លោក Emmanuel Macron ត្រូវ​ប្រឈមមុខនឹងការរិះគន់ពីគូ​​ប្រជែងនយោបាយ និងឈុតឆាកក្តៅ​គគុក​នៅ​ក្នុង​សភា​កាលពីថ្ងៃពុធ បន្ទាប់​ពី​​លោក​ព្រ​មាន​​ដល់​ប្រជាជន​បារាំង ដែ​ល​មិនបានចាក់វ៉ាក់​សាំង ​ថា លោក​នឹ​ង​ធ្វើ​ឱ្យ​ជី​វិ​ត​រ​បស់ពួ​​កគេលំបាកតាម ដែល​អា​ច​​ធ្វើ​ទៅ​បាន ដោយ​នឹង​ហាម​ឃាត់​មិន​ឱ្យ​ពួក​គេ​​ចូល​ទៅកា​​ន់​កន្លែ​ង​នា​នា ដូចជាហាងកា​ហ្វេ​ និងភោជនីយដ្ឋាន​។​

ការ​ជ​ជែ​ក​ដេញដោលរបស់សភាដ៏សំខាន់មួយស្តីពីការ​ណែ​​នាំ​អំពី "បណ្ណវ៉ាក់សាំង" ដែល​ត្រូវ​បា​ន​ស្នើ​ឡើ​ង​​ សម្រាប់ការចូលទៅកាន់​តំ​ប​ន់​ដូចជា សារមន្ទីរ និងរថ​ភ្លើងផ្លូវឆ្ងាយ ត្រូ​វបន្តឡើងវិញនៅរសៀល​ថ្ងៃ​ ពុធ។​

ការជជែក​ដេ​ញ​ដោលត្រូ​វបា​នផ្អាកនៅមុន​ម៉ោ​ង ២ ទៀប​ភ្លឺ កា​លពីថ្ងៃពុធ ខណៈ​ដែ​ល​ស​មា​ជិ​ក​សភា បាន​សម្តែង​ការ​ខឹ​ង​ស​ម្បា​នៅ​ឯ​ប​ទសម្ភាសរបស់លោក Macron ដែលក្នុងនោះលោកបាន​និ​យាយ​ថា​ មនុស្ស ៥ លាន​នាក់​ ដែលមិនបាន​ចាក់​វ៉ា​ក់សាំង​គឺ "ជា​បុគ្គល​គ្មានការទទួលខុសត្រូវ​"​ ហើយ​ថា គាត់​ពិ​ត​ជា​ចង់​ "ធ្វើ​ឱ្យ​ជីវិត​របស់​ពួ​ក​គេ​រស់​នៅទាំង​លំបាក​វេទនា​​បំផុត​"។

អ្នក​នាំ​ពា​ក្យ​រដ្ឋាភិបាលបារាំ​ង លោក Gabriel Attal បានព្រមា​ន​ថា ករណី​កូវីដ​នឹង​កើន​ឡើង​ច្រើន​អស្ចារ្យ​នៅ​​បារាំងក្នុងរយៈពេលប៉ុ​​ន្មា​នថ្ងៃ​ខា​ង​មុ​ខ​នេះ​ ហើយការឆ្ល​ងកំពុងឈានដល់កម្រិតខ្ពស់​ក្នុង​​តំបន់ Île-de-France ជុំវិញទីក្រុ​ង​ប៉ា​រី​ស ក៏ដូចជាតំបន់មួយចំនួនទៀតផងដែ​រ។​ .

លោក​បាន​និយាយ​ថា ស្ថានភាព​ក្នុង​មន្ទីរ​ពេទ្យ ​អា​ច​​​នឹង​កាន់តែ​អាក្រក់​នៅ​ប៉ុន្មាន​​ស​ប្តា​ហ៍​ខាង​មុខ។ តួ​យ៉ាង កាល​ពី​ថ្ងៃ​ពុធ ប្រទេស​បារាំង​ បាន​រកឃើញ​ករណី​​​ឆ្លង​ចំនួន ៣៣៥ ០០០ នាក់ ​ក្នុង​រយៈពេល ២៤ ម៉ោងប៉ុណ្ណោះ​។

ទោះ​ជា​យ៉ាងណា រដ្ឋាភិបាល​ ដែល​កំពុង​ពង្រឹ​ង​ច្បា​ប់​បច្ចុ​ប្បន្ន ក៏​កំពុង​ស្វែ​ងរ​ក​វិធី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាជន​ បង្ហាញ​ភ័ស្តុ​តា​ង​នៃការចាក់វ៉ាក់សាំងកូវីដ​ ដើម្បីចូលទៅក្នុងហា​ង​កា​ហ្វេ ភោជនីយដ្ឋាន សារមន្ទីរ និងរោងកុន ឬប្រើប្រាស់រថ​ភ្លើ​ង​ផ្លូ​វឆ្ងាយ។

ភាព​ខ្វែង​គំនិត និងការប៉ះទង្គិចគ្នា​ម្ត​ង​ទៀត​នៅ​ក្នុ​ង​ស​ភា ក៏ដូចជាការស្នើវិសោ​ធ​ន​ក​ម្ម​រា​ប់​រ​យ​ច្បាប់ កំពុង​ធ្វើឱ្យ​​រដ្ឋាភិ​បាល​បារាំង ជួបការលំបាកក្នុងការ​ជំ​រុ​ញ​ច្បា​ប់​នេះ​ឱ្យ​ចប់មុនថ្ងៃផុតកំណត់នៅថ្ងៃទី ​១៥ ខែ​មករា។​

នៅក្នុងបទសម្ភាសជាមួយ​​កាសែត Le Parisien ដែលបានចុះផ្សាយកាលពី​​ថ្ងៃ​ពុធ លោក Macron ប្រធានាធិបតីបារាំង បា​ន​ប្រើកិរិយាស័ព្ទ ដោយចេ​តនា "emmerder" ដែលមកពីពាក្យ ​"merde" ឬ "shit" ហើយ​ត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងប្រទេសបារាំ​ង​ ហើយ​ត្រូ​វ​បាន​ចាត់​ទុក​ថា​ជា​ ពាក្យ​ស្លោក​ប្រមាថ​។ .

លោក Macron បាន​និ​យាយ​ថា៖​ «យើងត្រូវប្រាប់ ​[អ្នកមិនទាន់ចាក់វ៉ាក់សាំង​] ... អ្នកឯង​នឹ​ង​មិ​ន​អាច​ទៅ​ភោជនីយដ្ឋាន​បាន​ទៀ​ត​ទេ អ្នកឯង​នឹងមិនអា​ច​ទៅញ៉ាំកាហ្វេបានទៀតទេ អ្ន​ក​ឯង​ក៏​មិន​អាច​ទៅ​រោ​ង​កុន​បាន​ទៀត​ដែរ​។​ យើងនឹងបន្តធ្វើរឿងនេះរហូត​​ដល់​ទីបញ្ចប់។ នេះ​ជា​យុទ្ធសា​ស្ត្រយើង​»។

លោកបាន​ព​ន្យ​ល់ថា លោកមិ​នអាចបង្ខំប្រជាជនបារាំងឱ្យចាក់វ៉ាក់សាំ​ង​ ឬ ចាប់ពួក​ទាំង​នេះ​ដាក់​ក្នុង​ ពន្ធនា​គារ​ ឬពិន័យនោះទេ​ ប៉ុន្តែលោកនឹង​ធ្វើ​ឱ្យ​​ពួក​គេរស់​នៅទាំង​លំបាក​វេទនា​ ដោយគ្មានវ៉ាក់សាំ​ង​។

យ៉ាងណាមិញនៅក្នុងសភា គណបក្សប្រឆាំងបានរិះគ​ន់ការជ្រើសរើសភាសារប​ស់​លោ​ក Macron ថា​ មិន​ស័​ក្តិ​ស​មស​ម្រា​ប់​ប្រធានាធិបតី និងព្រួយបារម្ភចំពោះការបោះឆ្នោតតា​ម​រ​យៈ​ច្បា​ប់ថ្មី។

លោក Christian Jacob ប្រធានគណបក្សប្រឆាំង ​គណបក្សស្តាំនិយម Les Républicains បាន​ប្រាប់​សភា​ថា៖​ «ប្រធានាធិបតីម្នាក់ មិនអាចនិយាយរឿងបែបនេះបានទេ​… ខ្ញុំពេញចិត្តនឹង​កា​រ​ចាក់​វ៉ា​ក់សាំង ប៉ុន្តែ​ខ្ញុំ​មិ​នអាចគាំទ្រអត្ថបទ ដែល​មានគោលបំណងដាក់ប្រជាជនបា​រាំ​ងនៅក្នុងលាមកនោះទេ»​​។

លោក Damien Abad មកពីគណប​ក្ស​តែ​១ បានរិះគន់អ្វី ដែល​គាត់ហៅថាមិនស័ក្តិសម មិន​ទទួល​ខុស​ត្រូវ​ និងសុន្ទ​រក​ថា ដែលបានគិតទុកជាមុនដែល​​ប​ង្ហា​ញពី "ការមើល​ងាយ​ ដោយ​ចរិត​កូនក្មេង​"។​

គួរបញ្ជាក់ផងដែរថា ប្រជាជន​បារាំង​ជិត ៩២ ភាគរយ​ ដែលមានអាយុចា​ប់ពី ១២ ឆ្នាំឡើ​ងទៅ​ ឥឡូវនេះ​បាន​ទទួល​ថ្នាំ​យ៉ា​ងហោចណា​ស់ ២ ដ​ង​ ដែល​ជា​ល​ទ្ធ​ផល ដែលមិននឹកស្មានដល់នៅ​ក្នុ​ង​ប្រ​ទេស ដែល​ធ្លាប់​តែ​សង្ស័យ​ប្រសិទ្ធភាព​​​វ៉ាក់សាំងច្រើន​បំផុតកាលពី ១​ ឆ្នាំ​មុន​។ នេះបើ​យោ​ង​តា​មការស្ទង់​មតិ។​

យ៉ាងណាមិញ ជនជាតិបារាំ​ង​ប្រ​ហែល ៥​ លាននា​ក់ រួមទាំងមនុស្សពេ​ញ​វ័យ ៤​ លាន​នាក់ មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​សូម្បី​តែ​ ១​ ដូស​នៅឡើយ​​ ខណៈ​វ៉ារ៉្យង់​អូមីក្រុង​ កំពុង​រីក​រាល​ដាល​ខ្លាំង​ពាសពេញ​តំបន់​៕