​កាលពី​ថ្ងៃអាទិត្យ ទី ​៩ មករា​ ប្រធានាធិបតី​ស្រីលង្កា បានស្នើ​សុំឱ្យ​ប្រទេស​ចិន​ធ្វើ​ការរៀបចំ​រចនាសម្ព័ន្ធ​បំណុល​របស់ខ្លួន​ឡើងវិញ និង​ផ្ដល់​ឥណទាន​អនុគ្រោះ​សម្រាប់​ការនាំ​​ចូល​ផលិតផល​សំខាន់ៗ ខណៈពេលដែល​ប្រទេស​ជា​កោះ​នេះ​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​របស់ខ្លួន​។​

​បើតាម​សេចក្ដីថ្លែងការណ៍​របស់​ខុ​ទ្ទកាល័យ​ប្រធានាធិបតី​ហ្គោ​តា​បា​យ៉ា រាជ​ប៉ាក​សា លោក​ប្រធានាធិបតី​រូបនេះ​បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​ចិន​លោក ​វ៉ាង យី ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ក្នុងប្រទេស​ស្រីលង្កាថា ​វា​ជាការ «​ការជួយ​បន្ធូរ​ដ៏​ធំ​បំផុត​សម្រាប់​ប្រ​ទេស​នេះ ប្រសិនបើ​មានការ​យកចិត្ត​ទុកដាក់​ទៅលើ​ការរៀបចំ​រចនាសម្ព័ន្ធ​ការសង​បំណុល​ឡើងវិញ ដែលជា​ដំណោះស្រាយ​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​ដែល​បាន​កើតឡើង​ក្នុងការ​ប្រឈមមុខ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​ ១៩»​។​

​សេចក្ដីថ្លែងការណ៍​ដដែល​នេះ ក៏បាន​​លើកឡើងថា លោក​ រាជ​ប៉ាក​សា ក៏បាន​សួរ​លោក​វ៉ាង​អំពី​ឥណទាន​សម្រាប់​ជួយ​សម្របសម្រួល​ការនាំ​ចូល ​ដើម្បី​អនុញ្ញាតឱ្យ​រោងចក្រ​បន្ត​ដំណើរការ​ដោយ​មិនមាន​ការរអាក់រអួល​។​

​ប្រទេស​ចិន គឺជា​ម្ចាស់បំណុល​ធំ​​បំផុត​របស់​ប្រទេស​ស្រីលង្កា ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​វ៉ាង យី បានកើត​ឡើង​ចំពេល​ដែលមាន​ការ​ព្រួយបារម្ភ​ថា ​រដ្ឋាភិបាល​របស់លោក ​រាជ​ប៉ាក​សា អាច​ដួលរលំ​ដោយសារ​ការ​ក្ស័យធន​មិនអាច​សងបំណុល​។​

​សេដ្ឋកិច្ចដែល​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​វិស័យ​ទេសចរណ៍ របស់​កោះ​នេះ បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ខណៈពេលដែល​មូលនិធិ​រូបិយប័ណ្ណ​បម្រុង​របស់​ធនាគារកណ្ដាល​ស្រីលង្កា ​គឺ​ជិត​អស់​ទៅហើយ ធ្វើឱ្យមាន​កង្វះ​ម្ហូបអាហារ និង​ផលិតផល​ចាំ​​បាច់​ដែល​ត្រូវ​នាំចូល​ពី​បរទេស​។

​កាលពី​សប្ដាហ៍​មុន​មូលនិធិ​រូបិយប័ណ្ណ​បម្រុង​របស់​ស្រី លង្កា​បាន​ធ្លាក់​ដល់ ១,៥ ពាន់​លាន​ដុល្លារ ដែល​មិន​គ្រប់​សម្រាប់​ទ្រទ្រង់​ការ​នាំចូល​សម្រាប់​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​។ កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន អាជ្ញាធរ​អគ្គិសនី​ប្រទេស​នេះ បានដាក់​កម្រិត​លើ​ការប្រើប្រាស់ បន្ទាប់ពី​ខ្លួន​មាន​កង្វះ​រូបិយប័ណ្ណ​បរទេស​ដើម្បី​នាំចូល​ប្រេង​ពី​បរទេស​។

​បន្ថែម​ពីលើ​នេះ​ទៅទៀត សម្រាប់​ឆ្នាំ ​២០២២ ស្រីលង្កា​មាន​កាតព្វកិច្ច​សងបំណុល​បរទេស​រហូត​ទៅដល់ ៧ ​ពាន់​លាន​ដុល្លារ ដែល​រួម​មានការ​​សង​ដើម​មូល​ប​ត្រ​បំណុល​ជាង ៥០០ លាន​ដុល្លារ​នៅ​ខែមករា និង​ជាង ១ ​ពាន់​លាន​ដុល្លារ​នៅ​ខែកក្កដា​។​

​រដ្ឋាភិបាល​ស្រីលង្កា បាន​ខ្ចី​បំណុល​យ៉ាងច្រើន​ពី​ប្រទេស​ចិន ដើម្បី​សាងសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ មួយចំនួន ប៉ុន្តែ​ក្រុម​អ្នក​រិះគន់ បាន​និយាយថា រដ្ឋាភិបាលបាន​ធ្វេសប្រហែស​ក្នុងការ​ចំណាយ​ប្រាក់​ទាំងនេះ​ទៅលើ​គម្រោង​មិនចាំបាច់ ដែល​មិនបាន​ជួយ​បង្កើន​ចំណូល​របស់​រដ្ឋាភិបាល​។ កាលពី​ឆ្នាំ ​២០១៧ ដោយ​មិនអាច​សងបំណុល ១,៤ ពាន់​លាន ដែល​ត្រូវបាន​ខ្ចី​សម្រាប់​សាងសង់​កំពង់ផែ​មួយ រដ្ឋាភិបាល​ស្រីលង្កា​បានសម្រេច​ធ្វើការ​ស​ម្ប​ទាន​កំពង់ផែ​នោះ​ ទៅឱ្យ​ក្រុមហ៊ុន​ចិន​។​

​យ៉ាងណាមិញ​ស្ថានភាព​បច្ចុប្បន្ននេះ បានធ្វើឱ្យ​គ្រួសារ​ប្រជាពលរដ្ឋ​ស្រីលង្កា​ជួប​ការខ្វះខាត​យ៉ាងខ្លាំង​។ ពលរដ្ឋ​រង់ចាំ​ជា​ជួរ​យ៉ាងយូរ​ដើម្បី ទិញ​ទំនិញ​សំខាន់ៗ ដូចជា​ម្សៅ​ទឹកដោះ​គោ ហ្គាស និង​ប្រេងកាត​។ តម្លៃ​បាន​កើនឡើង​យ៉ាងខ្លាំង ហើយ​ធនាគារកណ្ដាលបាន​និយាយថា អត្រា​អតិផរណា​បាន​កើន​ឡើងដល់ ១២,១​ ភាគរយ នៅ​ចុងខែ​ធ្នូ ដែល​កើន​ពី ៩,៩ ​ភាគរយ ក្នុង​ខែវិច្ឆិកា​។ អតិផរណា​តម្លៃ​ម្ហូបអាហារ​បានកើនឡើង​ដល់​ជាង ២២ ​ភាគរយ ក្នុង​រយៈពេល​ដូចគ្នានេះ​៕

វីដេអូ៖