ សម្រាប់​អ្នកប្រើប្រាស់​នៅ​ខាងក្រៅ​រុស្ស៊ី​។​

​ប្រទេស​រុស្ស៊ី ប្រើ​មធ្យោបាយ​បច្ចេកទេស​ដើម្បី​រារាំង​ប្រតិ​ប​ត្តិ​ការ​របស់​ក្រុមហ៊ុន​បណ្ដាញ​​សង្គម ហើយ​មានច្បាប់​ដែល​អាច​ផ្ដល់​ហេតុផល​សម្រាប់​ការធ្វើ​បែបនេះ​។​

​បណ្ដាញ​សង្គម​អាច​ត្រូវបាន​រារាំង​ដោយ​ស្របច្បាប់​សម្រាប់​ការមិន​រក្សាទុក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​រុស្សី​នៅក្នុង​ប្រទេស​រុស្ស៊ី ឬ​សម្រាប់​ការ​​បដិសេធ​មិន​លុប​សារ​ដែល​បង្ក​គ្រោះថ្នាក់ ហើយ​ចាប់ពី​ឆ្នាំនេះ រុស្ស៊ីនឹង​អាច​ទប់ស្កាត់​ពួកគេ​មិន​ឱ្យមាន​ការិយាល័យ​នៅក្នុង​ប្រទេស​។​

​ប្រទេស​រុស្ស៊ី ក៏បាន​ដាក់ចេញ​នូវ​ទោសទណ្ឌ​ខ្ពស់ៗ​ថ្មី​ផងដែរ ​សម្រាប់​ការខកខាន​ក្នុងការ​លុប​សារ​ខុសច្បាប់ ហើយ​នៅក្នុង​សំណុំរឿង​មួយចំនួន​ទាំង​ក្រុមហ៊ុន ​Google និង បណ្ដាញ​សង្គម​Facebook ប្រឈម​នឹង​ការផាកពិន័យ​រហូតដល់ ១០ ​ភាគរយ​នៃ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​ពួកគេ​នៅក្នុង​ប្រទេស​រុស្ស៊ី​។​

​បណ្ដាញ​សង្គម Facebook មិនបាន​បង្ហាញ​ពី​ប្រាក់ចំណូល របស់ខ្លួន​នៅ​រុស្ស៊ី​ទេ ប៉ុន្តែ​កាល​​ពី​ឆ្នាំមុន​ចំណូល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា ​Google នៅ​រុស្ស៊ី គឺ​យ៉ាងហោចណាស់​ ១ ​ពាន់​លាន​ដុល្លារ ដែល​បើកផ្លូវ​​ឱ្យមាន​ការផាកពិន័យ​ចំនួន ១០០​ លាន​ដុល្លារ​៕