កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ៦ មករា​ នាយករដ្ឋមន្ត្រី​អាមេនី​បាន​ប្រកាស​ថា ​សម្ព័ន្ធ​ភាព​អតីត​រដ្ឋ​សហភាព​សូវៀត​ដឹក​នាំ​ដោយ​រុស្ស៊ី​នឹង​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ទៅ​កាន់​ប្រទេស​កាហ្សាក់ស្ថាន​ បន្ទាប់​ពីប្រធានាធិបតី​ប្រទេស​នេះ​ បាន​អំពាវ​នាវ​សុំ​ជំនួយ​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​ដែល​បាន​ប្រែ​ទៅ​ជា​ហិង្សា​។

នាយករដ្ឋមន្ត្រី​អាមេនី​លោក​ នីកូល ផាស៊ីនយ៉ាន​ បាន​ប្រកាស​លើ​បណ្ដាញ​សង្គម​ Facebook ថា​ អង្គការ​សន្ធិសញ្ញា​សន្តិសុខ​សមូហភាព (CSTO) ដែល​មាន​សមាជិក​រុស្ស៊ី​ អាមេនី បេឡារុ​ស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និង​តាហ្ស៊ីគីស្ថាន នឹង​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ទៅ​កាន់​កាហ្សាក់ស្ថាន​ ដើម្បី​ស្ដារ​ស្ថិរភាព បន្ទាប់​ពី​អគារ​រដ្ឋាភិបាល​ជា​ច្រើន​ត្រូវ​បាន​ដុត ហើយ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​អាលម៉ាទី​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម​បាតុករ​។

បើ​តាម​ការ​រាយការណ៍​ដោយ​សារព័ត៌មាន​រុស្ស៊ី​ Sputnik ប៉ូលិស​ និង​កង​ឆ្មាំ​ជាតិ​ ៨នាក់​ បាន​ស្លាប់​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​។ ក្រោយ​មក​មាន​ការ​រាយការណ៍​ថា​ ទាហាន​ចំនួន ២ នាក់​ បាន​ស្លាប់ ​ក្នុង​បេសកកម្ម​បណ្ដេញ​បាតុករ​ចេញ​ពី​អាកាសយានដ្ឋាន​ក្រុង​អាលម៉ាទី​។

ដំបូង​ឡើយ​បង្ក​ឡើង​ដោយ​កំហឹង​ចំពោះ​ការ​កើន​ឡើង​តម្លៃ​ឧស្ម័ន​ឥន្ធនៈ LPG។ បាតុកម្ម​នេះ​បាន​ប្រែក្លាយ​យ៉ាង​ឆាប់​រហ័ស​ទៅ​ជា​បាតុកម្ម​ប្រឆាំង​អតីត​ប្រធានាធិបតី​ន័រស៊ុលតង់ ណាហ្សាបាយ៉េវ​ ដែល​បាន​រក្សា​អំណាច​ជា​ច្រើន​ឆ្នាំ បើ​ទោះ​បី​ជា​បាន​លាលែង​ពី​តំណែង​តាំង​ពី​ឆ្នាំ​ ២០១៩ បន្ទាប់ពី​ការ​កាន់​អំណាច​ជាង ៣ ​ទសវត្សរ៍។

ក្នុង​សកម្មភាព​ដែល​ត្រូវ​បាន​គេ​គិត​ថា ​ធ្វើ​ឡើង​ដើម្បី​បន្ធូរបន្ថយ​កំហឹង​សាធារណៈ​លោក​ប្រធានាធិបតី​កាស៊ីម-ជូម៉ាត តូកាយ៉េវ​ បាន​បណ្ដេញ​លោក​ណាហ្សាបាយ៉េវ​ចេញ​ពី​តំណែង​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​រំលាយ​គណៈ​រដ្ឋមន្ត្រី​ ហើយ​ស្ដារ​តម្លៃ​ទាប​នៃ​​ឧស្ម័ន​ឥន្ធនៈ LPG​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយក៏​គ្មាន​សញ្ញា​ថា ​បាតុកម្ម​នៅ​ប្រទេស​កាហ្សាក់ស្ថាន​ នឹង​មាន​ភាព​ធូរ​ស្បើយ​នៅ​ពេល​ឆាប់​ៗ​នោះ​ទេ​៕