​កាលពី​ថ្ងៃ​អង្គារ ទី ​១១ មករា កូរ៉េខាងជើង​ហាក់ដូច​ជា​បានធ្វើ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ជា​លើក​ទី​២ ​ក្នុង​រយៈពេល​មិន​ដល់ ១ ​សប្ដាហ៍ ធ្វើឱ្យ​មានការ​ថ្កោលទោស​ពី​កូរ៉េ​ខាងត្បូង និង​ជប៉ុន ដែល​បាន​និយាយថា ការបាញ់​សាកល្បង​ម្ដង​ហើយ​ម្ដងទៀត​នឹង​ប្រថុយ​បង្ក​អស្ថិរភាព​ក្នុង​តំបន់​។​

​គណៈ​សេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​ (JCS) បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ការបាញ់​សាកល្បង​ត្រូវបាន​ប្រព័ន្ធ​តាមដាន​រកឃើញ​នៅ​ម៉ោង ៧:២៧​ ព្រឹក ដែល​បាន​ហោះ​ចេញពី​ផ្ទៃក្នុង​នៃ​កូរ៉េខាងជើង​ទៅកាន់​សមុទ្រ​នៅ​ខាងកើត​ប្រទេស​។​

​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​កូរ៉េ​ខាងត្បូង បានរៀបចំ​កិច្ចប្រជុំ​បន្ទាន់ ហើយ​បាន​ជំរុញ​កូរ៉េខាងជើង​ឱ្យ​ «​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ចំពោះ​ការរំពឹងទុក​របស់​ស​ហគ​មន៍​អន្តរជាតិ​សម្រាប់​សន្តិភាព និង​ស្ថិរភាព​នៅលើ​ឧបទ្វីប​កូរ៉េ ហើយ​យល់ព្រម​បន្ត​កិច្ចសន្ទនា និង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការឡើង​វិញ​»​។​

​ការសាកល្បង​នេះ បានកើត​​ឡើង​បន្ទាប់ពី​កូរ៉េខាងជើង បាន​អះ​​អាង​ថា ខ្លួន​បាន​សាកល្បង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​កាលពី​ថ្ងៃ​ពុធ សប្ដាហ៍​មុន បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ​បាន​ប្ដេជ្ញា​ធ្វើការ​ពង្រឹងសមត្ថភាព​យោ​​ធា​របស់ខ្លួន ខណៈពេលដែល​ការ​​ចរចា​ជាមួយ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ជាប់គាំង​៕ ​

វីដេអូ៖