កាល​ពី​ថ្ងៃ​អង្គារ​ ទី ​៤ មករា ​ប្រធានាធិបតី​លីទុយអានី​ លោក​ ហ្គីតាណាស ណាវសេដា​ បាន​និយាយ​ថា ​ការ​សម្រេច​ចិត្ត​ឱ្យ​កោះ​តៃវ៉ាន់​បើក​ស្ថានទូត​ក្នុង​ប្រទេស​លីទុយអានី​ គឺ​ជា​កំហុស​ដ៏​ធំ​មួយ​ ហើយ​បាន​រិះគន់​សកម្មភាព​របស់​រដ្ឋាភិបាល​លីទុយអានី​ដែល​បង្ក​ឱ្យ​មាន​ជម្លោះ​ការ​ទូត​ជាមួយ​ចិន​ដី​គោក​។

លោក​ ណាវសេដា​ បាន​និយាយ​នៅ​លើ​វិទ្យុ​លីទុយអានី​ថា​ រដ្ឋាភិបាល​ស្ដាំ​កណ្ដាល​និយម​មិន​បាន​ពិគ្រោះ​យោបល់​ជា​មួយ​លោក​អំពី​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ប្ដូរ​ឈ្មោះ​បេសកកម្ម​ការទូត​របស់​តៃវ៉ាន់​ពី​ការិយាល័យ​តំណាង​ក្រុង​តៃប៉ិ​ ទៅ​ជា​ការិយាល័យ​តំណាង​តៃវ៉ាន់​។​

ក្រុង​ប៉េកាំង​បាន​ចោទ​ប្រកាន់​ប្រទេស​លីទុយអានី​ថា​ បាន​រំលោភ​បំពាន​គោលការណ៍​ចិន​តែ​១ ​ ដែល​កំណត់​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ចិន​តែ១​ប៉ុណ្ណោះ​។ ក្រុង​ប៉េកាំង​ បាន​ដក​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ចេញ​ពី​លីទុយអានី ហើយ​បាន​កម្រិត​យ៉ាង​ខ្លាំង​លើ​បេសកកម្ម​ការទូត​លីទុយអានី​ក្នុង​ប្រទេស​ចិន​។ កាល​ពី​ខែ​មុន​លីទុយអានី ​បាន​ដក​មន្ត្រី​ការទូត​ចុង​ក្រោយ​របស់​ខ្លួន​ចេញ​ពី​ក្រុង​ប៉េកាំង​ បន្ទាប់​រដ្ឋាភិបាល​ចិន​ដក​ហូត​ឯកសារ​អត្តសញ្ញាណ​ការទូត​របស់​ពួកគេ​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ទាំង​លោក​ណាវសេដា​ និង​រដ្ឋាភិបាល​ បាន​ទទូច​ថា ​ពួកគេ​នៅ​តែ​គោរព​គោលការណ៍​ចិន​តែ​១ ​ ប៉ុន្តែ​និយាយ​ថា​ខ្លួន​មាន​សិទ្ធិ​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច និង​វប្បធម៌​ជាមួយ​នរណា​ដែល​ខ្លួន​ចង់​ទាក់ទង​៕