​ខណៈពេលដែល​សាលា​ក្រុង​អាល​ម៉ា​ទី ដែលជា​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​កា​ហ្សា​ក់ស្ថាន កំពុង​ឆាបឆេះ បាតុករ​ជាច្រើន​នាក់​បានធ្វើការ​ទាញ​រំលំ​រូបសំណាក​នៃ​ប្រធានាធិបតី​ទី​១ ​របស់​កា​ហ្សា​ក់​ស្ថាន គឺ​លោក​ន័​រ​ស៊ុ​លត​ង់ ណា​ហ្សា​រ បា​យ៉េ​វ​។ ទិដ្ឋភាព​បែបនេះ បានធ្វើឱ្យ ខូចខាត​ដល់​រូបភាព​នៃ​ប្រទេស​អតីត​សហភាពសូវៀត​ ដែលជា​និមិត្តសញ្ញា​នៃ​ស្ថិរភាព​ក្នុង​តំបន់​ដែលមាន​ភាព​ច្របូក​​ច្របល់​ខ្លាំង​។​

​បាតុកម្ម​ គឺ​កម្រ​មាន​ណាស់​នៅក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន ហើយ​ពេល​ឆ្នាំ​ថ្មី គឺជា​ពេល​វេលា​ដែល​រឹតតែ​មិន​ទំនង​សម្រាប់​បាតុកម្ម ដោយសារ​ប្រជាជន​ឆ្លៀតឱកាស​ថ្ងៃបុណ្យ​សាធារណៈ​ ដើម្បី​សម្រាក ​និង​ចំណាយពេល​ជាមួយ​គ្រួសារ ហើយ​បន្ថែម​ពីលើ​នេះ​សី​តុ​ណ្ហភាព​ពេលយប់​អាច​ធ្លាក់ចុះ​ដល់​ក្រោម​សូន្យ​។​

​ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ ថ្ងៃទី ​២ មករា បាន​ក្លាយជា​ចំណុច​បាតុកម្ម​ធំ​បំផុត​ក្នុង​ប្រវត្តិ​សា​ស្ត្រ​កា​ហ្សា​ក់​ស្ថាន ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​ពី​សហភាពសូវៀត​នៅ​ឆ្នាំ ​១៩៩១​។ ដើម​​ឡើយ​បាតុកម្ម​បាន​ផ្ទុះឡើង​នៅ​ក្រុង​អាល​ម៉ា​ទី ហើយ​បាន​រីក​​រាលដាល​ទៅ​តំបន់​ដទៃ​នៃ​ខេត្ត​ម៉​ង់​ជី​ស្តៅ ​បន្ទាប់ពី​តម្លៃ​ឧស្ម័ន​ឥន្ធនៈ ​LPG បាន​កើនឡើង​យ៉ាង​​ខ្លាំង​នៅពេល​ឆ្លង​ចូលឆ្នាំថ្មី​។

​ប្រជាជន​កា​ហ្សា​ក់​ស្ថាន​ជា​ច្រើន បាន​កែប្រែ​រថយន្ត​របស់​ពួកគេ​ដើម្បី​ប្រើប្រាស់ ​LPG ដែលមាន​តម្លៃថោក​ជាង​ប្រេង សាំង​យ៉ាងខ្លាំង ដោយសារ​គោលនយោបាយ​កំណត់​តម្លៃ​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​រដ្ឋាភិ​បាល​កា​ហ្សា​ក់​ស្ថាន បានប្រកែក​ថា​​ ការកំណត់​តម្លៃ​ទាប​បែបនេះ គឺ​មិនអាច​ទ្រទ្រង់​បានទេ​នៅពេល​អនាគត ហើយ​បាន​សម្រេចចិត្ត​ដក​ការកំណត់​តម្លៃ​នៅ​ថ្ងៃទី ​១ ខែមករា​។​

​បាតុកម្ម​នេះ បាន​ប្រែ​ទៅជា​ហិង្សា​យ៉ាង​ឆាប់រហ័ស ដោយ​អគារ​រដ្ឋាភិបាល​ជាច្រើន​ត្រូវ​ក្រុមបាតុករ​ចូលកាន់​កាប់ ​ឬ​ត្រូវបាន​ដុត​។ ប៉ូលិស និង​ទាហាន​កងកម្លាំង​ឆ្មាំ​ជាតិ​កា​ហ្សា​ក់ស្ថាន​ចំនួន ៨ ​នាក់ បាន​ស្លាប់​ក្នុងការ​បង្ក្រាប​បាតុកម្ម​នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​។ ទាហាន​ ២​ នាក់​បន្ថែមទៀត ​បាន​ស្លាប់​ក្នុង​បេសកកម្ម​បណ្ដេញ​បាតុករ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​អាល​ម៉ា​ទី​។​

​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ មានការ​រាយការណ៍​ថា រថ​ពាស​ដែក និង​ទាហាន​មួយចំនួន​បាន​បើក​ចូល​ទីក្រុង​អាល​ម៉ា​ទី ហើយ​ខណៈពេលដែល​ទាហាន និង​បាតុករ​កាន់​ខិតជិត​គ្នា គេ​អាច​ឮស្នូរ​នៃការបាញ់​គ្រាប់កាំភ្លើង​។​

​បើទោះបីជា​លោក​ប្រ​ធានា​ធិបតី​កា ស៊ី​ម​ជូ​ម៉ា​ត តូ​កា​យ៉េ​វ ​បានប្រកាស​កាត់បន្ថយ​តម្លៃ LPG​ ដល់​កម្រិត​ទាប​ជាង​មុន​ការកើនឡើង និង​ប្រកាស​រំលាយ​គណៈរដ្ឋមន្ត្រី​ក៏ដោយ ក៏​បាតុកម្ម​នៅ​បន្ត​។​

​ការ​ស្រែកថា «​ស៊ែ​ល​ខេ​ត​» ដែល​បកប្រែ​មក​ថា «​បុរស​ចំណាស់​ត្រូវតែ​ចាកចេញ​» គឺ​ត្រូវ​បានឮ​ពី​បបូរមាត់​របស់​បាតុករ​នៅ​ទូទាំងប្រទេស​កា​ហ្សា​ក់​ស្ថាន​។ បុរស​ចំណាស់ នេះ​គឺ​សំដៅ​ទៅលើ​អតីត​ប្រ​ធា​នា​ធិបតី លោក ​ណា​ហ្សា​រ បា​យ៉េ​វ ដែលមាន​អាយុ​ ៨១ ​ឆ្នាំ​ទៅហើយ​។ បើទោះបីជា​លោក​បាន​លាលែង​ពី​តំណែង​ប្រធានាធិបតី​ចាប់ពី​ឆ្នាំ​ ២០១៩ មក​ម្ល៉េះ លោក ​ណា​ហ្សា​រ បា​យ៉េ​វ ត្រូវបាន​គេ​សង្កេតឃើញថា ​នៅមាន​អំណាច និង​ឥទ្ធិពល​ច្រើនជាង​លោក​ តូ​កា​យ៉េ​វ ជាពិសេស ក្នុង​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​កា​ហ្សា​ក់​ស្ថាន​។​

​ចាប់តាំងពី​ទទួលបាន​ឯក​រាជ្យ​មក ប្រទេស​កា​ហ្សា​ក់​ស្ថាន ​គឺជា​រឿង​ជោគជ័យ​ដ៏​កម្រ​ក្នុង​ការដួលរលំ និង​បែកបាក់​នៃ​សហភាពសូវៀត​។ សម្បូរ​ទៅដោយ​ធនធានធម្មជាតិ រួមទាំង​ប្រេង ឧស្ម័ន ទង់ដែង ធ្យូងថ្ម និង​អ៊ុយ​រ៉ានី​ញ៉ូ​ម ប្រទេស​កា​ហ្សា​ក់​ស្ថាន ​បាន​ឆ្លងកាត់​ការ​ចម្រើន​ដោយ​មិនចាំបាច់​រំពឹង​លើ​ជំនួយ​ធំដុំ​ណាមួយ​ពី​ប្រ​ទេស​រុស្ស៊ី​។​

​ក្រោម​ពាក្យស្លោក ​«​សេដ្ឋកិច្ច​ជា​អាទិភាព​» លោក ​ណា​ហ្សា​របា​យ៉េ​វ ​បាន​អនុញ្ញាតឱ្យ​មានការ​អភិវឌ្ឍ​សហគ្រាស​ឯកជន​នៅក្នុង​ស្រុក ខណៈពេលដែល​លោក​ពង្រឹង​ការគ្រប់គ្រង​នយោបាយ​ក្នុង​សភា​កា​ហ្សា​ក់​ស្ថាន​។

​ប៉ុន្តែ​ចុងក្រោយ​ក្រុមគ្រួសារ​របស់​ ណា​ហ្សា​របា​យ៉េ​វ បាន​ចូល​កាន់កាប់​ស្ទើរតែ​គ្រប់​​វិស័យ​ទៅហើយ ធ្វើ​លោក​មានអំណាច​ផ្ដាច់មុខ​ទាំង​ន​យោ​បាយ និង​ពាណិជ្ជកម្ម ធ្វើឱ្យ​ប្រជាប្រិយភាព​របស់​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​

​ខណៈពេលដែល​កា​ហ្សា​ក់​ស្ថាន​បានឃើញ​បាតុកម្ម​នាពេល​កន្លងមក ដូចជា​នៅក្នុង​ឆ្នាំ ​២០១៦ និង ២០១៩ អ្នក​វិភាគ​និយាយថា បាតុកម្ម​បង្កដោយ​ការកើនឡើង​តម្លៃ LPG នេះ​ហាក់ដូច​ជាមាន​សេចក្ដី​ប្ដេជ្ញាចិត្ត​ក្នុងការ​ទម្លាក់​អ្វីដែល​ពួកគេ​មើលឃើញថា ជា​របប​របស់លោក​ណា​ហ្សា​របា​យ៉េ​វ​។​

​លោក​ប្រធានាធិបតី​ តូ​កាយ៉េ​វ បាន​និយាយថា លោក​ណា​ហ្សា​របា​យ៉េ​វ​នឹង​ចុះ​ចេញពី​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ជឿថា នេះ​នឹង​បំពេញចិត្ត​ក្រុមបាតុករ​ទេ​។ ជំហរ​របស់​រដ្ឋាភិបាល​គឺ​នៅ​តឹងរ៉ឹង​នៅឡើយ​។​

​រដ្ឋាភិបាល​កា​ហ្សា​ក់​ស្ថាន​បានប្រកាស​ដាក់​ទីក្រុង​ជា​​ច្រើន​ក្រោម​ភាពអាសន្ន ហើយ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ត្រូវបាន​កាត់ផ្ដាច់​ស្ទើរតែ​ទូទាំងប្រទេស​។​

​លោក​ តូ​កា​យ៉េ​វ ​បាន​ចោទប្រកាន់ «​អ្នកសមគំនិត​ជំរុញ​ដោយ​ហេតុផល​ហិរញ្ញវត្ថុ​» ថា ​ជា​អ្នកបង្ក​ឱ្យមាន​បាតុកម្ម​នេះ​។​

«​កុំ​ចុះចាញ់​នឹង​ការ​ញុះញង់​ពី​ខាងក្នុង និង​ខាងក្រៅ​ប្រទេស​» លោក​ តូ​កា​យ៉េ​វ ​បាន​និយាយ​បែបនេះហើយ​បន្តទៀតថា​៖ «​ការ​ញុះញង់​ឱ្យ​វាយ​​ប្រហារ​អគារ​ស៊ីវិល និង​យោធា គឺជា​រឿង​មិន​ស្របច្បាប់​ជា​ដាច់​​ខាត​។ នេះ​ជា​បទល្មើស​ដែល​នឹងត្រូវ​ផ្ដន្ទាទោស​។ អាជ្ញាធរ​នឹងមិន​ដួលរលំ​ទេ ហើយ​យើង​មិន​ត្រូវការ​ជម្លោះ​ទេ ប៉ុន្តែ​ត្រូវការ​ទុកចិត្ត​គ្នា​ទៅវិញទៅមក និង​ការសន្ទនា​»​។​

​កាលពី​ថ្ងៃ​ពុធ​ បាន​សុំ​ជំនួយ​ពី​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​សមូហភាព (CSTO) ដែលជា​សម្ព័ន្ធភាព​យោធា​រវាង​រុស្ស៊ី​អា​មេ​នី បេឡា​រុស កា​ហ្សា​ក់​ស្ថាន កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​តា​ហ្ស៊ី​គី​ស្ថាន​។ កាលពី​ថ្ងៃ​ព្រ​ហ្ប​តិ៍​នាយករដ្ឋមន្ត្រី ​អា​មេ​នី និង​ប្រធាន​វិលជុំ​នៃ​អង្គការ CSTO លោក​ នី​កូ​ល ផា​ស៊ីន យ៉ាន បាន​និយាយថា CSTO នឹង​បញ្ជូន​កងកម្លាំង​រក្សា​សន្តិ​ភាព​ទៅ​កាន់កា​ហ្សា​ក់​ស្ថាន ​ដើម្បី​ស្ដារ​ស្ថិរភាព​៕