​ថ្វីបើ​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង មានការ​រីក​រាល​​ដាល​ឆាប់រហ័ស​យ៉ាងណាក្ដី ប៉ុន្តែ​ផល​​ប៉ះពាល់​របស់​វា​ត្រូវបាន​អ្នក​វិទ្យា​ស្ត្រ​ស​ន្និ​ដ្ឋា​ន​ថា ស្ថិតក្នុង​កម្រិត​ស្រាល​ដោយសារ​មេរោគ​នេះ​ជ្រាបចូល​ត្រឹម​ច្រមុះ​បំពង់ក​ជាជាង​ចូលទៅក្នុង​សួត​ដែល​បណ្ដាលឱ្យ​ក្លាយទៅជា​ក​រ​ណី​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​អាយុជីវិត​ដូច​វ៉ា​រ្យ៉​ង់​ដែល​តា​។

​ក្រុម​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ហុងកុង បាន​រកឃើញថា វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​ចម្លង​លឿន​ជាង​វ៉ា​រ្យ៉​ង់​ដែល​តា ​៧០ ​ដង​ក្នុង​ផ្លូវដង្ហើម​របស់​មនុស្ស​។ ការសិក្សា​បានបង្ហាញ​ថា បើ​ប្រៀបធៀប​ជាមួយ​ទាំង​ដែល​តា និង​វីរុស​ដើម វ៉ា​រ្យ៉​ង់​អូ​មី​ក្រុងមាន​ធ្វើដំណើរ​ចូលទៅក្នុង​ទងសួត ឬ​បំពង់ក​ដែល​រត់តាម​ផ្លូវដង្ហើម​ខាងលើ​លឿន ប៉ុន្តែ​ធ្វើ​​ដំណើរ​ជ្រៀត​ចូលក្នុង​សួត​យឺត​។

​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​ចម្លង បាន​តិច​មាន​ប្រសិទ្ធភាព​ទាប​ជាង ១០ ដង​ពេល​ចូលទៅក្នុង​ជាលិកា​សួត​របស់​មនុស្ស បើ​ធៀប​នឹង​វីរុស SARS-CoV-2 ដើម ដែលជា​សញ្ញា​បង្ហាញ​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ា​រ្យ៉​ង់​នេះ​ស្ថិតក្នុង​កម្រិត​ទាប​។​

​មានការ​សន្មត​ថា ករណី​ធ្ងន់ធ្ងរ​ពី​កូ​វីដ ​១៩ កើតឡើង​នៅពេលដែល​មេរោគ​ចូលទៅក្នុង​សួត​ហើយ​រាលដាល​ដល់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ពី​ទីនោះ ប្រសិនបើវា​មាន​វត្តមាន​ក្នុង​ផ្លូវដង្ហើម​ខាងលើ​មាត់ ច្រមុះ ជាដើម ឱកាស​នៃ​ការវិវត្ត​ជា​ជំងឺ​ធ្ងន់ធ្ងរ​នៅមាន​ទាប​ណាស់​។​

​ទោះជា​យ៉ាងណា អ្នកដឹកនាំ​ការនិពន្ធ​ការស្រាវជ្រាវ​លោក​បណ្ឌិត Michael Chan បាន​ជំរុញឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការរកឃើញ​នេះ​។ លោក​វេជ្ជបណ្ឌិត Chan បាន​និយាយថា​៖ «​វា​ជា​រឿង​សំ​​ខាន់​ក្នុងការ​កត់សម្គាល់​ពី​ភាព​កាច​សា​​ហាវ​របស់​វ៉ា​រ្យ៉​ង់ ហើយ​វា​កាន់តែ​សំខាន់​ក្នុង​ការកំណត់​ឱ្យដឹងពី​ការឆ្លើយតប​នៃ​ប្រព័ន្ធ​ភាពស៊ាំ​របស់​បុគ្គល​ទៅនឹង​ការ​​ឆ្លង​មេរោគ​ផងដែរ​»​។​

​ករណី​សម្រាក​នៅ​មន្ទីរពេទ្យ​ជា ច្រើន​បានកើត​ឡើង​មិន​ត្រឹមតែ​ដោយសារតែ​ជំងឺ​ដែល​មេរោគ​បង្កឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដោយសារតែ​ធម្មជាតិ​ដែល​មិនអាច​ទាយ​ទុកជាមុន​បាន ដែល​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​យើង​ឆ្លើយតប​ទៅនឹង​មេរោគ​។ ក្នុង​ករណីខ្លះ​ប្រព័ន្ធ​ភាពស៊ាំ​មិនអាច​បិទ និង​វាយប្រហារ​កោសិកា ដែល​ឆ្លង​មេរោគ​បាន​នោះទេ​។​

​លោក Chan បាន​កត់សម្គាល់ថា មេរោគ​ឆ្លង​ខ្លាំង​ដូចជា វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​អាច​បណ្តាលឱ្យមាន​ជំងឺ​ធ្ងន់ធ្ងរ និង​ស្លាប់​ដោយ​គ្រាន់តែ​រីក​រាលដាល​លឿន​ជាង​មុន ទោះបីជា​ការឆ្លង​មេរោគ​សួត ដោយសារ​វ៉ា​រ្យ៉​ង់​នេះ ហាក់ដូចជា មិនធ្ងន់ធ្ងរ​ខ្លាំង​ក៏ដោយ​។​

​ក្រុម​សិក្សា​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង នៅ​ទីក្រុង Glasgow នៃ​ប្រទេស​ស្កុ​ត​ឡេ​ន​ថា ពួក​​គេ​បាន​រកឃើញ​ចម្លើយ​ថា ហេតុអ្វី​បានជា​វ៉ា​រ្យ៉​ង់​នេះ មិនអាច​ឆ្លង​កោសិកា​សួត​បាន​ច្រើន​ដូច​វា​ឆ្លង​នៅលើ​ផ្លូវដង្ហើម​ខាងលើ​។ ពួកគេ​បាន​រកឃើញ​ប្រូ​តេ​អ៊ី​ន​សំខាន់ៗ​នៅលើ​កោសិកា​សួត​ហៅថា TMPRSS2 ដែលជា​ធម្មតាកោសិកា​នេះ​ បាន​ជួយ​វ៉ា​រ្យ៉​ង់ SARS-COV-2 មុន​ជ្រាបចូល​ទៅក្នុង​កោសិកា​សួត​ដោយ​ធ្វើ​ការចង​ខ្លួន​ជាប់​ជាមួយ​អូ​មី​ក្រុង​បាន​តិចជាងមានន័យថា វ៉ា​រ្យ៉​ង់​នេះ​ពិបាក​ក្នុង​ការចូលទៅ​ខាងក្នុង​កោសិកា​សួត​និង​ចម្លង​មេរោគ​។​

​មេរោគ​ចូលទៅក្នុង​កោសិកា​តាម​ច្រមុះ បំពង់ក និង​ផ្លូវដង្ហើម​ខាងលើ​តាមរបៀប​ផ្សេងគ្នា ដូច្នេះ​ទោះបីជា​វា​ត្រូវបាន​គេ​រកឃើញ​ក្នុង​បរិមាណ​ច្រើន​នៅក្នុង​ផ្នែក​ទាំងនេះ​នៃ​ផ្លូវដង្ហើម​ក៏ដោយ កំហាប់​នៃ​មេរោគ​គឺ​ទាប​ជាង​នៅក្នុង​ជាលិកា​សួត​។ នេះ​ក៏​អាច​ពន្យល់បាន​មួយផ្នែក​ថា ហេតុអ្វី​បានជា​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​ឆ្លង​ដោយ​របៀបនេះ​។ ប្រសិនបើ​វា​ត្រូវបាន​ប្រមូលផ្តុំ​ក្នុង​បរិមាណ​ខ្ពស់​នៅក្នុង​ផ្លូវដង្ហើម​ខាងលើ មេរោគ​ទំនងជា​ត្រូវបញ្ជូន​ចេញ​វិញ​ខ្លះ​តាមរយៈ​ការ​ក្អក កណ្តាស់ ឬ​ដក​​ដង្ហើម​ចេញពី​ផ្នែក​ទាំងនេះ​នៃ​ផ្លូវដង្ហើម ហើយ​ឆ្លងទៅ​មនុស្ស​ផ្សេងទៀត​។​

​ការសិក្សា​រួមគ្នា​របស់​អាមេរិក និង​ជប៉ុន បាន​ពិនិត្យមើល​ផលប៉ះពាល់​នៃ​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​ចំពោះ​សត្វ​កណ្តុរ និង​ហេម​ស្ទ័​រ​។ សត្វ​កកេរ​ទាំងនេះ មាន​អ្នកទទួល​អង់ស៊ីម​បំប្លែង ជា​អង់​ស្យូ​តង់​ស៊ីន​២ (ACE2) ដូចគ្នា​ដែល​មនុ​ស្សមាន​និង​អ្វីដែល​មេរោគ Coronovairus ​ភ្ជាប់​ដើម្បី​ចូល និង​ឆ្លង​កោសិកា​របស់​មនុស្ស​។ ការសិក្សា​បាន​រកឃើញថា​ សត្វ​កកេរ​ដែល​ឆ្លង​អូ​មី​ក្រុងមាន​ការខូចខាត​សួត​តិចជាង ស្រក​ទម្ងន់​តិចជាង និង​ទំនងជា​ស្លាប់​តិចជាង​សត្វ​កកេរ​ដែល​ឆ្លង​វ៉ា​រ្យ៉​ង់​ដែល​តា​។​

​ការសិក្សា​ផ្តល់​ក្តីសង្ឃឹម​ខ្លះ សម្រាប់​ស្ថានភាព​ស្រាល​របស់​ជំងឺ ​ប៉ុន្តែ​ការសិក្សា​មន្ទីរពិសោធន៍​មិន​តែងតែ​អព្យាក្រឹត​ទាំងស្រុង​ទេ​នៅក្នុង​ពិភពលោក​ផ្ទាល់​ដោយសារ​វា​មាន​កត្តា​ច្រើន​ទៀត​ពាក់ព័ន្ធ​។ ទិន្នន័យ​ពី​អ្រា​ហ្វិ​ក​ខាងត្បូង​ដែលជា​កន្លែង​គេ​រកឃើញ​វ៉ា​រ្យ៉​ង់​ដំបូង គេ​សង្កេតឃើញថា​មិនមាន​ករណី​កើនឡើង​ពិតប្រាកដ​នៃ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះទេ​ប៉ុន្តែ​វា​ជាការ​សំខាន់​ក្នុងការ​កត់សម្គាល់ថា​ អាហ្វ្រិ​ក​ខាងត្បូងមាន​ប្រជាជន​វ័យក្មេង​។

​យើង​មិនទាន់​ឃើញ​ពី​របៀប​ដែល​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុងមាន​ឥទ្ធិពល​លើ​មនុស្ស​ចាស់​ទេ ការរស់នៅ​ចម្រុះ​ជាមួយគ្នា​ក្នុងផ្ទះ​តែមួយ​ក្នុងអំឡុងពេល​បុណ្យណូអែល និង​ឆ្នាំ​ថ្មី​ទំនងជា​នឹង​ឆ្លើយ​សំណួរ​នោះ​ក្នុងពេល​ឆាប់ៗ​នេះ​។ គួរ​ជម្រាប​ផងដែរ​ថា សាលារៀន​ជុំវិញ​ពិភពលោក​ត្រូវបាន​បិទ​សម្រាប់​ពិធីបុណ្យ ប៉ុន្តែ​នឹង​បើក​នៅ​ដើមខែ​មករា ដូច្នេះ​កុមារ​ដែល​ធ្លាប់​ឆ្លង​មេរោគ​ក្នុង​រលក​កន្លងមក នឹងត្រូវ​ប្រឈមមុខ​នឹង​ការឆ្លង​មេរោគ​នៅក្នុង​ថ្នាក់រៀន ហើយនឹង​ចម្លង​មេរោគ​នេះ​ទៅផ្ទះ និង​ក្រុមគ្រួសារ​ពួកគេ​។​

​តែ​ទោះជា​យ៉ាងណាក្ដី អ្នកវិទ្យាសាស្ត្រ​វេជ្ជបណ្ឌិត​ជាច្រើន​នៅតែ​បារម្ភ​ថា ផលប៉ះពាល់​នៃ​ជំងឺ​ស្រាល​ជាង​នេះ អាច​បញ្ឆោត​មនុស្ស​ឱ្យ​យល់​ខុស​អំពី​សុវត្ថិភាព ធ្វើឱ្យ​ពួកគេ​មិនសូវ​ពាក់​ម៉ាស់​គម្លាត​សង្គម ឬ​អាក្រក់​ជាង​នេះ​មិន​ទៅ​ចាក់​វ៉ាក់សាំង​។​

បើទោះជា​ករណី​ស្លាប់​ដោយសារ​វ៉ា​រ្យ៉​ង់​នៅមានកម្រិត​ទាប ហើយ​ឥទ្ធិពល​នៃ​ជំងឺ​នេះ ហាក់ដូចជា​ស្រាល​ក្ដី ក៏​វ៉ា​រ្យ៉​ង់​នេះ នៅតែ​ជាការ​គំរាមកំហែង​សកល​ដ៏​ធ្ងន់ធ្ងរ​៕

វីដេអូ៖